សុភាសិត
ការជួបគ្នាជាកំណើតនៃការព្រាត់ប្រាស់ ។
មនុស្សលោកច្រើនលើកដៃវាយគេ ហើយកម្រលើកដៃសំពះសុំទោសគេណាស់ ។
ត្រូវការចេះដឹងធ្វើអ្វី បើអ្នកចេះដឹងសម្រាប់តែខ្លួនអ្នកប៉ុណ្ណោះ ។
ជីវភាពទំនេរគឺជាការស្លាប់មុនអាយុអស់ ។
ការជួបគ្នាជាកំណើតនៃការព្រាត់ប្រាស់ ។
មនុស្សលោកច្រើនលើកដៃវាយគេ ហើយកម្រលើកដៃសំពះសុំទោសគេណាស់ ។
ត្រូវការចេះដឹងធ្វើអ្វី បើអ្នកចេះដឹងសម្រាប់តែខ្លួនអ្នកប៉ុណ្ណោះ ។
ជីវភាពទំនេរគឺជាការស្លាប់មុនអាយុអស់ ។
សម័យមួយសិរីសួស្ដី និង អព្វមង្គលជួបនិយាយគ្នា អព្វមង្គលសួរទៅសិរីសួស្ដីថា "លោកមានរិទ្ធអំណាចដូចម្ដេចខ្លះ ?" ។ សិរីសួស្ដីប្រាប់ទៅអព្វមង្គលថា "រិទ្ធអំណាចអញជាសិរីសួស្ដីនេះខ្លាំងពូកែណាស់ សូម្បីតែមនុស្សខ្ញុំគេ គេស្អប់គេមិនមេត្តា តែអញទៅស្ថិតកាលណាឲ្យអ្នកខ្លះស្នេហា ទំនុកបម្រុងទាល់តែបានរាជសម្បត្តិ" ។
ឯសិរីសួស្ដីសួរទៅអព្វមង្គលថា "រិទ្ធអំណាចឯងដូចម្ដេចខ្លះ ?" ។ អព្វមង្គលឆ្លើយថា "រិទ្ធអំណាចខ្ញុំនេះ បើស្ថិតនៅឈ្មោះណាបណ្ដាលឲ្យគេស្អប់គេខឹង ខូចខាតសម្បត្តិទ្រព្យវិនាសអន្តរាយ សូម្បីតែបានរាជសម្បត្តិហើយ ក៏គង់ថ្លោះធ្លោយធ្លាក់ខ្លួនទៅជាខ្ញុំគេបាន" ។ អព្វមង្គលចង់ដឹងរិទ្ធិសិរីសួស្ដីក៏ប្រាប់ថា "ខ្ញុំឃើញខ្ញុំសេដ្ឋីម្នាក់ឈ្មោះ អាតុល សេដ្ឋីប្រើឲ្យឃ្វាលគោក្របី សព្វថ្ងៃនេះសេដ្ឋីខឹងនឹងអាតុលជេរវាយតែសព្វថ្ងៃថា ពុំមើលថែរក្សាក្របីឲ្យស្គមអស់ ខ្ញុំចង់ឲ្យលោកសិរិសួស្ដីទៅ សណ្ឋិតនៅអាតុលខ្ញុំសេដ្ឋីនោះ បើវាបានរាជសម្បត្តិខ្ញុំក៏ជឿថាលោកមានរិទ្ធិ ខ្លាំងពូកែប្រាកដមែន" ។ សិរីសួស្ដីប្រាប់ទៅអព្វមង្គលវិញថា "ឯងចាំមកគន់មើលចុះ ថ្ងៃស្អែកនេះអញចូលទៅស្ថិតលើរូបអាតុលខ្ញុំសេដ្ឋីហើយ តែអញចូលទៅនៅកាលណាយូរបន្តិចទៅមុខជាអាតុលខ្ញុំសេដ្ឋីនោះ វាបានសោយរាជសម្បត្តិមិនខាន" ។
លុះព្រឹកឡើងដល់ពេលអាតុលបញ្ចេញគោក្របី អំពីក្រោលយកទៅឃ្វាល នោះសិរីសួស្ដីចូលទៅស្ថិតនៅរូបអាតុលៗ ក៏រីករាយសប្បាយក្នុងចិត្តប្លែកពីថ្ងៃមុន ។ ដល់ពេលល្ងាចកៀងគោក្របីត្រឡប់មកបញ្ចូលក្រោលនៅផ្ទះវិញ ។ សេដ្ឋីទាំងប្ដីប្រពន្ធឈរមើលគោក្របីត្រឡប់មកបញ្ចូលក្រោលឃើញអាតុលរាំងទ្វារ ក្រោលគោក្របីជាប់ហើយ ទើបឡើងទៅអង្គុយលើផ្ទះសេដ្ឋីជាចៅហ្វាយនៅកន្លែងខ្លួនដូចសព្វដង ។ សេដ្ឋីទាំងប្ដីប្រពន្ធកាលឃើញអាតុលហើយ ក៏នឹកក្នុងចិត្តអាណិតថា "ឪអាតុលអើយ!កាលឃើញអាតុលទៅឃ្វាលក្របី អត់បាយទល់ល្ងាចទើបបានបាយបរិភោគម្ល៉េះសមវាឃ្លានយ៉ាងណាទៅ ?" គិតហើយក៏ដាស់តឿនខ្ញុំកំដរស្រីៗឲ្យដួសបាយស៊ីរាល់គ្នា ។ ខ្ញុំស្រីក៏ដួសភោជហារណាដែលមានឪជារសយកទៅដាក់ជូនសេដ្ឋី ហើយប្រជុំគ្នាបរិភោគ ។ សេដ្ឋីប្ដីប្រពន្ធហៅអាតុលមកជិតចាប់ម្ហូបដែលមានឪជារស ឲ្យបរិភោគៗរួចសេដ្ឋីប្ដីប្រពន្ធគន់មើលកិរិយាឫកពារអាតុលនោះរកទាស់ចិត្តត្រង់ណាគ្មាន ។ បណ្ដាជនទាំងស្រីប្រុស តែបានឃើញរូបអាតុលកាលណា ក៏មានចិត្តស្នេហា មេត្តពន់ប្រមាណ ។ ឯសេដ្ឋីប្ដីប្រពន្ធជាចៅហ្វាយអាតុលនោះនិយាយគិតគ្នាថា "យើងសព្វថ្ងៃនេះឥតកូន ទ្រព្យសម្បត្តិក៏មានច្រើន អំណឹះតទៅ បើឥតពីយើង ទ្រព្យសម្បត្តិនឹងអន្តរាយអាសារឥតការ គួរយើងលើកអាតុលឡើងដំកើងធ្វើជាកូន កុំឲ្យវាឃ្វាលគោក្របី ត្បិតអាតុលនេះសាច់ឈាមឫកពារ ល្អណាស់ ល្មមសមគួរជាកូនយើងបាន" ។
ដល់ពេលល្ងាចអាតុលត្រឡប់មកពីឃ្វាលគោក្របីវិញ សេដ្ឋីទាំងប្ដីប្រពន្ធ ឃើញអាតុលរឹតតែស្នេហាពន់ពេក ក៏ហៅឲ្យបិរភោគបាយជាមួយ មិនឲ្យឃ្លាតឆ្ងាយពីខ្លួន គោក្របីមិនឲ្យឃ្វាលពីថ្ងៃនោះតទៅ ។
សេដ្ឋីទាំងប្ដីប្រពន្ធយកសំលៀកបំពាក់ គ្រឿងមាសប្រាក់មកតុបតែង ឲ្យអាតុលហើយប្រាប់ថា "ពីថ្ងៃនេះទៅអញទុកឯងជាកូន ទ្រព្យសម្បត្តិទាំប៉ុន្មាន អំណឹះតទៅ នៅលើដៃកូនឯងទាំងអស់" ។ អាតុលក៏រីករាយសប្បាយចិត្តជាទីបំផុត ។
លុះអាតុលចម្រើនអាយុ ពេញរូបរាងឡើង ដោយអំណាចសិរីសួស្ដី រឹងរិតតែល្អរកបុរសឯណានឹងមកប្រៀបផ្ទឹមស្មើពុំបាន ។
