សុភាសិត
ខ្យល់បក់ ដីហុយ ។
អ្នកធ្វើថាត្រូវពិត តែខុសគំនិតអ្នកចាំថា ។
គ្មានអ្វីជាអនត្តា ។
បើមាន់មិនរងាវក៏ព្រះអាទិត្យនៅតែរះដែរ ។
ទឹកភ្នែកស្រីស្រក់ ទើបដឹងថាស្រីយំ ។
ខ្យល់បក់ ដីហុយ ។
អ្នកធ្វើថាត្រូវពិត តែខុសគំនិតអ្នកចាំថា ។
គ្មានអ្វីជាអនត្តា ។
បើមាន់មិនរងាវក៏ព្រះអាទិត្យនៅតែរះដែរ ។
ទឹកភ្នែកស្រីស្រក់ ទើបដឹងថាស្រីយំ ។
កាលពីព្រេងនាយមានចៅម្នាក់ឈ្មោះ ចៅខែក និងកូនប្រុសគាត់ម្នាក់បានចិញ្ចឹមកូនលា ១ ជាសត្វពាហនៈ លុះកូនលានោះចម្រើនធំឡើងប្រកបរូបធាត់ល្អ ចៅអាពុកនិងកូនពីគ្រោះគ្នាថា លាយើងធាត់ធំល្អហើយ បើនាំទៅលក់ឲ្យគេ ក្នុងសម័យនោះ យល់ជានឹងបានថ្លៃច្រើនព្រោះកំពុងធំធាត់ល្អ តែថានឹងដឹកនាំទៅដល់ស្រុកកំពង់ដែលមានគេត្រូវការទិញនោះឆ្ងាយណាស់ទម្រាំដល់ទៅ លាយើងនេះយល់ជានឹងស្គមប្រាកដ ដល់លក់មុខជានឹងថោកបានថ្លៃតិចមិនខាន បើដូច្នេះមានតែយើងគិតសែងវាទៅកុំឲ្យវាដើរខ្លួនវាក្រែងស្គមទៅលក់មិនបានថ្លៃ ។
អាពុកនិងកូនគិតព្រមគ្នាហើយ ទើបចាប់លាមកចងជើងទាំង ៤ យកឈើសែងចេញចាកគ្រឹះស្ថាន លុះទៅដល់ទ្វារស្រុក ពួកអ្នកស្រុកបានឃើញអ្នកទាំងពីរសែងដូច្នោះ ក៏នាំគ្នាសើចរំពងឡើង ហើយតិះដៀលថា "សត្វលាសត្វសេះនេះ ជាសត្វពាហនៈ គេតែងជិះតែងបរវា មិនដែលមាននរណាទៅលីទៅសេងវាដូចសត្វជ្រូកទេ ចៅទាំងពីរឯងឆ្កួតឬ បានជាមកសែងលាយ៉ាងនេះ ម៉េចក៏មិនជិះបរវាទៅ" ។
ឯអាពុកនឹងកូន បានឮអ្នកស្រុកគេនាំគ្នាតិះដៀលខ្លួនដូច្នោះ ទើបពិគ្រោះគ្នាថា "យើងសែងលានេះវាខុសគេទៅហើយ បើដូច្នេះគួរស្រាយលាចេញ នាំគ្នាជិះបរទៅតាមពាក្យគេវិញចុះ តែនឹងជិះវាទាំងពីរនាក់មិនបាន ព្រោះកូនលានៅតូចក្រែងយោងទៅពុំរួច៉ គិតគ្នាហើយចៅអាពុកក៏ថា "ណ្ហើយចុះខ្លួនអញនឹងដើរពីក្រោយ ចូរកូនឯងជិះបរវាទៅចុះ" ឯចៅកូនក៏ទទួលតាមពាក្យអាពុក ហើយឡើងជិះលានោះបរទៅហោង ។
លុះបរទៅដល់ភូមិស្រុកមួយ ពួកអ្នកស្រុកបានឃើញចៅលក់លាមកដល់ ក៏សួរទៅថា "អ្នកបរលានេះនឹងទៅណា?” ។ អាពុកនិងកូនប្រាប់ថាបរយកទៅលក់នៅស្រុកកំពង់ ហើយអ្នកស្រុកសួរទៀតថា តាដែលដើរតាមក្រោយលានេះត្រូវជាអ្វីនឹងចៅឯង ចៅកូនប្រាប់ថាត្រូវជាអាពុក ។ ឯពួកអ្នកស្រុកបានឮចៅនោះប្រាប់ថាអាពុកដូច្នោះ ក៏នាំគ្នាស្ដី ត្មះតិដៀលថា "ចៅនេះជាមនុស្សមិនស្គាល់គុណបិតាខ្លួន គួរឬខ្លួនជាកូនជិះលាធ្វើអាការជានាយ ឲ្យអាពុកស្ពាយទៃដើរតាមក្រោយដូចជាខ្ញុំកំដរខ្លួនយ៉ាងនេះ មិនត្រូវទេ ចូរចុះចេញពីខ្នងលាឲ្យឆាប់ ឲ្យតាចាស់ជាអាពុកឯង ជិះវិញទើបត្រូវ" ។
ឯចៅអាពុកនិងកូនបានឮពាក្យអ្នកស្រុកតិះដៀលហើយ ក៏ថា យើងធ្វើនេះត្រូវគេនិន្ទាហើយ បើដូច្នេះគួរអាពុកឡើងជិះវិញចុះ កូននឹងដើរមុខនាំផ្លូវទៅវិញកាលបើគិតព្រមព្រៀងគ្នាហើយ ចៅកូនក៏ចុះពីខ្នងលា យកសម្ពាយទៃពីបិតាស្ពាយដើរមុខ ។
