មនុស្សលោភ

December 7, 2006

ប្រភេទ ៖ ទូទៅ

កាល​ពី​ព្រេងនាយ​មាន​កុមារី​ម្នាក់​អាយុ ១៤ ឆ្នាំ​ម្ដាយ​ប្រើ​ឲ្យ​ទៅ​ជីក​ដម្លូង​។ ក្មេង​នោះ​រៀប​ចប​រួច​ស្រេច​ចេញ​ដើរ​ទៅ​រក​ដម្លូង ទៅ​ដល់​ព្រៃ​ធំ​មាន​ដម្បូក​មួយ​មាន​រូង​ជ្រៅ ។ កុមារី​នោះ​ទៅ​ជីក​ដម្លូង​នៅ​ជើង​ដម្បូក​នោះ​របូត​ផ្លែ​ចប ជ្រុះ​ធ្លាក់​ទៅ​ក្នុង​រូង​នោះ ។ នាង​នោះ​មិន​ដឹង​ធ្វើ​ដូចម្ដេច​ក៏​ស្រែក​ប្រកាស​ថា "លោក​ណា​ជួយ​យក​ផ្លែ​ចប​ឲ្យ​ខ្ញុំ​បាន ខ្ញុំ​នឹង​សង​គុណ​លោក។ ស្រែក​តែ​ប៉ុណ្ណោះ មាន​ខ្លា​ចាស់​មួយ​ដំបៅ​ក្បាល​រុយ​រោម​បែង​ដង្កូវ​ចុះ​គក្រិច ចេញ​មក​ពី​ក្នុង​ព្រៃ​ប្រាប់​ទៅ​នាង​នោះ​ថា "នាង!​តាយក​ឲ្យ​បាន ផ្លែ​ចប​នោះ តែ​បើ​តាយក​បាន​គ្រាន់​តែ​នាង​ឯង​រក​ចៃ​ឲ្យ​តា ហើយ​តា​មិន​ចាំបាច់​យក​គុណ​ពី​ចៅ​ទេ

នាង​ឮ​ដូច្នោះ ក៏​និយាយ​ថា "ឪ​លោកតា​អើយ! ឲ្យ​តែ​លោកតា​ជួយ​យក​ឲ្យ​បាន​ចុះ។ ខ្លា​នោះ​យក​ផ្លែ​ចប​បាន​ពី​ក្នុង​រូង​ឲ្យ​ទៅ​នាង​នោះ ហើយ​ឲ្យ​នាង​នោះ​រក​ចៃ​ឲ្យ ។ នាង​នោះ​យក​បន្លា​មក​ឆ្កិះ​ដង្កូវ​នៅ​ដំបៅ​ក្បាល​ខ្លា​នោះ ។ ខ្លា​នោះ​ចេះ​តែ​សួរ​នាង​ថា "នាង! ដំបៅ​តា​ស្អុយ​ឬ​ក្រអូប?” ដំបៅ​នោះ​ស្អុយ​ណាស់ ប៉ុន្តេ​នាង​នោះ​ឆ្លើយ​ទៅ​វិញ​ថា "ក្រអូប​ណាស់​លោកតា។ ខ្លា​នោះ​ចេះ​តែ​សួរ​នាង​ចេះ​តែ​ថា​ក្រអូប ។ លុះ​ឆ្កិះ​ដង្កូវ​អស់​ទៅ ខ្លា​នោះ​បាត់​ឈឺ​បាត់​រមាស់ ហើយ​និយាយ​ប្រាប់​នាង​នោះ​ថា នាង! នាង​យក​ជាល​មួយ​មក​ាត​នឹង​ដាក់​ដម្លូង​ឲ្យ។ នាង​នោះ​យក​ជាល​មួយ​មក​ឲ្យ​ខ្លាៗ ដាក់​សុទ្ធ​តែ​មាស​ប្រាក់​ពេញ​ជាល​នោះ ចង​មាត់​ជាល​ជាប់ ឲ្យ​ទៅ​នាង​នោះ​រួច​ប្រាប់​នាង​ថា "នាង! នាង​យក​ជាល​នេះ​ទៅ​ផ្ទះ​ហៅ​បង​ប្អួន​មក​ជុំ​បិទ​ទ្វារ​ឲ្យ​ជិត​សឹប​បើក​មើល ។ នាង​នោះ​លា​ខ្លា​ដើរ​ទៅ​ដល់​ផ្ទះ ហៅ​បង​ប្អូន​មក​ជុះ រួច​ក៏​បើក​ជាល​នោះ ដល់​បើក​ទៅ​បាន​សុទ្ធ​តែ​មាស​នឹង​ប្រាក់​ចែក​គ្នា ។