សេដ្ឋីតែងចូលគាល់ព្រះមហាក្សត្រព្រឹកល្ងាច ពុំដែលលោះខានក៏នាំយកអាតុលជាកូនទៅគាល់ផង ។ ព្រះរាជាមានបុត្រីតែមួយ ព្រះអង្គស្ដេចចេញប្រថាប់នៅក្រឡាព្រះគំនាល់ ព្រះរាជបុត្រីក៏ដិតដោយក្រោយព្រះអង្គមក ។ កាលមហាសេដ្ឋីនាំកូនចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រធ្មៀងព្រះនេត្រឃើញសេដ្ឋីនិងកូនអង្គុយគាល់ទន្ទឹមគ្នា ទ្រង់ត្រាសសួរថា "កូនសេដ្ឋីឬ ?" សេដ្ឋីទូលថា "កូនទូលព្រះបង្គំជាខ្ញុំ" ។ ស្ដេចទ្រង់សសើរថា "កូនសេដ្ឋីមានរូបមានឫកល្អណាស់" ។ ព្រះរាជបុត្រីក៏នឹកក្នុងព្រះទ័យថា "កូនសេដ្ឋីនេះមានលម្អរនឹងរកបុរសណាមកផ្ទឹមពុំបាន ធ្វើម្ដេចនឹងបានជាស្វាមីអញ ?" ។
ដល់ពេលគួរ ស្ដេចនិងរាជបុត្រីនោះយាងចូលទៅខាងក្នុងវិញ សេដ្ឋីក្រាបថ្វាយបង្គំលានាំកូនត្រឡប់មកផ្ទះ ដល់ផ្ទះកូននិយាយនឹងសេដ្ឋីថា "សូមលោកឳលោកម៉ែមេត្តាកូន ទៅដណ្ដឹងព្រះរាជបុត្រីស្ដេចឲ្យខ្ញុំត្បិតកាលខ្ញុំចូលគាល់ជាមួយលោកឳពុក នោះខ្ញុំបានឃើញច្បាស់ ព្រះរាជបុត្រីនោះល្អណាស់ បើមិនដណ្ដឹងឲ្យខ្ញុំទេ ខ្ញុំមុខជាស្លាប់មិនខាន" សេដ្ឋីប្ដីប្រពន្ធដោយស្នេហាកូនពេក ក៏ប្រថុយខ្លួនរៀបតុមាសប្រាក់ដាក់គ្រឿងបណ្ណការជាដង្វាយ សុទ្ធតែពេជ្រពេញពាសច្រើនតុ ។ លុះព្រឹកឡើងនាំដង្វាយនោះទៅរៀបចំក្នុងទីព្រះរាជរោង ។ ព្រះមហាក្សត្រស្ដេចចេញមកឲ្យនាហ្មឺនធំតូចគាល់ នៅជិតគ្រឿងបណ្ណាការដង្វាយនោះ ស្ដេចត្រាស់សួរថា "សេដ្ឋីដង្វាយនេះប្លែកណាស់ មានការអ្វី ?" ។ សេដ្ឋីប្ដីប្រពន្ធក្រាបបង្គំទូលថា "សូមព្រះតេជះតម្កល់លើត្បូង សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ សូមទ្រង់ប្រោសព្រះរាជទានព្រះរាជបុត្រីផ្សំនឹងកូនប្រុសទូលព្រះបង្គំជាខ្ញុំ" ។ ស្ដេចទ្រង់ជ្រាប ទ្រង់ព្រះរាជានុញ្ញាត ទ្រង់ចាត់មុខក្រសួងឲ្យរៀបព្រះរាជពិធីសមរម្យ ហោរាថ្វាយឫក្ស ទ្រង់ផ្សំព្រះរាជបុត្រីនិងកូនសេដ្ឋី ហើយផ្ទេទាំងរាជ្យសម្បត្តិឲ្យគ្រប់គ្រងផង ។
ស្ដេចតុលនិងព្រះនាងមហេសី លុះបានរាជសម្បត្តិហើយ ក៏បានប្រកបដោយសេចក្ដីសុខឥតទុក្ខា មហាប្រសើររៀងទៅ ។
និយាយពីរឿងអព្វមង្គលវិញ កាលជួបនិងសិរីសួស្ដីក៏សួរថា "លោកសិរីសួស្ដីខ្ញុំជឿហើយ ឃើញថាលោកមានរិទ្ធិជួយស្ដេចតុលឲ្យបានរាជសម្បត្តិមែន ដូច្នេះលោកមើលរិទ្ធិខ្ញុំម្ដង សូមលោកលែងសណ្ឋិតរូបស្ដេចតុលទៅ" ។ សិរីសួស្ដីក៏ថយចេញពីរូបស្ដេចតុលៗចេះតែមួម៉ៅក្ដៅក្រហាយ ព្រះនាងមហេសី ស្រីបរិវាក៏ពុំសូវយកចិត្តទុកដាក់គោរពប្រណិបត្តិ បណ្ដាលចិត្តឲ្យខឹងស្អប់ស្ដេចតុល អស់លោកចតុស្ដម្ភទាំងប៉ុន្មាន ក៏ពុំសូវចូលចិត្ត គិតចង់ឲ្យព្រះរាជបិតាក្មេកយករាជសម្បត្តិវិញ ។
ចំណែកស្ដេចតុលចេះតែក្ដៅក្រហាយ អន្ទះអន្ទែងចង់ទៅក្រសាលទីទំនាបមាត់បឹងក្រៃពេក ក៏នាំព្រះនាងមហេសីស្រីបរវាចេញទៅក្រសាល លុះទៅដល់ក៏ចាត់ឲ្យធ្វើព្រះពន្លាស្នាក់ក្រសាល ។ ទីមាត់បឹងនោះឮតែសព្ទត្រដោកក្របី ស្ដេចតុលក៏ភ្នកនឹកអាណិតខ្លួនកាលនៅជាខ្ញុំមហាសេដ្ខីដែលគេប្រើឲ្យឃ្វាលក្របីហើយទ្រង់ព្រះកន្សែងខ្សឹកខ្សួល ។ ព្រះនាងមហេសីសួរថា "ម្ចាស់បងហេតុអ្វីក៏ទ្រង់ខ្សឹកខ្សួលម្ល៉េះ ?" ស្ដេចតុលប្រាប់ព្រះនាងមហេសីតាមត្រង់ថា "លាក់បាំងអីអ្នកអូនអើយ ខ្លួនបងនេះមិនមែនជាកូនសេដ្ឋីទេ ពីដើមបងជាខ្ញុំសេដ្ឋីៗគេប្រើឲ្យឃ្វាលគោក្របី ឥឡូវឮត្រដោកក្របី បងនឹកស្រងេះស្រងោចអាណិតខ្លួនបានជាបងយំ" ។ ព្រះនាងមហេសីបានឮហើយ ក៏នឹកទោមនស្សក្នុងព្រះទ័យជាពន់ពេកថា "ឪព្រះបិតា ពុំគួរផ្សំផ្គុំកូនផ្ទេរទាំងរាជសម្បត្តិឲ្យទៅខ្ញុំគេសោះ" ខ្ញាល់ហើយក៏នាំស្ដេចតុល និងស្រីបរវាដែលទៅតាមហែទាំងប៉ុន្មាន ត្រឡប់ចូលព្រះរាជវាំងវិញ ចូលក្រាបទូលព្រះវររាជបិតាមាតាវិញ តាមរឿងដែលស្ដេចតុលយំគ្រប់ការ ។ សម្ដេចវរបិតាទ្រង់ជ្រាបហើយ ទ្រង់ព្រះក្រោធពន់ប្រមាណ ទ្រង់ត្រាស់ឲ្យសេដ្ឋីទាំងប្ដីប្រពន្ធមកដៀលត្មះជាទម្ងន់ ហើយប្រគល់ស្ដេចតុលឲ្យទៅសេដ្ឋីប្ដីប្រពន្ធនាំយកទៅផ្ទះវិញ ។
ឯរាជសម្បត្តិស្ដេចទ្រង់គ្រប់គ្រងវិញ ។ សេដ្ឋីប្ដីប្រពន្ធនាំអាតុលទៅដល់ផ្ទះ ហើយជេរវាយត្មិះតិះដៀលលែងរាប់អានជាកូន ឲ្យអាតុលឃ្វាលគោក្របីទុកជាខ្ញុំដូចដើម ។
មាយាទថ្លៃឲ្យយក មាយាទថោកឲ្យវៀរ
ប្រជុំរឿងព្រេង ភាគ១