លុះបរទៅដល់អណ្ដូងទឹក នៅចុងស្រុកមួយ មានពួកស្រីក្រមុំទាំងឡាយ វានាំគ្នាទៅដងទឹកអណ្ដូងនោះ វាបានឃើញចៅកំឡោះរូបល្អដើរមុខលា ឃើញតាចាស់ជិះលាបរដល់មក វាក៏នាំគ្នាមើលដោយជាតិស្រីក្រមុំគាប់ចិត្តតែនឹងកំឡោះ ត្រង់មនុស្សចាស់ជរានោះ ពុំគាប់ចិត្តឡើយ ហើយវានាំគ្នាតិះដៀលតាចាស់ថា "រូបលានោះធាត់ល្អណាស់ សមគួរតែអ្នកកម្លោះជិះវិញទើបល្អ នេះទៅឲ្យតាកញ្ចាស់មុខស្រមូមដូចស្វាឪជិះ យ៉ាងនេះហៅពេញជាអាក្រក់ក្រៃពេក នែតាកញ្ចាស់អើយ! ចុះចេញទៅកុំជិះមិនសមល្អទេ មើលទៅដូចពានរជិះលា ចូរឲ្យអ្នកកម្លោះគេជិះវិញ ទើបគាប់ភ្នែកយើង ព្រោះរូបលាក៏ល្អត្រូវនិងអ្នកកម្លោះល្អដូចគ្នា" ។
ឯចៅកូនបានឮស្រីក្រមុំថាដូច្នោះ ក៏បែរទៅនិយាយនឹងអាពុកថា "ឪអើយ! ឥឡូវវាខុសទៅទៀតហើយ គឺពួកមេអស់នោះវាត្មះតិដៀលឪឯងថាដូចជាពានរជិះលា ហើយវាថាឲ្យខ្ញុំជិះវិញទើបល្អ យ៉ាងនេះ តើឪនឹងគិតយ៉ាងណាទៅទៀត?” ។ អាពុកតបថា "កាលមុនឯងជិះក៏ខុសម្ដងទៅហើយ ដល់ឥឡូវអញជិះក៏ខុសទៅទៀត បើដូច្នេះចូរកូនឯងឡើងមកជិះខាងមុខ ជាពីរនាក់នឹងអាពុកបរទៅទៀតមើល ជាមិនគាប់ចិត្តមនុស្សពួកណាតទៅមុខទៀត" ។
ឯចៅកូនក៏ឡើងជិះលាអង្គុយខាងមុខអាពុក បរលាឆ្ពោះទៅហោង លុះបរមកដល់ផ្ទះគយដែលតាំងនៅនាដើមផ្លូវ មេគយបែរមកឃើញអ្នកទាំងពីរជិះលា ក៏ចុះទៅសួរថា "អ្នកទាំងពីរជិះលានេះនឹងទៅឯណា?” ។ ចៅអាពុកនិងកូនថា "នឹងទៅលក់លានេះនៅស្រុកកំពង់ឯណោះ" ។ មេគយក៏ត្មះតិដៀលថា "កូនលានេះគ្នានៅស្ទាវស្ទើរណាស់ ហេតុអ្វីចៅឯងប្រួតគ្នាជិះវាយ៉ាងហ្នឹង បើប្រួតគ្នាជិះម្ល៉ឹងៗ តើគ្នានឹងធន់បោលបរទៅម្ដេចបាន ទម្រាំដល់ស្រុកកំពង់លានេះ ឃើញជាស្គមបាក់កម្លាំងលក់ពុំបានចំណេញប្រកដពុំខាន អ្នកឯងឆ្កួតឬ កូនលាគ្នានៅតូចហើយមកប្រួតគ្នាជិះយ៉ាងនេះ ម្ដេចមិនដឹកនាំទៅវិញ?” ។
ចៅអាពុកនិងកូនបានឮមេគួបន្ទោសដូច្នោះក៏ចុះពីខ្នងលានាំគ្នាបណ្ដើរលានោះឆ្ពោះទៅកាន់ស្រុកកំពង់ ។ លុះមកដល់ចំការមួយ ពុះមានផ្លូវនឹងដឹកទៅទើបអាពុកនិងកូន នាំគ្នាដឹកលាដើរកាត់ចំការ ដែលគេមិនទាន់ធ្វើស្រេច ដើរកាត់រកផ្លូវនឹងទៅទៀត អ្នកកាប់ចំការបានឃើញចៅទាំងពីរដឹកលាដើរកាត់ចំការដូច្នោះ ក៏ស្រែកទៅថា "នេអ្នកដឹកលា ទីចំការយើងនេះ យើងមិនទាន់កាប់គាស់ ដុតរំលើងឲ្យស្អាតទេសឹងប្រកបដោយបន្លាដំឡូងខ្យា បន្លាឃ្លេ បន្លាឫស្សីជាដើម អ្នកដើរទៅកមតោងប្រយ័ត្នបន្លាវាមុត អើអ្នកឯង មានលាជាពាហនៈសម្រាប់ជិះ ម្ដេចឡើយមិនជិះវា ទៅនាំគ្នាដឹងវាវិញ អ្នកឯងឆ្កួតទេឬ មានលាហើយមិនជិះ ស៊ូដឹកដើរឲ្យបន្លាមុតដូច្នេះ នែអ្នកដឹកលាអើយ! ចូរនាំគ្នាឡើងជិះវាទៅទុកវាធ្វើស្ដេចអី លាសេះគេតែងតែជិះវាជាធម្មតានៅនាលោកិយនេះឯង" ។