លុះ​យូរ​បន្តិច​ដឹង​ទៅ​ដល់​ស្រី​ឯ​ទៀត ដែល​មាន​កូន​ក្រមុំ​ស្រី​នោះ​បញ្ចោរ​កូន​ក្រមុំ​ថា "ហង​ឯង​មើល​កូន​គេៗ ទៅ​ជីក​ដម្លូង​បាន​មាស​ប្រាក់​យក​មក​ចែក​បង​ប្អូន​គេ ហង​ឯង​ទៅ​ជីក​ដម្លូង​បាន តែ​ដម្លូង​គ្មាន​បាន​ខ្មោច​អ្វី​ទេ។ ថ្ងៃ​ក្រោយ​ស្រី​នោះ​ឲ្យ​កូន​ទៅ​ជីក​ដម្លូង​ដូច​នាង​នោះ​ទឿត លុះ​ទៅ​បាន​ជួប​ប្រទះ​នឹង​ខ្លា​មុន​ទៀត ក៏​ជ្រើ​ជា​ជ្រុះ​ចង​ដូច​នាង​មុន​ហើយ​ថា "លោក​ណា​យក​ចប​ឲ្យ​ខ្ញុំ​ៗ​នឹង​សង​គុណ​លោក។ ខ្លា​នោះ​ឮ​ហើយ​ក៏​មក​យក​ឲ្យ រួច​ឲ្យ​នាង​នោះ​ចាប់​ដង្កូវ​ឲ្យ ។ ខ្លា​សួរ​ដូច​ពី​មុន​ថា "នាង! ដំបៅ​តា​ស្អុយ ឬ​ក្រអូប?” 

នាង​នោះ​ឆ្លើយ​ថា "ស្អុយ​ណាស់។ ខ្លា​ឮ​ដូច្នោះ "នាង​យក​ជាល​មួយ​មក​តា​នឹង​ដាក់​មាស​ប្រាក់​ឲ្យ។ នាង​យក​ជាល​ឲ្យ​ខា្លៗ​ដាក់​សុទ្ធ​តែ​ពស់​វែក​ដាក់​ពេញ​ជាល​ហើយ​ឲ្យ​ទៅ​នាង​នោះ​ប្រាប់​ថា "នាង​យក​ទៅ​ផ្ទះ​ហៅ​បង​ប្អូន​មក​ជុំ​បិទ​ទ្វារ​ឲ្យ​ជិត សឹម​បើក" នាង​នោះ​ទៅ​ដល់​ផ្ទះ​ហើយ​ប្រាប់​ម្ដាយ ម្ដាយ​អរណាស់​ឲ្យ​បង​ប្អូន​មក​ជុំ​បិទ​ទ្វារ​បើក​ចាល​មើល ពស់​វែក​ចេញ​មក​ចឹក​មនុស្ស​ទាំង​នោះ​ស្លាប់​អស់​ទៅ ។