លោក អ្នកអានទាំងឡាយ! ល្ងាចថ្ងៃមួយ ខណៈកំពុងដើរនៅកណ្ដាលព្រៃ ខ្ញុំបានឮសម្លេងទ្រហោយំទួញរៀបរាប់ចេញមកពីក្នុងព្រៃ ទើបឈប់ឈរស្ដាប់ដោយយកចិត្តទុកដាក់សម្លេងនោះ ជាសម្លេងរបស់ស្ត្រី ឮមកយ៉ាងគួរខ្លោចផ្សាពីព្រៃខាងៗផ្លូវ ធ្វើឲ្យសេចក្ដីមេត្តាករុណា កើតឡើងក្នុងចិត្តរបស់ខ្ញុំភ្លាម ព្រះពុទ្ធជាម្ចាស់ប្រៀនប្រដៅឲ្យមានសេចក្ដីមេត្តាករុណាអាណិតអ្នកដទៃ និងរកផ្លូវជួយអ្នកដទៃ បើល្មមនិងជួយបានគិតដល់ព្រះពុទ្ធវចនៈត្រង់នេះហើយ ទើបកាត់ចិត្តដើររុកព្រៃតម្រង់ទៅត្រង់សម្លេងនោះ ។
ភាពដែលនៅខាងមុខខ្ញុំ គឺស្ត្រីជរាម្នាក់កំពុងអង្គុយយំទួញនៅជិតគំនរភ្លើងធំ ខ្ញុំអាចកាត់ស្មានបានភ្លាមថា គាត់កំពុងយំរឭកនឹកដល់បុគ្គលជាទីស្រលាញ់ណាម្នាក់ដែលស្លាប់ទៅ និងពេលនេះកំពុងត្រូវភ្លើងឆេះនៅលើជើងថ្ករ "អ្នកមីង ! អ្នកមីងកំពុងយំរឭកដល់នរណា ?" ។
គាត់ងើបមុសដ៏ទទឹកជោគដោយទឹកភ្លែកសម្លឹងមើលមុខខ្ញុំ ហើយឆ្លើយទាំងខ្សឹកខ្សួលថា "ខ្ញុំកំពុងយំរឭកដល់កូន ខ្ញុំមានកូនប្រុសតែម្នាក់ គេក៏ស្លាប់ចោលខ្ញុំទៅ កូនអើយ!កូនមិនអាណិតម៉ែខ្លះឡើយ" ឆ្លើយប្រាប់ខ្ញុំបានប៉ុណ្ណេះស្ត្រីជរាក៏យំរៀបរាប់តទៅដោយសម្លេងខ្លាំងជាងមុន ខ្ញុំបណ្ដោយឲ្យគាត់យំទាល់តែឃើញថាគាត់ហត់នឿយ ល្វើយ សម្លេងខ្សាវស្អកហើយ ទើបខ្ញុំផ្ដើមសម្ដែងធម៌លួងលោមគាត់ដោយឧបាយ ។
"អ្នកមីង!អាត្មានឹងនិយាយរឿងចម្លែកមួយឲ្យស្ដាប់ បើអ្នកមីងចង់ស្ដាប់ អាត្មាជឿថា កាលបានស្ដាប់ហើយ ជួនកាលអ្នកមីងអាចនឹងសប្បាយចិត្តឡើងខ្លះ" ។
"ព្រះគុណជាម្ចាស់ និយាយអ្វីក៏និយាយមកចុះ" ស្រីជរាឆ្លើយដោយមិនសូវជាយកចិត្តទុកដាក់ នៅតែខ្សឹកខ្សួលអង្គុយមើលកងភ្លើង ដោយដួងភ្នែកទទឹកជោគដោយទឹកភ្នែក ខ្ញុំទើបនិយាយរឿងដែលខ្ញុំគិតឃើញឡើងបានក្នុងខណៈនោះថា "ពីម្សិសម៉ិញ ពេលដែលធ្វើដំណើរមកដល់ឆ្នេរទន្លេគង្គា អាត្មាបានជួបស្ត្រីម្នាក់កំពុងឈរយំ ខ្សឹកខ្សួលនៅលើឆ្នេរទន្លេគង្គា ដូចជាអ្នកមីងកំពុងយំក្នុងពេលឥឡូវនេះដែរ អាត្មាបានចូលទៅសួរនាងថា យំធ្វើអ្វី ? នាងឆ្លើយថានាងបានមកឈរនៅច្រាំងទន្លេនេះតាំងតែពីព្រឹក ខំហាមប្រាបទឹកទន្លេមិនឲ្យហូរទៅក្រោម នាងបានលួងលោមអង្វរដោយពាក្យផ្អែមល្ហែមខ្លះ កំហែងគម្រាមខ្លះ ជេរប្រទេចខ្លះ តែទឹកក៏មិនស្ដាប់សម្លេងរបស់នាង ចេះតែហូរទៅមិនឈប់ឈរតាមនាទីរបស់ខ្លួន នាងខូចចិត្តត្បិតហាមទឹកមិនស្ដាប់ ទើបឈរយំកន្ទក់កន្ទេញ អ្នកមីង!បើអ្នកមីងបានជួបស្ត្រីនោះដូចអាត្មា តើអ្នកមីងគិតថាស្ត្រីនោះជាមនុស្សឆ្កួតឬមនុស្សមានស្មារតីល្អ ?"
"ក៏ឆ្កួតនោះឯង ព្រះគុណម្ចាស់" ស្ត្រីចាស់ឆ្លើយ "វាដែលមានពីណា ទឹកហូរតាមធម្មតាប្រក្រតីរបស់វា នឹងទៅហាមឲ្យវាឈប់ហូរបានដូចម្ដេចកើត បើហាមវាមិនស្ដាប់ ហើយយំខូចចិត្តក៏ជាមនុស្សឆ្កួតពិតៗនោះឯង" ។
កាលយាយគាត់បង្ហើបផ្លូវដូច្នេះ ខ្ញុំក៏ផ្ដើមលុកចូលភ្លាម "បើស្ត្រីនោះឆ្កួត អ្នកមីងក៏ឆ្កួតដូចគ្នាដែរ"
"ខ្ញុំឆ្កួតយ៉ាងម៉េច ?" ស្ត្រីចាស់បែរមកសួរខ្ញុំដោយសេចក្ដីមិនពេញចិត្តភ្លាម ។
"ឈប់សិន កុំទាន់ខឹង ស្ដាប់ហេតុផលរបស់អាត្មាសិន មនុស្សយើងគ្រប់គ្នា កើតមកហើយត្រូវស្លាប់មិនមាននរណាហាមសេចក្ដីស្លាប់បាន ព្រោះជាធម្មតារបស់សត្វ ពូជនិងរបស់ទាំងពួង កាលកើតឡើងមកហើយ ត្រូវប្រែប្រួលសាបសូន្យទៅ មិនមានធម្មជាតិណានៅគង់វង្សរហូតទេ កើតមកហើយក៏ស្លាប់ទៅតាមធម្មតារបស់វា ដូចខ្សែទឹកហូរក្នុងទន្លេគង្គាដែលហូរទៅមិនឈប់ឈរ កូនប្រុសរបស់អ្នកមីងកើតមកហើយ ក៏ស្លាប់ទៅតាមធម្មតារបស់គេ អ្នកមីងមិនចង់ឲ្យគេស្លាប់ ព្រោះសេចក្ដីស្រឡាញ់គេ ចង់ឲ្យគេនៅនឹងអ្នកមីងរហូតទៅ តែកាលគេមិននៅនឹងអ្នកមីង គេស្លាប់ចោលទៅ អ្នកមីងក៏យំកន្ទក់កន្ទេញកាលបើដូច្នេះ អ្នកមីងក៏មិនខុសប្លែកពីស្ត្រីដែលហាមប្រាមទឹកក្នុងទន្លេគង្គាមិនឲ្យហូរ កាលមិនសម្រេចតាមបំណង ក៏ខូចចិត្តទួញយំ ដូច្នោះអាត្មាទើបពោលថា មីងឆ្កួតដូចស្ត្រីនោះដែរ" ។