ចៅអាពុកនិងកូនបានឮពាក្យអ្នកចំការតិះដៀលដូច្នោះក៏បែរមកនិយាយគ្នាថា "យើងផ្គាប់ចិត្តមនុស្សលោកិយនេះមិនបានទេ កាលដើមយើងនាំគ្នាសែងនោះ គេនិន្ទាម្ដងទៅហើយ ដល់ក្រោយឲ្យកូនជិះក៏ត្រូវគេនិន្ទាថាឯងមិនដឹងគុណអាពុក ដល់ក្រោយឲ្យអាពុកជិះវិញ ត្រូវមេស្រីក្រមុំវាមិនគាប់នឹងតាចាស់វានៃគ្នានិន្ទាទៅផ្សេងៗ ដល់ក្រោយឡើងជិះទាំងពីរនាក់ ត្រូវមេគយនិន្ទាថាលាស្ទាវស្ទើរពិះពីរនាក់មិនបានដល់ឥឡូវនេះ យើងដើរដឹកវាវិញ ក៏ត្រូវអ្នកចំការនេះនិន្ទាតិះដៀលថា មានលាហើយម្ដេចក៏មិនជិះទៅវិញ តើធ្វើយ៉ាងណាដើម្បីផ្គាប់ចិត្តលោកិយឲ្យគាប់បាន" ។
កាលពីព្រេងនាយមានកុមារីម្នាក់អាយុ ១៤ ឆ្នាំម្ដាយប្រើឲ្យទៅជីកដម្លូង។ ក្មេងនោះរៀបចបរួចស្រេចចេញដើរទៅរកដម្លូង ទៅដល់ព្រៃធំមានដម្បូកមួយមានរូងជ្រៅ ។ កុមារីនោះទៅជីកដម្លូងនៅជើងដម្បូកនោះរបូតផ្លែចប ជ្រុះធ្លាក់ទៅក្នុងរូងនោះ ។ នាងនោះមិនដឹងធ្វើដូចម្ដេចក៏ស្រែកប្រកាសថា "លោកណាជួយយកផ្លែចបឲ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក" ។ ស្រែកតែប៉ុណ្ណោះ មានខ្លាចាស់មួយដំបៅក្បាលរុយរោមបែងដង្កូវចុះគក្រិច ចេញមកពីក្នុងព្រៃប្រាប់ទៅនាងនោះថា "នាង!តាយកឲ្យបាន ផ្លែចបនោះ តែបើតាយកបានគ្រាន់តែនាងឯងរកចៃឲ្យតា ហើយតាមិនចាំបាច់យកគុណពីចៅទេ" ។
នាងឮដូច្នោះ ក៏និយាយថា "ឪលោកតាអើយ! ឲ្យតែលោកតាជួយយកឲ្យបានចុះ" ។ ខ្លានោះយកផ្លែចបបានពីក្នុងរូងឲ្យទៅនាងនោះ ហើយឲ្យនាងនោះរកចៃឲ្យ ។ នាងនោះយកបន្លាមកឆ្កិះដង្កូវនៅដំបៅក្បាលខ្លានោះ ។ ខ្លានោះចេះតែសួរនាងថា "នាង! ដំបៅតាស្អុយឬក្រអូប?” ដំបៅនោះស្អុយណាស់ ប៉ុន្តេនាងនោះឆ្លើយទៅវិញថា "ក្រអូបណាស់លោកតា" ។ ខ្លានោះចេះតែសួរនាងចេះតែថាក្រអូប ។ លុះឆ្កិះដង្កូវអស់ទៅ ខ្លានោះបាត់ឈឺបាត់រមាស់ ហើយនិយាយប្រាប់នាងនោះថា នាង! នាងយកជាលមួយមកាតនឹងដាក់ដម្លូងឲ្យ" ។ នាងនោះយកជាលមួយមកឲ្យខ្លាៗ ដាក់សុទ្ធតែមាសប្រាក់ពេញជាលនោះ ចងមាត់ជាលជាប់ ឲ្យទៅនាងនោះរួចប្រាប់នាងថា "នាង! នាងយកជាលនេះទៅផ្ទះហៅបងប្អួនមកជុំបិទទ្វារឲ្យជិតសឹបបើកមើល ។ នាងនោះលាខ្លាដើរទៅដល់ផ្ទះ ហៅបងប្អូនមកជុះ រួចក៏បើកជាលនោះ ដល់បើកទៅបានសុទ្ធតែមាសនឹងប្រាក់ចែកគ្នា ។
លុះយូរបន្តិចដឹងទៅដល់ស្រីឯទៀត ដែលមានកូនក្រមុំស្រីនោះបញ្ចោរកូនក្រមុំថា "ហងឯងមើលកូនគេៗ ទៅជីកដម្លូងបានមាសប្រាក់យកមកចែកបងប្អូនគេ ហងឯងទៅជីកដម្លូងបាន តែដម្លូងគ្មានបានខ្មោចអ្វីទេ" ។ ថ្ងៃក្រោយស្រីនោះឲ្យកូនទៅជីកដម្លូងដូចនាងនោះទឿត លុះទៅបានជួបប្រទះនឹងខ្លាមុនទៀត ក៏ជ្រើជាជ្រុះចងដូចនាងមុនហើយថា "លោកណាយកចបឲ្យខ្ញុំៗនឹងសងគុណលោក" ។ ខ្លានោះឮហើយក៏មកយកឲ្យ រួចឲ្យនាងនោះចាប់ដង្កូវឲ្យ ។ ខ្លាសួរដូចពីមុនថា "នាង! ដំបៅតាស្អុយ ឬក្រអូប?” ។
នាងនោះឆ្លើយថា "ស្អុយណាស់" ។ ខ្លាឮដូច្នោះ "នាងយកជាលមួយមកតានឹងដាក់មាសប្រាក់ឲ្យ" ។ នាងយកជាលឲ្យខា្លៗដាក់សុទ្ធតែពស់វែកដាក់ពេញជាលហើយឲ្យទៅនាងនោះប្រាប់ថា "នាងយកទៅផ្ទះហៅបងប្អូនមកជុំបិទទ្វារឲ្យជិត សឹមបើក" នាងនោះទៅដល់ផ្ទះហើយប្រាប់ម្ដាយ ម្ដាយអរណាស់ឲ្យបងប្អូនមកជុំបិទទ្វារបើកចាលមើល ពស់វែកចេញមកចឹកមនុស្សទាំងនោះស្លាប់អស់ទៅ ។