ចចើងចង់លោភ រែងបាត់ធនទៅ

ប្រជុំរឿងព្រេងភាគ ២

ចោរចិត្តជា

November 24, 2006

ប្រភេទ ៖ ទូទៅ

កិរ​ដូច​មាន​ឮ​តៗ​គ្នា​មក​ថា ៖ កាល​នោះ​មាន​ក្មេង​ប្រុស​ម្នាក់​នៅ​ស្រុក​មួយ​អ្នក​ស្រុក​គេ​ហៅ​ថា​ចោរ​ចិត្ត​ជា ។ លុះ​ក្មេង​នោះ​ចម្រើន​ធំ​ឡើង អាពុក​ស្លាប់​ទៅ​នៅ​តែ​ម្ដាយ ។ ចៅ​នោះ​មិន​គិត​ធ្វើការ​រក​ស៊ី​អ្វី​សោះ តែ​វេលា​យប់​កាល​ណា​ដើរ​រក​លួច​ទ្រព្យ​សម្បត្តិ​ទាំងពួង ។ មាតា​ទូន្មាន​ប្រដៅ​ដូចម្ដេច​ក៏​មិន​ព្រម​ធ្វើ​តាម ទើប​មាតា​យក​ទៅ​ឲ្យ​នៅ​វត្ត​រៀន​អក្សរ ។ ចៅ​នោះ​ក៏​មិន​ខំ​រៀន​សូត្រ​ឡើយ ប្រព្រឹត្តិ​ដើរ​តែ​លួច​ទ្រព្យ​គេ​យក​មក​ចិញ្ចឹម​មាតា​និង​អាត្មា ។ គ្រូ​រំឭក​ប្រដៅ​ដូច​ម្ដេច​ក៏​មិន​ព្រម​ស្ដាប់ ។

ថ្ងៃ​មួយ​ស្ដេច​ក្នុង​នគរ​នោះ​ទ្រង់​ចេញ​ប្រថាប់​ចុង​ព្រះ​រាជរោង ឲ្យ​សេនា​បតី​នាហ្មឺន​សព្វ​មុខ​មន្ដ្រី​ចូល​គាល់ ទ្រង់​មាន​ព្រះ​ឪង្ការ​ថា "មាន​ខែត្រ​មួយ​នៅ​ទំនេរ ពុំ​ទាន់​មាន​ឈ្មោះ​ណា​ទៅ​ឈរ​រក្សា បើ​អ្នក​ណា​យក​ប្រាក់ ៤០ កហាបនៈ មក​ដាក់​ឃ្លាំង យើង​នឹង​ឲ្យ​ទៅ​ឈរ​ជា​ចៅ​ហ្វាយ​ស្រុក​រក្សា​ខែត្រ​នោះ ។ ស្ដេច​ក៏​យាង​ចូល​ព្រះ​បរមរាជ​វាំង​វិញ ។

គ្រា​នោះ​មន្ដ្រី​តូច​ម្នាក់​វិល​មក​ផ្ទះ ដេក​កើត​ទុក្ខ​ចង់​ធ្វើ​ចៅហ្វាយ​ស្រុក​ពន់ពេក ។ វេលា​យប់​ចូល​ដំណេក​និយាយ​និង​ភរិយា​ថា "នាង​អើយ! ឥឡូវ​នេះ​ស្ដេច​មាន​ព្រះរាជ​ឪង្ការ​ថា បើ​ឈ្មោះ​ណា​មាន​ប្រាក់ ៤០ កហាបនៈ ថ្វាយ​ព្រះអង្គ​ដាក់​ឃ្លាំង ទ្រង់​ឲ្យ​ធ្វើ​ចៅហ្វាយ​ស្រុក​រក្សា​ខែត្រ​មួយ​ដែល​ទំនេរ។ ភរិយា​ឆ្លើយ​ថា "អ្នក​អើយ! ចិត្ត​ខ្ញុំ​ចង់​ឲ្យ​អ្នក​ធ្វើ​ចៅហ្វាយ​ស្រុក​ណាស់ តែ​សព្វ​ថ្ងៃ​យើង​ក្រីក្រ​តោកយ៉ាក​ពេក នឹង​រក​ប្រាក់​ថ្វាយ​ស្ដេច​ពុំ​បាន​ទេ" និយាយ​ហើយ​បន់​ទេវតា​ថា "សូម​ទេវតា​ជួយ​ខ្ញុំ​ឲ្យ​បាន​ប្រាក់ ៤០ កហាបនៈ​ថ្វាយ​ស្ដេច ខ្ញុំ​នឹង​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​គ្រា​នោះ