ហេតុផលរបស់ខ្ញុំ ធ្វើឲ្យស្ត្រីជរាឈប់យំ គាត់អង្គុយឈ្ងោកមុខនៅស្ងៀមដោយប្រើគំនិត តែក៏នៅសឹករង៉ឹកខ្សឹកខ្សួលម្ដងៗ "ញោមស្រី!" ខ្ញុំពោលទៅ "មនុស្សយើងជាសត្វមានហេតុផល នឹងធ្វើអ្វីទៅគួរគិតឲ្យល្អជាមុនថា អំពើនោះអាចឲ្យប្រយោជន៍ឬសេចក្ដីសុខដល់ខ្លួននិងមនុស្សដទៃឬទេ បើឃើញថាធ្វើទៅហើយគ្មានប្រហោជន៍ក៏មិនគួរធ្វើ ការយំទួញកន្ទក់កន្ទេញដល់កូនដែលស្លាប់ទៅហើយនេះ ញោមស្រីបានប្រយោជន៍អ្វីខ្លះ ? អាត្មាមិនឃើញញោមបានអ្វីមកឡើយ ទោះញោមស្រីយំឲ្យទាល់តែទឹកភ្នែកក្លាយជាឈាម កូនប្រុសរបស់ញោមក៏មិនត្រឡប់រស់ឡើងវិញដែរ មិនមាននរណាយកមាសពេជ្រកែវកងមកឲ្យញោម ព្រោះការយំទួញនេះ ញោមត្រូវខូចទឹកភ្នែក ខូចកម្លាំងចិត្ត ខូចសុខភាព អនាម័យ ការយំទួញមានតែផ្លូវខូចខាតតែម្យ៉ាង មិនមានផ្លូវបានឡើយ ជាអំពើដែលគ្មានបានអ្វីទាំងអស់ មនុស្សយើង បើធ្វើអ្វីៗប្រាសចាកប្រយោជន៍ដូច្នេះ នឹងឈ្មោះថាជាសត្វមានហេតុផល មានវិចារណញ្ញាណយ៉ាងណាបាន!" ។
"មែនព្រះគុណម្ចាស់" ស្ត្រីជរានិយាយឡើងដោយសម្លេងដែលផ្ដើបច្បាស់លាស់ជាប្រក្រតី "ពាក្យនិយាយរបស់ព្រះគុណម្ចាស់ ជួយបន្ធូរបន្ថយសេចក្ដីទុក្ខសោកក្នុងចិត្តរបស់ខ្ញុំបានច្រើន ជាព្រះគុណូបបការៈយ៉ាងក្រៃលែងដែលព្រះគុណជួយឲ្យពន្លឺស្វាងដល់ខ្ញុំ តែសម្រាប់កូនប្រុសម្នាក់នេះ ខ្ញុំស្រឡាញ់វាណាស់ កាលវាស្លាប់ទៅ ទើបហួសវិស័យនឹងហាមប្រាមសេចក្ដីសោកទុក្ខបាន"
"ញោមស្រី ព្រះពុទ្ធជាម្ចាស់ត្រាស់ថា សេចក្ដីសោករមែងកើតពីសេចក្ដីស្រលាញ់ ដែលមិនសមបំណង ស្រលាញ់ច្រើនក៏សោកច្រើន ស្រលាញ់តិចក៏សោកតិច បើមិនស្រលាញសោះ ក៏មិនសោកសោះ កូនអ្នកដទៃៗស្លាប់មួយថ្ងៃៗច្រើនៗនាក់ ញោមស្រីក៏នៅព្រងើយៗព្រោះញោមស្រីគ្មានសេចក្ដីស្រលាញ់នោះឯង បើញាតិឆ្ងាយៗរបស់ញោមស្លាប់ ញោមក៏កើតទុក្ខខ្លះព្រោះមានសេចក្ដីស្រលាញ់គេខ្លះ កាលកូនប្រុសរបស់ញោមស្លាប់ញោមកើតទុក្ខសោកសៅយ៉ាងខ្លាំងបំផុត ព្រោះញោមស្រលាញ់គេយ៉ាងច្រើនបំផុត ព្រោះដូច្នោះ ព្រះអង្គទើបបង្រៀនប្រដៅមិនឲ្យប្រកាន់មាំក្នុងរបស់អ្វីឲ្យច្រើនកើនពេកមិនឲ្យស្រលាញ់រហូតវង្វេង មិនឲ្យតាំងសេចក្ដីសង្ឃឹងពិតស្អិតជាប់ក្នុងរបស់ណា ព្រោះកាលខុសបំណងក៏មិននាំឲ្យកើតទុក្ខ ញោមនឹងតាំងចិត្តគិតសង្ឃឹមទៅក៏បាន តែត្រូវត្រៀមខ្លួនឲ្យសព្វគ្រប់ទុកសម្រាប់តទល់នឹងផលទាំងពីរយ៉ាងរបស់វា គឺសេចក្ដីសមបំណងនិងសេចក្ដីខុសបំណង ការងារគ្រប់យ៉ាងមានគំនិតជាពីរ គឺបានសម្រេចនិងរលំរលាយ កីឡាគ្រប់យ៉ាងមានផលពីរ គឺចាញ់និងឈ្នះ បើស្រលាញការលេងកីឡា យើងត្រូវព្រមទទួលផលពីរយ៉ាង មិនមាននរណាបានទទួលតែរសជាតិផ្អែមល្ហែមតែម្យ៉ាង រហូតមួយជាតិទេ ឬជូរចត់តែម្យ៉ាងរហូតមួយជាតិដែរ ត្រូវបានទទួលផលទាំងពីរយ៉ាងផ្លាស់ប្ដូរគ្នាដរាបទៅ ត្រូវចេះពិចារណាឲ្យឃើញសភាពនៃសេចក្ដីពិតរឿងនេះ ហើយប្រុងប្រៀបខ្លួនទុកឲ្យស្រេច អ្នកមិនប្រុងប្រៀបខ្លួនទុក កាលជួបប្រទះរសផ្អែមល្ហែមរបស់ជីវិតរមែងឆ្កួតចិត្តឡើងជោរ ព្រោះត្រេកត្រអាលសប្បាយ កាលជួបប្រទះរសជូរចត់ ក៏ឆ្កួតទៀតព្រោះខូចចិត្ត ។ អ្នកប្រុងប្រៀបខ្លួនទុករមែងញញឹមជានិច្ច ទាំងក្នុងគ្រាបានសេចក្ដីសុខ ទាំងក្នុងគ្រាជួបទុក្ខ ទាំងក្នុងគ្រាសមបំណងមិនខុសបំណងចិត្តរបស់គេរឹងប៉ឹងដូចថ្មភ្នំហិមាល័យ ដែលមិនញាប់ញ័រ ព្រោះខ្យល់បក់ប្រោកមកពីទិសទាំង ៤"
"ញោមស្រី ធម្មតាមនុស្សយើង កាលស្រលាញ់គ្នា ក៏រមែងធ្វើល្អចំពោះគ្នា កាលស្អប់គ្នា ក៏រមែងប្រទូសរ៉ាយគ្នា ញោមស្រលាញកូនរបស់ញោម និង ប្រាថ្នាល្អចំពោះកូនប្រុសរបស់ញោមមិនមែនឬ ?"
"ពិតមែនហើយ ព្រះគុណម្ចាស់ ខ្ញុំស្រលាញ់គេក្រៃលែងជាងខ្លួនឯងទៅទៀត បើមានវិធីណាដែលអាចធ្វើឲ្យគេមានសេចក្ដីសុខបាន ខ្ញុំនឹងធ្វើឲ្យទាល់តែអស់សមត្ថភាពតែពេលនេះ គេស្លាប់ទៅហើយខ្ញុំនឹងជួយគេបានយ៉ាងណា ?"
"ញោមស្រី មានផ្លូវជួយបានមួយផ្លូវ គឺការឧទ្ទិសកុសលទៅឲ្យគេ ញោមចូរឲ្យទានដល់បដិគ្គហកៈ(អ្នកទទួល) អ្នកមានគុណធម៌ឬតាំងចិត្តរក្សាសីលក្នុងថ្ងៃឧបោសថ ឬធ្វើគុណសេចក្ដីល្អយ៉ាងដទៃៗ ហើយតាំងចិត្តផ្សាយចំណែកបុណ្យទៅឲ្យកូនប្រុសរបស់ញោម កាលគេបានទទួលហើយ ក៏មានសេចក្ដីសុខសមប្រាថ្នារបស់ញោម"
"ព្រះគុណម្ចាស់ដ៏ចម្រើន!ខ្ញុំនៅមិនទាន់យល់ពាក្យនិយាយរបស់ព្រះគុណទេ កូនខ្ញុំស្លាប់ទៅហើយ ទៅនៅទីណាក៏មិនដឹង" ។
"ញោមស្រី អាចមិនដឹងមែន" ខ្ញុំជជែកឡើង "តែកូនប្រុសរបស់ញោមរមែងដឹងជានិច្ចថា ញោមនៅទីណា សន្មតថា ថ្ងៃមួយញោមចេញចាកផ្ទះដោយមិនប្រាប់នរណាដឹងមុន ស្វាមីរបស់ញោម រមែងមិនដឹងថា ញោមទៅនៅទីណាតែញោមខ្លួនឯង ទោះទៅនៅទីណា ឆ្ងាយប៉ុណ្ណា ក៏រមែងដឹងប្រាកដក្នុងចិត្តថា ស្វាមីរបស់ញោមនៅផ្ទះនោះ ភូមិស្រុកនោះ មែនឬមិនមែន ?