ចចើងចង់លោភ រែងបាត់ធនទៅ
ប្រជុំរឿងព្រេងភាគ ២
កិរដូចមានឮតៗគ្នាមកថា ៖ កាលនោះមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេហៅថាចោរចិត្តជា ។ លុះក្មេងនោះចម្រើនធំឡើង អាពុកស្លាប់ទៅនៅតែម្ដាយ ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់កាលណាដើររកលួចទ្រព្យសម្បត្តិទាំងពួង ។ មាតាទូន្មានប្រដៅដូចម្ដេចក៏មិនព្រមធ្វើតាម ទើបមាតាយកទៅឲ្យនៅវត្តរៀនអក្សរ ។ ចៅនោះក៏មិនខំរៀនសូត្រឡើយ ប្រព្រឹត្តិដើរតែលួចទ្រព្យគេយកមកចិញ្ចឹមមាតានិងអាត្មា ។ គ្រូរំឭកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់ ។
ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោង ឲ្យសេនាបតីនាហ្មឺនសព្វមុខមន្ដ្រីចូលគាល់ ទ្រង់មានព្រះឪង្ការថា "មានខែត្រមួយនៅទំនេរ ពុំទាន់មានឈ្មោះណាទៅឈររក្សា បើអ្នកណាយកប្រាក់ ៤០ កហាបនៈ មកដាក់ឃ្លាំង យើងនឹងឲ្យទៅឈរជាចៅហ្វាយស្រុករក្សាខែត្រនោះ ។ ស្ដេចក៏យាងចូលព្រះបរមរាជវាំងវិញ ។
គ្រានោះមន្ដ្រីតូចម្នាក់វិលមកផ្ទះ ដេកកើតទុក្ខចង់ធ្វើចៅហ្វាយស្រុកពន់ពេក ។ វេលាយប់ចូលដំណេកនិយាយនិងភរិយាថា "នាងអើយ! ឥឡូវនេះស្ដេចមានព្រះរាជឪង្ការថា បើឈ្មោះណាមានប្រាក់ ៤០ កហាបនៈ ថ្វាយព្រះអង្គដាក់ឃ្លាំង ទ្រង់ឲ្យធ្វើចៅហ្វាយស្រុករក្សាខែត្រមួយដែលទំនេរ" ។ ភរិយាឆ្លើយថា "អ្នកអើយ! ចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចៅហ្វាយស្រុកណាស់ តែសព្វថ្ងៃយើងក្រីក្រតោកយ៉ាកពេក នឹងរកប្រាក់ថ្វាយស្ដេចពុំបានទេ" និយាយហើយបន់ទេវតាថា "សូមទេវតាជួយខ្ញុំឲ្យបានប្រាក់ ៤០ កហាបនៈថ្វាយស្ដេច ខ្ញុំនឹងបានធ្វើចៅហ្វាយស្រុកគ្រានោះ" ។
ពេលនោះអាចោរចិត្តជាវាដើរលួចគេ ហើយមកអង្គុយក្រោមផ្ទះមន្ដ្រីនោះ វាបានឮដូច្នោះ មានចិត្តអាណិតក៏យកប្រាក់ ៤០ កហាបនៈ ពីផ្ទះវា វេចនិងបង្វេចជាតីមក លូកដៃតាមប្រហោងជញ្ជាំងទៅទុកឲ្យមន្ដ្រីនោះ រួចត្រឡប់ទៅវិញ ។ លុះភ្លឺច្បាស់ មន្ដ្រីនោះភ្ញាក់ឡើងក្រឡេកទៅឃើញបង្វេចសំពត់ ក៏ចាប់លើកស្រាយមើលឃើញប្រាក់ ៤០ កហាបនៈ អរណាស់ប្រាប់ប្រពន្ធថា "យើងមានប្រាក់ ៤០ កហាបនៈ ហើយគឺទេវតាឲ្យ" ។ ប្រពន្ធស្ទុះមកឃើញច្បាស់ ក៏មានចិត្តត្រេកអរពន់ពេក ។
លុះដល់ថ្ងៃរសៀលបន្ដ្រីនោះយកប្រាក់ ៤០ កហាបនៈទៅថ្វាយស្ដេចដាក់ឃ្លាំង ។ ព្រះរាជាក៏តាំងមន្ដ្រីនោះឲ្យទៅធ្វើជាចៅហ្វាយស្រុករក្សាខែត្រនោះតទៅ ។