ពេល​នោះ​អា​ចោរ​ចិត្ត​ជា​វា​ដើរ​លួច​គេ ហើយ​មក​អង្គុយ​ក្រោម​ផ្ទះ​មន្ដ្រី​នោះ វា​បាន​ឮ​ដូច្នោះ មាន​ចិត្ត​អាណិត​ក៏​យក​ប្រាក់ ៤០ កហាបនៈ ពី​ផ្ទះ​វា វេច​និង​បង្វេច​ជាតី​មក លូក​ដៃ​តាម​ប្រហោង​ជញ្ជាំង​ទៅ​ទុក​ឲ្យ​មន្ដ្រី​នោះ រួច​ត្រឡប់​ទៅ​វិញ ។ លុះ​ភ្លឺ​ច្បាស់ មន្ដ្រី​នោះ​ភ្ញាក់​ឡើង​ក្រឡេក​ទៅ​ឃើញ​បង្វេច​សំពត់ ក៏​ចាប់​លើក​ស្រាយ​មើល​ឃើញ​ប្រាក់ ៤០ កហាបនៈ អរ​ណាស់​ប្រាប់​ប្រពន្ធ​ថា "យើង​មាន​ប្រាក់ ៤០ កហាបនៈ ហើយ​គឺ​ទេវតា​ឲ្យ។ ប្រពន្ធ​ស្ទុះ​មក​ឃើញ​ច្បាស់ ក៏​មាន​ចិត្ត​ត្រេកអរ​ពន់ពេក ។

លុះ​ដល់​ថ្ងៃ​រសៀល​បន្ដ្រី​នោះ​យក​ប្រាក់ ៤០ កហាបនៈ​ទៅ​ថ្វាយ​ស្ដេច​ដាក់​ឃ្លាំង ។ ព្រះរាជា​ក៏​តាំង​មន្ដ្រី​នោះ​ឲ្យ​ទៅ​ធ្វើ​ជា​ចៅហ្វាយ​ស្រុក​រក្សា​ខែត្រ​នោះ​តទៅ ។

ឯ​អា​ចោរ​ចិត្ត​ជា កាល​បើ​ដឹង​ថា​មន្ដ្រី​នោះ​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ហើយ​ក៏​ដើរ​ស្វែងរក​លួច​អ្នក​ស្រុក​ក្នុង​ខែត្រ​នោះ ធ្វើ​ដំណើរ​ឲ្យ​គេ​ចាប់​វា​បាន ម្ចាស់​ទ្រព្យ​នាំ​អា​ចោរ​ចិត្ត​ជា​នោះ​ទៅ​ជូន​ចៅហ្វាយ​ស្រុកៗ បង្គាប់​មេគុក​ឲ្យ​ដាក់​ច្រវាក់​ឃុំ​ទុក​ក្រោម​ផ្ទះ​លោក ។ វេលា​យប់​ស្ងាត់​អាចោរ​ចិត្ត​ជា និយាយ​តែ​ម្នាក់​ឯង​ថា "ឌី ! ហេតុ​តែ​ឯង​មាន​ចិត្ត​អាណិត​គេ ៗ ចង់​ធ្វើ​ចៅហ្វាយ​ស្រុក ខ្លួន​ឯង​ប្រឹង​យក​ប្រាក់ ៤០ កហាបនៈ​វេច​នឹង​កំណាត់​ជាតី​មក​ឲ្យ​គេ​ទាំង​យប់ ឥឡូវ​នេះ​គេ​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ហើយ គេ​មិន​មេត្ត​ករុណា​ឯង​បន្តិច​សោះ គេ​ដាក់​ច្រវាក់​ឃុំ​ឯង​ទុក​ឲ្យ​វេទនា។ អាចោរ​ចិត្ត​ជា​និយាយ​តែ​ពាក្យ​ដដែលៗ​ម្នាក់​ឯង​មិន​ឈប់ ។