ស្ត្រីជរាឆ្លើយរ៉ាប់រ៉ងថាមែន តែក៏នៅសង្ស័យសាកសួរខ្ញុំថា "បើសន្មតថាខ្ញុំត្រូវការនឹងបញ្ជូនផ្ញើអាហារទៅឲ្យកូនប្រុសខ្ញុំ តើត្រូវធ្វើយ៉ាងណា"
"ញោមត្រូវឲ្យអាហារជាទានដល់យាចក ស្មូម ឬសមណព្រាហ្មណ៍ ហើយក៏ឧទ្ទិសចំណែកបុណ្យទៅឲ្យ"
"អេ!" ស្ត្រីជរាបន្លឺឡើងដោយសេចក្ដីសង្ស័យ "កាលខ្ញុំយកអាហារទៅថ្វាយសមណព្រាហ្មណ៍ លោកក៏បរិភោគអស់ទៅ ហើយអាហារនឹងទៅដល់កូនប្រុសខ្ញុំបានយ៉ាងណា ?"
"អាត្មាមិនបាននិយាយថា អាហារនោះនឹងអណ្ដែតទៅកាន់កូនប្រុសរបស់ញោម តាមពិតគ្មានវត្ថុអ្វីទៅកាន់កូនប្រុសរបស់ញោមបាន ព្រោះគេបានចាកចេញពីលោកនេះ ទៅលោកមួយទៀត ដែលជាលោកនៃចិត្ត ជាលោកដែលល្អិតសុខុម ទាល់តែមិនអាចនឹងទទួលវត្ថុគ្រាតៗដុំៗ ដូចអាហាររបស់មនុស្សបាន ព្រោះដូច្នេះ អាហារនិងវត្ថុដទៃៗ មិនអាចនឹងសម្រេចប្រយោជន៍ដល់កូនប្រុសរបស់ញោម ដោយត្រង់បាន ការដែលអាត្មាណែនាំឲ្យញោមយកអាហារទៅថ្វាយសមណៈ ក៏ដើម្បីឲ្យអាហារគ្រោតគ្រាតនោះក្លាយទៅជារបស់ល្អិតសុខុមគឺបុណ្យកុសល ដែលចិត្តដ៏ល្អិតសុខុមរបស់កូនប្រុសញោមអាចនឹងទទួលបានពិតហើយកាលញោមយកអាហារទៅថ្វាយព្រះសង្ឃលោកកឆាន់អស់ទៅតែខាងក្រោយការថ្វាយ ការបរិភោគ និង ការអស់ទៅនោះ មានរបស់មួយកើតឡើងរបស់នោះគឺ "សេចក្ដីល្អ" ឬ "បុណ្យកុសល" ហើយញោមក៏ឧទ្ទិសកុសលនេះឯងឲ្យដល់កូនប្រុសរបស់ញោម សំដៅសេចក្ដីថា កូនរបស់ញោមជាវិញ្ញាណល្អិត មិនអាចទទួលរបស់គ្រោតគ្រាតបាន ញោមទើបត្រូវយករបស់គ្រោតគ្រាតទៅឆ្នៃឲ្យល្អិត បញ្ជូនទៅឲ្យគេ អាត្មានឹងលើកតួយ៉ាងឲ្យស្ដាប់សន្មតថា កូនរបស់ញោមទៅជួបទុក្ខលំបាកនៅទីឆ្ងាយ ញោមអាណិតគេ ប្រាថ្នានឹងបញ្ជូនផ្ទះទៅឲ្យគេមួយខ្នង ញោមនឹងបញ្ជូនផ្ទះទាំងខ្នងទៅឲ្យគេរមែងធ្វើមិនបាន ដែលស្រួលនោះ ញោមគួរលក់ផ្ទះនោះ ហើយផ្ញើប្រាក់ដែលជារបស់តូចនិងស្រាលជាទៅឲ្យគេ កាលបានទទួលប្រាក់ពីញោមហើយ គេអាចនឹងយកទៅទិញផ្ទះបានតាមបំណង ផ្ទះប្រៀបដូចជាអាហារវត្ថុ ដែលញោមប្រើធ្វើបុណ្យ ការលក់ផ្ទះគឺជាការនាំយកអាហារវត្ថុនោះទៅថ្វាយដល់អ្នកមានសីល ប្រាក់ដែលញោមបានពីការលក់ផ្ទះគឺបុណ្យកុសល ដែលបានចាត់ការធ្វើបុណ្យកុសលនេះ បុណ្យកុសលនោះឯង ញោមអាចបញ្ជូនទៅឲ្យកូនប្រុសរបស់ញោមបានព្រោះបុណ្យកុសលជារបស់ល្អិតមិនមានរូបរាង ដូចគ្នានឹងវិញ្ញាណដ៏ល្អិតនៃកូនប្រុសរបស់ញោម"
"ខ្ញុំផ្ដើមយល់ខ្លះហើយ តែក៏នៅមានចំណុចសង្ស័យខ្លះទៀត សូមសួរផងគឺការផ្ញើប្រាក់ទៅឲ្យបុគ្គលអ្នកមានជីវិតរស់នៅនោះ តាមប្រក្រតីក៏ច្រើនតែមានមនុស្សនាំយកទៅ ព្រោះប្រាក់មាសជារបស់មានរូបមានខ្លួន តែបុណ្យកុសលជារបស់មិនមានខ្លួន យើងនឹងផ្ញើទៅយ៉ាងណានរណានឹងជាអ្នកនាំទៅឲ្យដល់អ្នកដែលយើងមានបំណងនោះ ?"
"ញោមស្រី ការឧទ្ទិសកុសលទៅឲ្យដល់អ្នកស្លាប់នោះ តាមសភាពសេចក្ដីពិតហើយ មិនមានអ្វីទៅមិនមានអ្វីមក មិនមានមនុស្សនាំទៅ អាត្មាប្រៀបនឹងការផ្ញើប្រាក់ ត្រឹមត្រុវដើម្បីឲ្យងាយយល់ប៉ុណ្ណោះ កាលបើដូច្នេះបុណ្យកុសលបានទៅដល់អ្នកស្លាប់បានយ៉ាងណា អាត្មានងអធិប្បាយប្រៀបធៀបឲ្យស្ដាប់" ។
សន្មតថា ញោមបញ្ជូនកូនប្រុសរបស់ញោមទៅកាន់សំណាក់អាចារ្យទិសាបាមោក្ខនៃក្រុងតក្កសិលា ដើម្បីឲ្យសិក្សាសិល្ប៍វិជ្ជា ញោមស្រលាញ់កូនប្រុសនោះណាស់ គិតដល់គេជានិច្ច យកចិត្តទុកដាក់រង់ចាំស្ដាប់ដំណឹងពីគេរាល់ថ្ងៃ តមកញោមបានដំណឹងថា កូនប្រុសរបស់ញោមផ្ទុយពីតាំងចិត្តសិក្សារៀនសូត្រ បែរជាទៅប្រព្រឹត្តផ្ដេសផ្ដាសដោយប្រការផ្សេងៗ រហូតអាចារ្យទិសាបាមោក្ខដេញចេញចាកសាលាមិនឲ្យនៅសិក្សាតទៅទៀត កាលបានដំណឹងដូច្នេះ តើញោមមានអារម្មណ៍យ៉ាងណា ជាសុខឬជាទុក្ខ ?"
"ខ្ញុំមានអារម្មណ៍ជាទុកច្រើន" ស្ត្រីជរាឆ្លើយ
"ញោមស្រី!អ្វីហ្នធ្វើឲ្យញោមកើតទុក្ខ ?"
"ការប្រព្រឹត្តអាក្រក់របស់កូនប្រុសខ្ញុំនោះឯង"
"ឥឡូវសន្មតថា តមកញោមបានដឹងដំណឹងថ្មីថាកូនប្រុសរបស់ញោមកែប្រែខ្លួនបានហើយ គេបានចូលរកអាចារ្យសូមសេចក្ដីអភ័យទោស ហើយតាំងចិត្តសិក្សារៀនសូត្រដោយល្អ ប្រព្រឹត្តត្រឹមត្រូវរហូតបានជាទីស្រលាញ់របស់អាចារ្យនិងមិត្តភក្កិទូទៅ នរណាៗ ក៏នាំគ្នាលើកតម្កើងសរសើរកូនប្រុសរបស់ញោម កាលបានទទួលដំណើរដូច្នេះ ញោមទទួលអារម្មណ៍យ៉ាងណា ជាសុខ ឬជាទុក្ខ ?"
"ជាសុខព្រះគុណម្ចាស់"
"អ្វីហ្ន!ធ្វើឲ្យញោមជាសុខ ?"
"ព្រោះកូនប្រុសរបស់ខ្ញុំ ត្រឡប់ខ្លួនជាមនុស្សល្អបាននោះឯង"
"ញោមស្រី ការធ្វើល្អអាក្រក់នៃកូនប្រុសរបស់ញោមដែលនៅឆ្ងាយដល់ក្រុងតក្កសិលា អាចឲ្យសុខនិងទុក្ខដល់ញោមបានយ៉ាងណា ការធ្វើល្អនិងអាក្រក់របស់ញោមក្នុងលោកនេះ អាចឲ្យសុខនិងទុក្ខដល់កូនប្រុសញោមក្នុងលោកដទៃបានយ៉ាងនោះ បើញោមគិតដល់កូនប្រុសដែលស្លាប់ទៅហើយប្រាថ្នាឲ្យគេមានសេចក្ដីសុខ ក៏ចូរធ្វើតែសេចក្ដីល្អ ហើយតាំងចិត្តឧទ្ទិសទៅឲ្យគេ ការតាំងចិត្តឧទ្ទិសចំពោះគេជាពិធីការសម្ដែងថា ញោមនៅគេតរឭកដល់គេនៅទុកគេជាកូនជាចៅ សេចក្ដីពិត ត្រឹមតែញោមធ្វើសេចក្ដីល្អប៉ុណ្ណោះគេក៏ជាសុខល្មមហើយ តែបើគេដឹងថាញោមធ្វើល្អ ដើម្បីគេដោយចំពោះ គេមុខជាត្រេកអរ និងរឹតតែមានសេចក្ដីសុខក្រៃលែងឡើង"
"ព្រះគុណជាម្ចាស់ដ៏ចម្រើន! លោកបានឲ្យសេចក្ដីភ្លឺស្វាងដ៏ធំក្រៃលែងចំពោះខ្ញុំដោយពិត លោកជាអ្នកបញ្ជាក់ផ្លូវដល់ខ្ញុំដែលកំពុងវង្វេងផ្លូវ ជាអ្នកស្ទួយខ្ញុំឡើងមកពីរណ្ដៅនៃសេចក្ដីល្ងង់និងសេចក្ដីទុក្ខសោក ខ្ញុំនឹងតាំងចិត្តប្រតិបត្តិតាមពាក្យ ណែនាំរបស់លោកតទៅរហូតអវសានជីវិត ព្រះគុណដ៏ចម្រើនខ្ញុំមិនមានអ្វីបូជាគុណរបស់លោកក្រៅពីរបស់បន្តិចបន្តួចនេះ"
ថាហើយស្ត្រីជរាក៏លូកទៅក្នុងអាវ យកគ្រឿងប្រដាប់កាយធ្វើដោយមាសចំនួនហុចមកឲ្យខ្ញុំភ្លាមហើយពោលថា "អលង្ការនេះ មានតម្លៃច្រើនខ្ញុំថែរក្សាទុកតាំងចិត្តនឹងឲ្យកូនប្រុស តែកាលគេស្លាប់ទៅហើយខ្ញុំសូមថ្វាយដល់ព្រះគុណម្ចាស់ សូមមេត្តាប្រោសទទួលយកចុះ"
"ញោមស្រី!អាត្មាជាសមណៈអ្នកលះបង់ហើយនូវលោកិយទ្រព្យទាំងពួង អាត្មាមិនត្រូវការរបស់អ្វីក្រៅពីអាហារចិញ្ចឹមជីវិតត្រឹមមួយថ្ងៃៗ និងសំពត់បិទបាំងរាងការប៉ុណ្ណោះ ដូច្នោះអាត្មាទើបមិនអាចទទួលរបស់ញោមបានយកទុកវិញចុះញោម"
ស្ត្រីជរាមិនព្រមស្ដាប់ បង្ខំខ្ញុំឲ្យទទួលឲ្យទាល់តែបាន "ខ្ញុំបានកាត់ចិត្តដាច់ខាតហើយ ដែលនឹងថ្វាយរបស់នេះជំពោះព្រះគុណម្ចាស់ ដើម្បីឧទ្ទិសភាគកុសលដល់កូន បើមិនឃើញដល់ខ្ញុំក៏ចូរឃើញដល់កូនរបស់ខ្ញុំផងចុះ"
"បើយ៉ាងនេះ ចូរដាក់ទុកលើដីខាងមុខអាត្មាចុះ" ស្រីជរាលើករបស់នោះបន្ទូលលើក្បាលអធិដ្ឋានអ្វីហើយ ក៏ដាក់ចុះតាមបង្គាប់ ។
"អាត្មាទទួលយកទានរបស់ញោមស្រីហើយ បុណ្យកុសលផលទានកើតដល់ញោមហើយ ចូរឧទ្ទិសចំណែកកុសលនេះ ដល់កូនប្រុសរបស់ញោមចុះ ញោមស្រី ទាក់ទងនឹងមាសចំនួននេះគ្មានប្រយោជន៍អ្វីសម្រាប់អាត្មា ព្រោះដូច្នេះអាត្មាសូមឲ្យជាទានបង្វិលដល់ញោម និងសូមឲ្យឧទ្ទិសចំណែកកុសលនោះចំពោះកូនប្រុសញោមផង"
កាលទេសនាប្រៀនប្រដៅស្ត្រីជរារហូតវេលារសៀលហើយ ខ្ញុំក៏លាគាត់ចេញធ្វើដំណើរតទៅ ។
ឪម ណាគ្រី ព្រះភិក្ខុពនេចរ ភ្នំពេញ ១៩៦៦
(គ្មានតែអាចបង្កើតឲ្យមាន) និយាយឲ្យងាយស្ដាប់គឺ គ្មានខ្យល់តែមានរលក គ្មានរឿងតែអាចបង្កើតឲ្យមានរឿង ។
គោលគំនិតខ្លាចតែសង្គមមិនច្របូកច្របល់ ទិសដៅគឺឆ្លៀតឪកាសបន្លំចាប់ត្រី (ត្រីងៀតឆ្លៀតពង) ស្នាដៃគឺបង្កើតបញ្ហា ។
"ប្រឌិតរឿង" មើលពីខាងក្រៅថាជាការងាយ តែចង់សម្រេចគោលបំណងរបស់ខ្លួនដោយ "ប្រឌិតរឿង" ពិតជាលំបាកណាស់ ។ ការ "ប្រឌិតរឿង" តាមកៀនកោះផ្សារផ្ដោ ឬ ដឿងហែម ផ្លូវលំ គឺអាចសម្រេចតាមក្ដីបំណង សប្បាយបានមួយពេលដែរ តែលទ្ធផលនៃការប្រឌិតរឿងបែបនេះយ៉ាងច្រើនណាស់ ធ្វើឲ្យគូសត្រូវរង់គ្រោះរបួសខូចខាតខ្លះៗតែប៉ុណ្ណោះ… ហើយមិនប្រាកដថា មានផលប្រយោជន៍ចំពោះខ្លួនទេ ។ ការ "ប្រឌិតរឿង" ដែលមានគោលបំណងច្បាស់លាស់ ប៉ុន្តែគ្នាផលប្រយោជន៍សម្រាប់ខ្លួនទេនោះគឺមិនរាប់ថាជា "ល្បិចកល" បានឡើយ ។
សុភាសិតចិនមួយសរសេរថា "រឿងប្រឌិតត្រូវបញ្ចប់ត្រឹមអ្នកចេះដឹង" បានន័យថា ៖ រឿងប្រឌិត ដែលគ្មានការរៀបចំផែនការឲ្យបានល្អិតមិនផុតពីក្រសែភ្នែករបស់អ្នកចេះបានឡើយ ដូច្នេះគួរនិយាយថា ៖ "រឿងប្រឌិត" គឺបង្កើតឡើងដោយស្នាដៃរបស់អ្នកចេះទើបត្រឹមត្រូវ ។
បង្កើតបញ្ហា បានន័យថា ៖ គឺផ្អែកលើរឿងអ្វីមួយដែលមានស្រាប់ហើយពង្រីកការខុសនិងត្រូវឲ្យកាន់តែធំធេងឡើង តែអ្វីដែលចង់និយាយនៅក្នុងល្បិចកលនេះ គឺមិនចាំបាច់ផ្អែកលើបញ្ហាដែលមានពិត ឬយោងលើមូលដ្ឋានអ្វីទាំងអស់ តែអាចបង្កើតជាបញ្ហាបាន ។ ឧ. រឿងលេងហ៊ីតុក្កតា មើលពីខាងក្រោមឆាកទៅ ហាក់បីដូចជានៅពីខាងក្រោយវាំងនន បង្កប់ទៅដោយកងទ័ពរាប់ម៉ឺន សេះរាប់ពាន់ ទាញវាំងននខ្វាក គឺឃើញតែមនុស្សម្នាក់និងរូបតុក្កតាមួយចំនួន និងខ្សែទាញតែប៉ុណ្ណោះ ។