ឯអាចោរចិត្តជា កាលបើដឹងថាមន្ដ្រីនោះបានធ្វើចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខែត្រនោះ ធ្វើដំណើរឲ្យគេចាប់វាបាន ម្ចាស់ទ្រព្យនាំអាចោរចិត្តជានោះទៅជូនចៅហ្វាយស្រុកៗ បង្គាប់មេគុកឲ្យដាក់ច្រវាក់ឃុំទុកក្រោមផ្ទះលោក ។ វេលាយប់ស្ងាត់អាចោរចិត្តជា និយាយតែម្នាក់ឯងថា "ឌី ! ហេតុតែឯងមានចិត្តអាណិតគេ ៗ ចង់ធ្វើចៅហ្វាយស្រុក ខ្លួនឯងប្រឹងយកប្រាក់ ៤០ កហាបនៈវេចនឹងកំណាត់ជាតីមកឲ្យគេទាំងយប់ ឥឡូវនេះគេបានធ្វើចៅហ្វាយស្រុកហើយ គេមិនមេត្តករុណាឯងបន្តិចសោះ គេដាក់ច្រវាក់ឃុំឯងទុកឲ្យវេទនា" ។ អាចោរចិត្តជានិយាយតែពាក្យដដែលៗម្នាក់ឯងមិនឈប់ ។
ឯចៅហ្វាយស្រុកនិងប្រព័ន្ធ បានឮចោរនិយាយដូច្នោះក៏ប្រឹក្សាគ្នាថា "ចោរវានិយាយនេះ ត្រូវដូចរឿងខ្លួនយើង គួរឆ្ងល់ណាស់គួរតែយើងចេះទៅសួរវាឲ្យជាក់ច្បាស់" ។ ទើបចៅហ្វាយស្រុកចុះពីផ្ទះទៅសួរចោរនោះថា "យើងឮឯងនិយាយរឿងអ្វី យើងស្ដាប់បានខ្លះ ចូរឯងនិយាយរឿងនោះឲ្យយើងស្ដាប់ក្នុងវេលានេះតាមពិត" ។ ទើបអាចោរចិត្តជានិយាយថា "ខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរតែលួចទ្រព្យរបស់គេរាល់យប់មកចិញ្ចឹមជីវិត កាលលោកនៅជាមន្ត្រីតូចពុំទាន់បានធ្វើចៅហ្វាយស្រុក វេលាយប់មួយនោះ ខ្ញុំដើរលួចគេ ហើយមកអង្គុយក្រោមផ្ទះលោក ឮលោកនិយាយនិងប្រពន្ធថា "យើងបានប្រាក់ ៤០ កហាបនៈមកពីណាថ្វាយស្ដេចៗឲ្យធ្វើចៅហ្វាយស្រុកខេត្តមួយ" ។ ប្រពន្ធលោកថា "យើងក្រីក្រម៉្លេះនឹងបានពីណា ?” ។ ខ្ញុំឮដូច្នោះមានចិត្តអាណិតលោក ក៏ទៅយកប្រាក់ ៤០ កហាបនៈពីផ្ទះវេចនឹងកំណាត់ជាតី មកដាក់ជិតក្បាលដំណេក ទុកជូនលោកខ្ញុំត្រឡប់ទៅវិញ ថ្ងៃក្រោយឮគេនិយាយថា លោកបានធ្វើចៅហ្វាយស្រុកខ្ញុំក៏មកលួចក្នុងខែត្រនេះ គេចាប់ខ្លួនខ្ញុំបាន នាំមកជូនលោកៗក៏ធ្វើទោសខ្ញុំមិនប្រណី" ។
ចៅហ្វាយស្រុកបានស្ដាប់ក៏ជឿជាក់ឥតសង្ស័យ ហើយថា "យី! អាសម្លាញ់អើយ! ឯងនិយាយនេះពិតប្រាកដមែន ដែលអញបានធ្វើចៅហ្វាយស្រុកពីព្រោះតែឯងជួយ វេលានេះឯងកុំភ័យ កុំតូចចិត្ត ព្រឹកនេះអញនឹងដោះលែងឯងឲ្យរួចចេញពីទោស មួយទៀតឯងនិងអញយកគ្នាជាសម្លាញ់តទៅ" ។
ចៅហ្វាយស្រុកសួរថា "ឯងឈ្មោះអ្វី ?” ។ បុរសនោះជំរាបថា "ខ្ញុំឈ្មោះថា អាចោរចិត្តជា" ។ រួចចៅហ្វាយស្រុកក៏ឡើងលើផ្ទះវិញ ។ លុះភ្លឺច្បាស់ចៅហ្វាយស្រុកបង្គាប់មេគុកឲ្យដោះអាចោរចិត្តជារួចពីទោសហើយនិយាយថា "អាសម្លាញ់ឯងនៅនឹងអញចុះ អញចិញ្ចឹមឯងពីថ្ងៃនេះតទៅ ឯងកុំលួចគេទៀត" ។ អាចោរចិត្តជាឆ្លើយថា "រឿងលយចនេះអញមិនឈប់ទេ ដែលអញលួចទ្រព្យគេនោះគ្រាន់យកទៅចិញ្ចឹមមាតាមេម៉ាយ" ។ ចៅហ្វាយស្រុកក៏ឲ្យប្រាក់ ៣០ កហាបនៈ យកទៅឲ្យមាតា ។ អាចោរចិត្តជាមិនព្រមយក ។ ចៅហ្វាយស្រុកសួរថា "ផ្ទះអាសម្លាញ់ឯងនៅឯណា ? ចូរឯងប្រាប់អញឲ្យត្រង់" ។ អាចោរចិត្តជាប្រាប់ថា "អញនៅផ្ទះនោះ" ហើយលាចៅហ្វាយស្រុកទៅផ្ទះវិញ ។