ឯ​ចៅហ្វាយ​ស្រុក​និង​ប្រព័ន្ធ បាន​ឮ​ចោរ​និយាយ​ដូច្នោះ​ក៏​ប្រឹក្សា​គ្នា​ថា "ចោរ​វា​និយាយ​នេះ ត្រូវ​ដូច​រឿង​ខ្លួន​យើង គួរ​ឆ្ងល់​ណាស់​គួរ​តែ​យើង​ចេះ​ទៅ​សួរ​វា​ឲ្យ​ជាក់​ច្បាស់។ ទើប​ចៅហ្វាយ​ស្រុក​ចុះ​ពី​ផ្ទះ​ទៅ​សួរ​ចោរ​នោះ​ថា "យើង​ឮ​ឯង​និយាយ​រឿង​អ្វី យើង​ស្ដាប់​បាន​ខ្លះ ចូរ​ឯង​និយាយ​រឿង​នោះ​ឲ្យ​យើង​ស្ដាប់​ក្នុង​វេលា​នេះ​តាម​ពិត។ ទើប​អាចោរ​ចិត្ត​ជា​និយាយ​ថា "ខ្លួន​ខ្ញុំ​នេះ​ជា​មនុស្ស​ប្រព្រឹត្ត​ចោរកម្ម​ដើរ​តែ​លួច​ទ្រព្យ​របស់​គេ​រាល់​យប់​មក​ចិញ្ចឹម​ជីវិត កាល​លោក​នៅ​ជា​មន្ត្រី​តូច​ពុំទាន់​បាន​ធ្វើ​ចៅហ្វាយ​ស្រុក វេលា​យប់​មួយ​នោះ ខ្ញុំ​ដើរ​លួច​គេ ហើយ​មក​អង្គុយ​ក្រោម​ផ្ទះ​លោក ឮ​លោក​និយាយ​និង​ប្រពន្ធ​ថា "យើង​បាន​ប្រាក់ ៤០ កហាបនៈ​មក​ពីណា​ថ្វាយ​ស្ដេចៗ​ឲ្យ​ធ្វើ​ចៅហ្វាយ​ស្រុក​ខេត្ត​មួយ។ ប្រពន្ធ​លោក​ថា "យើង​ក្រីក្រ​ម៉្លេះ​នឹង​បាន​ពីណា ?” ។ ខ្ញុំ​ឮ​ដូច្នោះ​មាន​ចិត្ត​អាណិត​លោក ក៏​ទៅ​យក​ប្រាក់ ៤០ កហាបនៈ​ពី​ផ្ទះ​វេច​នឹង​កំណាត់​ជាតី មក​ដាក់​ជិត​ក្បាល​ដំណេក ទុក​ជូន​លោក​ខ្ញុំ​ត្រឡប់​ទៅ​វិញ ថ្ងៃ​ក្រោយ​ឮ​គេ​និយាយ​ថា លោក​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ខ្ញុំ​ក៏​មក​លួច​ក្នុង​ខែត្រ​នេះ គេ​ចាប់​ខ្លួន​ខ្ញុំ​បាន នាំ​មក​ជូន​លោកៗ​ក៏​ធ្វើ​ទោស​ខ្ញុំ​មិន​ប្រណី