រឿងប្រឌិត ពិតជាគួរឲ្យខ្លាចភ័យជាងអ្វីទាំងអស់ វាគ្មានរូបតែអាចមើលឃើញ វាគ្មានស្រមោល តែអាចជួបប្រទះ ខុសឬត្រូវចេញតែពីមាត់សំអាងលើសំដីតែប៉ុន្មានមាត់ប៉ុណ្ណោះ អាចធ្វើឲ្យមនុស្សមើលស្រាសជីវិតបាន អ្នកក្លាហានអាចដោះអាវក្រោះចេញពីខ្លួន ។
ក្បួនយុទ្ធសាស្ត្របាននិយាយថា ៖ ការវាយសម្រុកដោយប្រើ "រឿងប្រឌិត" យ៉ាងប៉ិនប្រសព្វ មិនបាច់ប្រយុទ្ធក៏អាចធ្វើឲ្យសត្រូវទម្លាក់អាវុធបានដែរ ។ នៅក្នុងប្រវត្តិសាស្ត្រមានភស្ដុតាងច្រើនណាស់ ដែលបានបញ្ជាក់បង្ហាញពីរឿងនេះដូចជាសង្គ្រាមនៅទ្វីបអឺរ៉ុបក៏ធ្លាប់មានដែរ នោះគឺ ពាក្យប្រឌិតទំលាយខ្សែការពារម៉ាទីណូ ។
បើសិនជានិយាយថា (បង្កើតបញ្ហា) គឺធ្វើឲ្យសង្គមច្របូកច្របល់នោះមានន័យថា ៖ "ពាក្យប្រឌិត" គឺជាប្រភពនៃការ "បង្កើតបញ្ហា" នោះឯង ។
បើប្រឌិតត្រូវចេះមើលកាលៈទេសៈ ត្រូវប្រឌិតឲ្យវាសមហេតុផលហើយទាមទារ "រហ័ស" មិនត្រូវឆ្លងកាត់ពេលវេលាសាកល្បងវែងអន្លាយទេ ដែលនិយាយថា "ជឿមិនជឿអាចសាកល្បងចំពោះមុខសក្កិសិទ្ធិឬមិនថ្ងៃក្រោយទើបដឹង" ។ ដល់ទៅថ្ងៃក្រោយ ទំរាំតែដឹងការពិត ខ្លួនយើង (បានឆ្លងផុតសមុទ្រក្លាយជាទេវតា) បាត់ទៅហើយ ។នៅមានត…
មានរឿងនិទានមួយដំណាលថា ៖ មានភិក្ខុមួយអង្គគង់នៅវត្ត មានកូនសិស្សតែម្នាក់ឈ្មោះអាផ្លូញ ។ អាផ្លូញខិលណាស់ គ្រូល្ងង់ណាស់ ឆោតច្រើន គ្មានឧបាសកណារាប់អានយកចង្ហាន់ស្លាបារី ទៅប្រគេនឬនិមន្ដឆាន់ផ្ទះដល់ម្ដងឡើយ លោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយ ។
ថ្ងៃមួយលោកនោះពិចារណាថា "សព្វថ្ងៃនេះគ្មានឧបាសក ឧបាសិកាគេប្រគេនវត្ថុអ្វីឆាន់សោះ ហើដូច្នេះគួរអញទិញវត្ថុផ្សេងៗយកមកទុកឆាន់កុំឲ្យលំបាក" ។ គិតដូច្នោះហើយក៏ប្រាប់កូនសិស្សថា "អាផ្លូញឯងចាប់ដំរីមក ហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងៗយកមកទុកឆាន់" ។ កូនសិស្សទៅចាប់ដំរីបានមក គ្រូនិងសិស្សក៏ឡើងជិះដំរីទៅផ្សារ ។ លុះទៅដល់គ្រូប្រាប់សិស្សថា "ឯងទិញវត្ថុអ្វីដែលទុកបានយូរមិនខូច" ។ អាផ្លូញជាសិស្សក៏ទិញអំបិលមួយច្រកការុងស្រេច ។ គ្រូឃើញសួរថា "ហេតុដូចម្ដេចក៏ឯងទិញតែអំបិស មិនទិញត្រីឆ្អើរ ត្រីងៀតផង ?" ។ កូនសិស្សទូថា "អមបិលទុកបានយូរ មិនចេះខូច បានជាខ្ញុំព្រះករុណាទិញ" ។ គ្រូឆោតល្ងង់ណាស់ក៏ស្ងៀម ។
គ្រូឡើងបរដំរីមកវិញ សិស្សរែកអំបិលដើរពីក្រោយ ដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្ស ឮសូរដងរែកដូចជាស្រួលក៏សួរថា "អាផ្លូញ ! អញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណា ?" ។ សិស្សទូលថា "ព្រះករុណា ! ស្រួលណាស់ហើយស្រាសផង" ។ លោកគ្រូប្រាប់សិស្សថា "ឯងជិះដំរីវិញអញរែកអំបិលដើរក្រោយ" ។ លោកគ្រូថាហើយ ចុះពីលើដំរីមក សិស្សក៏ឡើងជិះដំរីទៅ ។ លោកគ្រូប្រាប់ថា "ឯងបរដំរីទៅចាំអញម្លប់ឈើមុខ" ។ សិស្សបរដំរីទៅដល់ម្លប់ឈើក៏មិនឈប់ចាំគ្រូ បររហូតដល់វត្ត ។
លោកគ្រូរែកអំបិលដើរតាមក្រោយ ដោយអំបិលនោះធ្ងន់ណាស់ លោកគ្រូរែកឈប់ៗ បែរមើលទៅសិស្សមិនឃើញក៏គិតថា "ចាំក្រោយសឹមនាំសឹមនាំសិស្សមកយក" ហើយយកអំបិលទៅលាក់ក្នុងព្រៃ មុននឹងលាក់លោកគិតថា "ទីនេះបើសិនជាមានគេមករកជម្រកឃើញ គេនឹងយកអំបិលនេះអស់មិនខាន គួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួង គឺមានតែក្នុងទឹកទើបគេមើលមិនឃើញ" ហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹកហើយដើរទៅ ។ លុះដល់សួរសិស្សថា "ហេតុដូចម្ដេចក៏ឯងមិនចាំអញ ?" ។ សិស្សទូលថា "ខ្ញុំព្រះករុណាបរដំរីមកប្រុងចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះ អង្វរដូចម្ដេចក៏វាមិនព្រម វាប្រឹងដើរដល់វត្តទើបឈប់" ។ សិស្សសួរគ្រូថា "លោកគ្រូទូកអំបិលឯណា ?" ។ គ្រូប្រាប់ថាអញលាក់ទុកនៅទីឯណោះ អញកាច់ដើមឈូកដោតជាសម្គាល់" ។
ព្រឹកឡើងនាំកូនសិស្សទៅយកអំបិលវិញ លុះដល់ប្រាប់សិស្សថា "អញលាក់ទុកក្នុងត្រពាំងនេះ" ។ សិស្សលាន់មាត់ថា "ម៉ែអើយ ! វារលាយអស់ហើយ!" ។ អាផ្លូញក៏ចុះទៅ យកអំបិលលើកការុងទាំងពីរឡើងរលាយអស់គ្មានសល់ ចំណងដែលចងមាត់ការុងដាច់អស់ ឃើញឯត្រីកញ្ចុះមួយនៅក្នុងការុងនោះ ។ សិស្សទូលលោកគ្រូថា "មានត្រីកញ្ចុះមួយនៅក្នុងការុង វាស៊ីអំបិលអស់ទៅហើយ" ។ យកត្រីនិងការុងប្រគេនគ្រូមើល ។ លោកគ្រូឃើញត្រីខឹងណាស់ក៏ទះកំផ្លៀងមុតដៃនឹងធ្មង់ត្រីជាប់ ។ ពិសត្រីចាប់ពើតឈឺខ្លាំងពេក លោកគ្រូថា "ឯងចាប់ត្រីដកធ្មង់វាឆាប់ត្បិតអញឈឺណាស់" ។ សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួច ។ លុះដករួចឈាមហូរជាខ្លាំង ពិសត្រីរឹតតែឈឺខ្លាំងឡើង លោកគញរូនាំកូនសិស្សទៅវត្តវិញយកទាំងការុង និង ត្រីកញ្ចុះទៅផង ដល់ទៅវត្តប្រាប់សិស្សថា "អាផ្លូញ ឯងដាំបាយមួយឆ្នាំង អាំងត្រីកញ្ចុះនោះឲ្យឆ្អិនជាឆាប់អញនឹងឆាន់" ។ លុះពិសអន់ចាប់ពើតលោកគ្រូក៏សម្ងំសឹងលក់ទៅ ។