គ្រានោះលោកយមរាជ នឹងមន្ត្រីតូចម្នាក់កើតសេចក្ដីវិវាទទាស់ទែងគ្នាជាយូរខែហើយ មន្ត្រីតូចនោះគុំគិតសម្លាប់លោកយមរាជនោះឲ្យបាន ។ មន្ត្រីតូចនោះមានស្រីបម្រើម្នាក់ជាទីទុកចិត្តប្រើដូចម្ដេចបានទាំងអស់ ។ ស្រីបម្រើនោះខំផ្គាប់ផ្គន់ចៅហ្វាយមិនឲ្យទាស់ចិត្ត ។ វេលាយប់ស្ងាត់មន្ត្រីនោះនិយាយនិងស្រីបម្រើថា "វេលានេះចូរឯងអាណិតអញ ពីព្រោះអញស្អប់លោកយមរាជណាស់ អញចង់សម្លាប់គាត់ចោល តែមិនដឹងរកអក្នឯណាជួយរឿងនេះសព្វថ្ងៃអញឃើញតែឯងមានប្រាជ្ញា" ហើយមន្ត្រីនោះបង្គាប់ស្រីបម្រើថា "ចូរឯងចេញពីអញទៅរកលោកយមរាជនៅនឹងគេចុះ រួចឯងខំផ្គាប់ផ្គន់ដូចឯងនៅនិងអញ បើឯងបម្រើខាងក្រៅ លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាល ឯងត្រូវចូលបម្រើខាងក្នុងលុះបានហើយឯងចាំមើលរាល់វេលាយប់ស្ងាត់កាលណាយមរាជនោះដេកលក់ ចូរឯងរំលាយសំណឲ្យពុះក្ដៅ រួចយកទៅចាក់ក្នុងមាត់ទៅលោកយមរាជនឹងស្លាប់មិនខាន គ្មានអ្នកណាដឹងឡើយ ើឯងធ្វើបានដូចគំនិតនេះ អញនឹងចេញប្រាក់លួសឯងយកមកវិញឲ្យរួចពីខ្ញុំគេ" ។ ស្រីបម្រើនេះ ទទួលការសព្វគ្រប់ ។
វេលាយប់នោះអាចោរចិត្តជាដើរលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះ កាលមន្ត្រីនោះនិយាយបង្គាប់ស្រីបម្រើឲ្យសម្លាប់លោកយមរាជដូចម្ដេចក៏វាស្លាប់បានទាំងអស់ ។ ថ្ងៃក្រោយស្រីបម្រើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជនៅ លោកយមរាជក៏ទទួលចេញប្រាក់លួសឲ្យនៅបម្រើរៀងមក ។ នាងនោះផ្គាប់ផ្គន់ខំបម្រើលោកយមរាជ និងលោកជំទាវមិនឲ្យទាស់ចិត្ត ។ លោកយមរាជនិងលោកជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យចេញចូលខាងក្នុងបម្រើជិតដិតរៀងមក ។ វេលាមួយនោះពេលយប់ស្ងាត់ស្រីបម្រើនោះវាដឹងថា លោកយមរាច និងលោកជំទាវសំរាន្តលក់ហើយ វាដុតភ្លើងរំលាយសំណឲ្យពុះក្ដៅ ហើយវាលើកសំណនោះចាក់ក្នុងមាត់លោកយមរាជៗស្លាប់ទៅ រួចវាត្រឡប់ទៅដេកតាមកន្លេងវិញ ។
លុះព្រឹកឡើងលោកជំទាវភ្នាក់បានដឹងថាប្ដីស្លាប់ក៏ស្រែកទ្រហោយំ មនុស្សផ្អើលមកមើលឃើញលោកយមរាជស្លាប់មែន តែមិនដឹងជាស្លាប់ពីរោគអ្វីដោយគ្មានស្លាកស្នាមបន្តិចសោះ ។ លោកជំទាវនោះទៅក្រាប់បង្គំទូលស្ដេចតាមរឿងដែលស្លាប់ ។ ព្រះរាជាទ្រង់ក៏ទៅក្រាបបង្គំទូលតាមរឿង ។ ព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ចុះទុកតាមគួរ ។ ក្រោយនោះជារដូវបុណ្យទ្វារទសមាស នាហ្មឺនសព្វមុខមន្ត្រីចូលគាល់ព្រះមហាក្សត្រៗទ្រង់មានព្រះរាជឪង្ការថា "បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់មរាជបានដឹងច្បាស់ប្រាកដ យើងឲ្យធ្វើជាទីយមរាជ" រួចទ្រង់ស្ដេចយាងចូលខាងក្នុងវិញ ។ សេនាបតីនាហ្មឺនសព្វមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួនវិញ ។ គ្រានោះចៅហ្វាយស្រុកដែលជាសម្លាញ់អាចោរចិត្តជា ចង់ធ្វើយមរាជណាស់ បានទៅរកអាចោរចិត្តជាៗសួរថា "អាសម្លាញ់ ឯងមករកអ្វី?” ។ ចៅហ្វាយស្រុកប្រាប់ថា "អញមកមានការសួរឯងបន្តិច ត្បិតលោកយមរាជស្លាប់ដោយមាននរណាដឹងថាស្លាប់ពីរោគអ្វី ឥឡូវស្ដេចមានព្រះរាជឪង្ការថា "បើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដទ្រង់នឹងឲ្យធ្វើទីយមរាជ រឿងនេះអាសម្លាញ់ដឹងឬទេ? ត្បិតអញចង់ធ្វើយមរាជណាស់" អាចោរចិត្តជាឆ្លើយថា "រឿងនេះអញបានដឹងច្បាស់ព្រោះនៅវេលារាត្រីមួយនោះអញដើរលួចគេ ហើយអញមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះប្រាប់ស្រីបម្រើម្នាក់ថា "អញស្អប់លោកយមរាជពេក ចង់សម្លាប់ចោល ព្រោះជាសត្រូវនិងអញ ក្នុងគ្រានោះត្រូវឯងជួយអញជាប្រាកដ ដូច្នោះត្រូវឯងចេញពីផ្ទះអញទៅរកផ្ទះលោកយមរាជនៅ បើគេព្រមទទួលឲ្យនៅត្រូវឯងខំបម្រើឲ្យគេត្រូវចិត្ត បើគេទុកចិត្តស្និទ្ធស្នាលប្រើចេញចូលនៅខាងក្នុងវេលាណា លុះដល់យប់ស្ងាត់ឯងត្រូវដុតភ្លើងរំលាយសំណឲ្យពុះក្ដៅហើយយកទៅចាក់ក្នុងមាត់លោកយមរាជកំពុងដេកលក់ គង់ស្លាប់មិនខាន អញស្ដាប់បានចាំប្រាកដ សម្លាញ់ឯងទៅទូលស្ដេចតាមរឿងនេះចុះ តែឲ្យគាស់ខ្នោចលោកយមរាជនោះមកវះមើល បើឃើញសំណនៅក្នុងពោះខ្មោចនោះមែនអាសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខាន" ។ ចៅហ្វាយស្រុកស្ដាប់បានការហើយត្រឡប់ទៅផ្ទះវិញ ។
ថ្ងៃក្រោយចៅហ្វាយស្រុកទៅទូលស្ដេចតាមរឿងៗ ទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រីនោះ និងមេស្រីនោះយកមកឃុំទុក ទ្រង់ឲ្យគេគាស់ខ្មោចលោកយមរាជមកវះមើលឃើញសំណនៅក្នុងពោះមែន ទ្រង់ឲ្យជំនុំរឿងនោះមេនោះឆ្លើយថា "ខ្ញុំសម្លាប់លោកយមរាជពិតប្រាកដ" ទ្រង់ឲ្យប្រហារជីវិតទាំងពីរនាក់ចោលទៅ ទ្រង់ក៏តាំងចៅហ្វាយស្រុកនោះឲ្យធ្វើទីយមរាជ ។
ឯចៅហ្វាយស្រុកកាលបើធ្វើទីយមរាជហើយ ឲ្យបម្រើទៅហៅអាចោរចិត្តជាជាសម្លាញ់មក លុះមកដល់ប្រាប់ថា "អាសម្លាញ់អើយ! ឯងមានគុណនឹងអញច្រើនណាស់ ឥឡូវនេះអញបានធ្វើយមរាជហើយ ដែលអញបានធ្វើយមរាជនេះ គឺដោយសារតែឯងជួយអញ ពីថ្ងៃនេះទៅឯងកុំលួចគេទៀត អញចិញ្ចឹមមាតាឯង និងសម្លាញ់ឯងលុះអស់ជីវិត" ។ អាចោរចិត្តជាឆ្លើយថា "អញសុំលួចតែម្ដងទៀត" រួចត្រឡប់ទៅផ្ទះវិញ លុះយប់អាចោរចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់នឹងសំពត់អាវជាច្រើនយកទៅជូនមាតា ។ លុះព្រឹកឡើងអាចោរចិត្តជាមកប្រាប់លោកយមរាជថា "អាសម្លាញ់យប់មិញអញចូលលួចគេ បានប្រាក់និងសំពត់អាវច្រើនណាស់ ពីថ្ងៃនេះទៅអញលះបង់ចោលរឿងរកស៊ីលួចគេហើយ អាសម្លាញ់ឯងជឿចុះ" ។ លោកយមរាជតបថា "បើឯងឈប់រកស៊ីលួចគេ នោះអញអរណាស់បើខ្វះខាងអ្វីមករកអញៗ ឲ្យឯងកុំទើសទាល់អញចិញ្ចឹមលុះអស់ជីវិត" ។
អាចោរចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញ ទៅនៅរក្សាមាតាជាសុខសប្បាយ ។
លោកយមរាជ និងអាចោរចិត្តជាស្រលាញ់រាប់អានគ្នា ចិញ្ចឹមគ្នាដរាបអស់ជីវិតដូចបានសន្យាគ្នាមក ។
មនុស្សចិត្តជា តែងមានគ្នាជាទីពឹង
ប្រជុំរឿងព្រេងខ្មែរភាគ ១