ចៅហ្វាយ​ស្រុក​បាន​ស្ដាប់​ក៏​ជឿជាក់​ឥត​សង្ស័យ ហើយ​ថា "យី! អា​សម្លាញ់​អើយ! ឯង​និយាយ​នេះ​ពិត​ប្រាកដ​មែន ដែល​អញ​បាន​ធ្វើ​ចៅហ្វាយ​ស្រុក​ពីព្រោះ​តែ​ឯង​ជួយ វេលា​នេះ​ឯង​កុំ​ភ័យ កុំ​តូច​ចិត្ត ព្រឹក​នេះ​អញ​នឹង​ដោះលែង​ឯង​ឲ្យ​រួច​ចេញ​ពី​ទោស មួយ​ទៀត​ឯង​និង​អញ​យក​គ្នា​ជា​សម្លាញ់​តទៅ

ចៅហ្វាយ​ស្រុក​សួរ​ថា "ឯង​ឈ្មោះ​អ្វី ?” ។ បុរស​នោះ​ជំរាប​ថា "ខ្ញុំ​ឈ្មោះ​ថា អា​ចោរ​ចិត្ត​ជា។ រួច​ចៅហ្វាយ​ស្រុក​ក៏​ឡើង​លើ​ផ្ទះ​វិញ ។ លុះ​ភ្លឺ​ច្បាស់​ចៅហ្វាយ​ស្រុក​បង្គាប់​មេគុក​ឲ្យ​ដោះ​អាចោរ​ចិត្ត​ជា​រួច​ពី​ទោស​ហើយ​និយាយ​ថា "អា​សម្លាញ់​ឯង​នៅ​នឹង​អញ​ចុះ អញ​ចិញ្ចឹម​ឯង​ពី​ថ្ងៃ​នេះ​តទៅ ឯង​កុំ​លួច​គេ​ទៀត។ អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា "រឿង​លយច​នេះ​អញ​មិន​ឈប់​ទេ ដែល​អញ​លួច​ទ្រព្យ​គេ​នោះ​គ្រាន់​យក​ទៅ​ចិញ្ចឹម​មាតា​មេម៉ាយ។ ចៅហ្វាយ​ស្រុក​ក៏​ឲ្យ​ប្រាក់ ៣០ កហាបនៈ យក​ទៅ​ឲ្យ​មាតា ។ អា​ចោរ​ចិត្ត​ជា​មិន​ព្រម​យក ។ ចៅហ្វាយ​ស្រុក​សួរ​ថា "ផ្ទះ​អា​សម្លាញ់​ឯង​នៅ​ឯណា ? ចូរ​ឯង​ប្រាប់​អញ​ឲ្យ​ត្រង់។ អាចោរ​ចិត្ត​ជា​ប្រាប់​ថា "អញ​នៅ​ផ្ទះ​នោះ" ហើយ​លា​ចៅហ្វាយ​ស្រុក​ទៅ​ផ្ទះ​វិញ ។