ឯអាផ្លូញក៏ដាំបាយអាំងត្រីឆ្អិន ហើយបរិភោគអស់ទុកតែបាយមួយពំនូទនិងឆ្អឹងត្រីក្នុងចានគ្រប តែវាគ្របមិនឲ្យជិត ។ លោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថា "ឯងយកបាយនិងត្រីមកឆាន់" អាផ្លូញក៏ធ្វើជាកិរិយាដូចជាទៅយកបាយប្រគេនលោកគ្រូរួចមកវិញទូលថា "បាយនិងត្រីរុយស៊ីអស់ហើយ នៅសល់តែមួយពំនូត និងឆ្អឹងត្រី" លោកគ្រូជឿឥតសង្ស័យដោយឆោតល្ងង់ក៏ឲ្យរំពាត់ផ្ដៅមួយមកសិស្សថា "ឯងយករំពាត់វាយរុយកុំឲ្យវានៅលើកុដិ" អាផ្លូញជាសិស្សក៏វាយរុយមិនឈប់" ។ គ្រានោះមានរុយទុំច្រមុះគ្រូ វាយទៅៗមិនត្រូវរុយ ត្រូវច្រមុះគ្រូបែកឈាមហូរខ្ចាយ ។ សិស្សភ័យណាស់រត់ទៅដល់ផ្ទះ និយាយប្រាប់ឳពុកម្ដាយតាមរឿង ។ ឳពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញ កូនប្រកែកមិនព្រមមក ។ លោកគ្រូទៅតាមក៏វាមិនហ៊ានមកដោយខ្លាចគ្រូវាយ ។
ថ្ងៃមួយលោកគ្រូ តាំងពិធីសូត្រមន្តអាគមស្នេហ៍បន្ទន់ចិត្តសិស្សឲ្យមក ។ អាផ្លូញជាសិស្សបានដឹងថាគ្រូតាំងពិធីសូត្រមន្តដូច្នោះ ក៏មកវត្តវិញ ដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែ ។ លុះដល់វត្តវិញដើរលបៗចូលទៅឃើញគ្រូកំពុងតែអង្គុយសូត្រមន្ត ក៏សួរលោគ្រូថា "លោកគ្រូធ្វើអ្វី ?" ។ គ្រូកុហកថា "អញសូត្រមន្តអាគមបំបាំងខ្លួន ព្រោះអញទើបរៀនពីគេ" ។ ហើយលោកគ្រូគិតថា "ស្នេហ៍អញពូកែមែនបានជាសិស្សអញវាមក" ។ លុះព្រឹកឡើងសិស្សដាំបាយធ្វើម្ហូបស្រេច ទូលថា "ចង្ហាន់ឆ្អិនហើយ" ។ លោកគ្រូថា "បើដូច្នេះឯងលើកយកឲ្យអញឆាន់" ។ អាផ្លូញក៏លើកមកប្រគេន ធ្វើជាមើលមិនឃើញ ដាក់ថាសទៅលើក្បាលលោកគ្រូៗស្រែកថា "អាផ្លូញ ! ហេតុម្ដេចក៏យកថាសមកដាក់លើក្បាលអញ ?" ។ សិស្សទូថា "ខ្ញុំព្រះករុណាមើលមិនឃើញ" ។ លោកគ្រូងាកចេញ អាផ្លូញក៏ដាក់លើក្បាលគ្រូទៀត ។ លោកគ្រូថា "អាឯងដាក់ថាសលើក្បាលអញទៀតហើយ" ។ សិស្សថា "ខ្ញុំព្រះករុណាសូមទោសព្រោះមើលមិនឃើញ" ។ លោកគ្រូជឿថាខ្លួនរៀនស្នេហ៍ៗពូកែប្រាកដ ឥឡូវកុហកវាថា តាំងពិធីមន្តអាគមបំបាំងខ្លួនវិញ ក៏ទៅជាពូកែគេមើលមិនឃើញប្រាកដមែន គួរទន្ទេញឲ្យចាំកុំឲ្យភ្លេច ។
អាផ្លូញលុះប្រគេនចង្ហាន់គ្រូៗ ឆាន់រួចហើយ វាលើកមកបរិភោគខ្លួនវា ។
ថ្ងៃក្រោយមានឧបាសកគេនិមន្តលោកគ្រូទៅឆាន់ឯផ្ទះ ។ អាផ្លូញទូលថា "បើលោកគ្រូនិមន្តទៅឆាន់ផ្ទះគេ កុំស្លៀកស្បង់ឲ្យចាស់ខូចឥតអំពើឃ្លុំតែចីពរបានហើយ គេមើលមិនឃើញទេ ត្បិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណាស់ អ្នកណានឹងមើលឃើញ គ្រូក៏ជឿតាមពាក្យសិស្ស ។
លុះព្រឹកឡើងលោកគ្រូប្រាប់សិស្សថា "ឯងតាមអញទៅឆាន់ឯផ្ទះឧបាសក" រួចលោកឃ្លុំតែចីពរមិនស្លៀកស្បង់ដោយគិតថា "ឃ្លុំតែចីពរបានហើយ ព្រោះមន្តអាគមអញពូកែណាស់ នរណានឹងមើលកេរ្តិ៍ខ្មាស់ឃើញ" រួចនាំកូនសិស្សទៅ ។
លុះទៅដល់ឧបាសកនិមន្តឡើងលើផ្ទះហើយ គេលើកចង្ហាន់មក ដើម្បីប្រគេនលោកឆាន់ ដោយលោកមិនបានស្លៀកស្បង់ អង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំក៏លេចកេរ្តិ៍កណ្ដាលវាល ។ ឧបាសកឃើញដូច្នោះគេក៏នាំគ្នាសើចហ៊ោលាន់ ។ លោកគ្រូពុំទាន់ឆាន់ចង្ហាន់មានចិត្តខ្មាស់គេណាស់ ក៏ចុះពីលើផ្ទះត្រឡប់ទៅវត្តវិញ ជេរបន្ទោសសិស្សថា "អាឯងមិនឲ្យអញស្លៀកស្បង់ ឥឡូវខ្មាស់គេណាស់" អាផ្លូញទូលថា "លោកគ្រូកុំខ្ញាល់និងខ្ញុំព្រះករុណា រឿងនេះប្រហែលជាខុសត្រណមទេឬ ?" ។ លោកគ្រូសួរថា "ឯងឃើញអញខុសត្រណមដូចម្ដេច ?" ។ អាផ្លូញសួរថា "លោកគ្រូនិមន្តទៅឆាន់ទៅតាមផ្លូវណា ?" ។ លោកគ្រូប្រាប់ថា "អញកាលទៅចេញផ្លូវកើត" ។ សិស្សថា "ឪ ! ច្បាស់ជាលោកគ្រូខុសត្រណមហើយ" ។ ថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំព្រះករុណាថា "បើរៀនមន្តអាគមទាំងពួងត្រូវឲ្យតមស៊ីផ្លែស្ពឺ សូម្បីតែមុជក្រោមដើមស្ពឺក៏មិនបាន វាសាបមន្តអាគម ឥឡូវលោកគ្រូមុជក្រោមដើមស្ពឺបានជាខុសត្រណម សាបអាគមអស់ ហេតុនេះបានជាគេឃើញកេរ្តិ៍ខ្មាស់លោកគ្រូ" ។ លោកគ្រូបានស្ដាប់ដូច្នោះហើយ ក៏ថា "ឪ ! អាផ្លូញអញភ្លេចតមបានជាយ៉ាងហ្នឹង ឯងថានោះពិតប្រាកដហើយ" ។ លោកគ្រូនោះដោយឆោតល្ងង់ក៏ជឿជាក់ឥតសង្ស័យ ។ តាំងពីនោះមកអាផ្លូញជាសិស្សនៅបម្រើគ្រូដោយសុខសប្បាយ ។
Get free blog up and running in minutes with Blogsome
Theme designed by Gary Rogers