កាលដើមឡើយមាន ការស្រឡាញ់ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ រស់នៅ លើកោះ ដ៏សែន សុខសាន្តមួយ ។ ថ្ងៃមួយផែនដីប្រកាសថា កោះសុខសាន្ត នឹងលិច សូមអ្នកទាំងអស់គ្នាចាក ចេញឲ្យឆាប់រហ័យសបំផុត ។ មាន ក្រ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ សុទ្ធតែមានឧបករណ៍ ចម្លងរៀងខ្លួន លើកលែងតែការស្រឡាញ់ ដែលកំពុងភ័យស្វែងរកជំនួយព្រោះ កោះ លិច កាន់តែ លឿនទៅៗ ។
ខណៈពេលនោះ ការស្រឡាញ់ឃើញ សំពៅ របស់ មាន ជឹះកាត់ ក៏ស្រែកសួរ « បង មាន… សូមជួយចម្លងខ្ញុំផងបានទេ ?» មាន បានឆ្លើយថា «ទេទេ! សំពៅ ខ្ញុំ ពោរពេញ ទៅដោយ ទ្រព្យសម្បត្តិ គ្មានចន្លោះណា សម្រាប់ បងទេ!» ហើយ មានក៏ជិះហួស បាត់ទៅ ។ មួយសន្ទុះ ក្រោយមក ក្រ ក៏បណ្ដែតក្បូនមក ការស្រឡាញ់ ឃើញក៏ ស្រែកអង្វរ «បង ក្រ … សូមជួយចម្លងខ្ញុំផង បានទេ ពេលនេះកោះលិចផុតជើងខ្ញុំ ហើយ!» ក្រ «សូមទោស! កន្លែងខ្ញុំចង្អៀតណាស់ គ្មានចន្លោះ ណា ដឹកបងទេ!» រួច ក្រ ក៏ជិះហួស បាត់ទៅ ។ រីករាយ ទុក្ខព្រួយ ច្រណែន ប្រច័ណ្ឌ មកជាបន្ត បន្ទាប់ ប៉ុន្តែម្នាក់រវល់ តែសប្បាយក្អាកក្អាយ ម្នាក់ទៀត រវល់ តែ កើតទុក្ខ ឈ្ងោកមុខ មិនបានលឺការស្រឡាញ់ ស្រែកហៅទេ ។
ចំណែក ច្រណែន ប្រច័ណ្ឌ ពួកគេមិនឲ្យការស្រឡាញ់ ទៅ ជាមួយទេ ព្រោះ ការ ស្រឡាញ់ គឺ ជាសត្រូវ របស់ ពួកគេ ។ ទឹកលិច កាន់តែជ្រៅទៅៗ ត្រឹមចង្កេះ ត្រឹមទ្រូង របស់ការ ស្រឡាញ់ ហើយ… ការស្រឡាញ់គិតថា គេនឹងគ្មានជីវិត រស់នៅបាន នោះទេ គេរំលឹករឿង គ្រប់បែប យ៉ាង កាលពីរស់នៅលើ កោះសុខសាន្ត ជាមួយ គ្នា គឺ ពួកគេ ទាំងអស់ គ្នា សុទ្ធតែ ត្រូវការ ការស្រឡាញ់ ទាំងអស់គ្នា ហេតុអ្វី បានជាពេលមាន អាសន្ន ពួកគេ ធ្វើបែប នេះ ទៅវិញ ។ ការស្រឡាញ់ អស់សង្ឃឹម ខ្លាំងណាស់ ទឹកភ្នែក រលីងរលោង រៀបនឹងស្រក់ ចុះមក ឯទឹក ក៏រៀបលិច ជិតផុត រូបគេ ទៀត ស្រាប់តែ មានដៃមួយ មកចាប់ ទាញ ដៃការស្រឡាញ់យ៉ាង ណែន ហើយ និយាយ ថា បងអាចទៅ ជាមួយខ្ញុំបាន ខ្ញុំនឹង ជួយចម្លងបង ការពារ បងឆ្លងទៅ ដល់ត្រើយ សុខសាន្តម្ខាងទៀត ។
ការស្រឡាញ់ អរណាស់ រំភើបណាស់ ភ្លេចខ្លួន ក៏មកដល់ ច្រាំងរួចចុះទៅ ឯសំពៅ របស់គេ ម្នាក់ នោះក៏ថយ ទៅវិញ បាត់ដែរ ។ ការស្រឡាញ់ ពិបាកចិត្ត ម្ដងទៀត ព្រោះខ្លួនរវល់តែ អរពេក មិនទាន់ នឹង បាន អរគុណគេ ហើយមិនទាំង នឹងស្គាល់ថា គេ នោះ ជានរណាទៀត! គេដើរ បណ្ដើរ សួរខ្លួន ឯង បណ្ដើរ បន្ទោសខ្លួន ឯង បណ្ដើរ ហើយក៏ជួប នឹង បង បញ្ញា ក៏សួរ តើបង ដឹងថា គេ ជានរណា ទេ ? ខ្ញុំចង់អរគុណ គាត់! បញ្ញា ញញឹម ហើយ ក៏និយាយថា គេមិន ត្រូវការ អ្វី ពីបង នោះទេ សុំត្រឹមតែ បង មានសេចក្ដី សុខ ទៅ នោះគេ សប្បាយចិត្ត ណាស់ទៅហើយ ។ គេ នោះ គឺ ជាពេលវេលា មានតែ ពេលវេលា ទេ ទើបដឹងថា ការស្រឡាញ់ ត្រូវការ អ្វី! មានតែ ពេលវេលា ទេ ទើបដឹងថា ការស្រឡាញ់ មានតម្លៃ កម្រិត ណា!!!
Get free blog up and running in minutes with Blogsome
Theme designed by Gary Rogers