គ្រា​នោះ​លោក​យមរាជ នឹង​មន្ត្រី​តូច​ម្នាក់​កើត​សេចក្ដី​វិវាទ​ទាស់ទែង​គ្នា​ជា​យូរ​ខែ​ហើយ មន្ត្រី​តូច​នោះ​គុំ​គិត​សម្លាប់​លោក​យមរាជ​នោះ​ឲ្យ​បាន ។ មន្ត្រី​តូច​នោះ​មាន​ស្រី​បម្រើ​ម្នាក់​ជា​ទីទុក​ចិត្ត​ប្រើ​ដូច​ម្ដេច​បាន​ទាំងអស់ ។ ស្រី​បម្រើ​នោះ​ខំ​ផ្គាប់ផ្គន់​ចៅហ្វាយ​មិន​ឲ្យ​ទាស់​ចិត្ត ។ វេលា​យប់​ស្ងាត់​មន្ត្រី​នោះ​និយាយ​និង​ស្រី​បម្រើ​ថា "វេលា​នេះ​ចូរ​ឯង​អាណិត​អញ ពី​ព្រោះ​អញ​ស្អប់​លោក​យមរាជ​ណាស់ អញ​ចង់​សម្លាប់​គាត់​ចោល តែ​មិន​ដឹង​រក​អក្ន​ឯណា​ជួយ​រឿង​នេះ​សព្វ​ថ្ងៃ​អញ​ឃើញ​តែ​ឯង​មាន​ប្រាជ្ញា" ហើយ​មន្ត្រី​នោះ​បង្គាប់​ស្រី​បម្រើ​ថា "ចូរ​ឯង​ចេញ​ពី​អញ​ទៅ​រក​លោក​យមរាជ​នៅ​នឹង​គេ​ចុះ រួច​ឯង​ខំ​ផ្គាប់ផ្គន់​ដូច​ឯង​នៅ​និង​អញ បើ​ឯង​បម្រើ​ខាង​ក្រៅ លោក​យមរាជ​នោះ​គេ​ទុក​ចិត្ត​ស្និទ្ធស្នាល ឯង​ត្រូវ​ចូល​បម្រើ​ខាង​ក្នុង​លុះ​បាន​ហើយ​ឯង​ចាំ​មើល​រាល់​វេលា​យប់​ស្ងាត់​កាល​ណា​យម​រាជ​នោះ​ដេក​លក់ ចូរ​ឯង​រំលាយ​សំណ​ឲ្យ​ពុះ​ក្ដៅ រួច​យក​ទៅ​ចាក់​ក្នុង​មាត់​ទៅ​លោក​យមរាជ​នឹង​ស្លាប់​មិន​ខាន គ្មាន​អ្នក​ណា​ដឹង​ឡើយ ើ​ឯង​ធ្វើ​បាន​ដូច​គំនិត​នេះ អញ​នឹង​ចេញ​ប្រាក់​លួស​ឯង​យក​មក​វិញ​ឲ្យ​រួច​ពី​ខ្ញុំ​គេ។ ស្រី​បម្រើ​នេះ ទទួល​ការ​សព្វ​គ្រប់ ។

វេលា​យប់​នោះ​អាចោរ​ចិត្ត​ជា​ដើរ​លួច​គេ​ហើយ​វា​មក​អង្គុយ​ក្រោម​ផ្ទះ​មន្ត្រី​នោះ កាល​មន្ត្រី​នោះ​និយាយ​បង្គាប់​ស្រី​បម្រើ​ឲ្យ​សម្លាប់​លោក​យមរាជ​ដូចម្ដេច​ក៏​វា​ស្លាប់​បាន​ទាំងអស់ ។ ថ្ងៃ​ក្រោយ​ស្រី​បម្រើ​នោះ​លា​ម្ចាស់​ទៅ​រក​ប្រាក់​លោក​យមរាជ​នៅ លោក​យមរាជ​ក៏​ទទួល​ចេញ​ប្រាក់​លួស​ឲ្យ​នៅ​បម្រើ​រៀង​មក ។ នាង​នោះ​ផ្គាប់ផ្គន់​ខំ​បម្រើ​លោក​យមរាជ និង​លោក​ជំទាវ​មិន​ឲ្យ​ទាស់​ចិត្ត ។ លោក​យមរាជ​និង​លោក​ជំទាវ​ក៏​ទុក​ចិត្ត​ស្និទ្ធស្នាល​ឲ្យ​ចេញ​ចូល​ខាង​ក្នុង​បម្រើ​ជិតដិត​រៀង​មក ។ វេលា​មួយ​នោះ​ពេល​យប់​ស្ងាត់​ស្រី​បម្រើ​នោះ​វា​ដឹង​ថា លោក​យមរាច និង​លោក​ជំទាវ​សំរាន្ត​លក់​ហើយ វា​ដុត​ភ្លើង​រំលាយ​សំណ​ឲ្យ​ពុះ​ក្ដៅ ហើយ​វា​លើក​សំណ​នោះ​ចាក់​ក្នុង​មាត់​លោក​យមរាជៗ​ស្លាប់​ទៅ រួច​វា​ត្រឡប់​ទៅ​ដេក​តាម​កន្លេង​វិញ ។

លុះ​ព្រឹក​ឡើង​លោក​ជំទាវ​ភ្នាក់​បាន​ដឹង​ថា​ប្ដី​ស្លាប់​ក៏​ស្រែក​ទ្រហោ​យំ មនុស្ស​ផ្អើល​មក​មើល​ឃើញ​លោក​យមរាជ​ស្លាប់​មែន តែ​មិន​ដឹង​ជា​ស្លាប់​ពី​រោគ​អ្វី​ដោយ​គ្មាន​ស្លាកស្នាម​បន្តិច​សោះ ។ លោក​ជំទាវ​នោះ​ទៅ​ក្រាប់​បង្គំ​ទូល​ស្ដេច​តាម​រឿង​ដែល​ស្លាប់ ។ ព្រះរាជា​ទ្រង់​ក៏​ទៅ​ក្រាប​បង្គំ​ទូល​តាម​រឿង ។ ព្រះរាជា​ទ្រង់​ឲ្យ​យក​សព​ទៅ​បញ្ចុះ​ទុក​តាម​គួរ ។ ក្រោយ​នោះ​ជា​រដូវ​បុណ្យ​ទ្វារ​ទសមាស នាហ្មឺន​សព្វ​មុខ​មន្ត្រី​ចូល​គាល់​ព្រះ​មហាក្សត្រៗ​ទ្រង់​មាន​ព្រះរាជ​ឪង្ការ​ថា "បើ​អ្នក​ឯ​ណា​រក​ឈ្មោះ​មនុស្ស​ដែល​សម្លាប់​មរាជ​បាន​ដឹង​ច្បាស់​ប្រាកដ យើង​ឲ្យ​ធ្វើ​ជា​ទី​យមរាជ" រួច​ទ្រង់​ស្ដេច​យាង​ចូល​ខាង​ក្នុង​វិញ ។ សេនាបតី​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ក៏​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ។ គ្រា​នោះ​ចៅហ្វាយ​ស្រុក​ដែល​ជា​សម្លាញ់​អា​ចោរ​ចិត្ត​ជា ចង់​ធ្វើ​យមរាជ​ណាស់ បាន​ទៅ​រក​អា​ចោរ​ចិត្ត​ជាៗ​សួរ​ថា "អា​សម្លាញ់ ឯង​មក​រក​អ្វី?” ។ ចៅហ្វាយ​ស្រុក​ប្រាប់​ថា "អញ​មក​មាន​ការ​សួរ​ឯង​បន្តិច ត្បិត​លោក​យមរាជ​ស្លាប់​ដោយ​មាន​នរណា​ដឹង​ថា​ស្លាប់​ពី​រោគ​អ្វី ឥឡូវ​ស្ដេច​មាន​ព្រះរាជឪង្ការ​ថា "បើ​អ្នក​ឯ​ណា​រក​ឈ្មោះ​មនុស្ស​ដែល​សម្លាប់​លោក​យមរាជ​ឃើញ​ពិត​ប្រាកដ​ទ្រង់​នឹង​ឲ្យ​ធ្វើ​ទី​យមរាជ រឿង​នេះ​អា​សម្លាញ់​ដឹង​ឬ​ទេ? ត្បិត​អញ​ចង់​ធ្វើ​យមរាជ​ណាស់" អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា "រឿង​នេះ​អញ​បាន​ដឹង​ច្បាស់​ព្រោះ​នៅ​វេលា​រាត្រី​មួយ​នោះ​អញ​ដើរ​លួច​គេ ហើយ​អញ​មក​អង្គុយ​ក្រោម​ផ្ទះ​មន្ត្រី​តូច​ម្នាក់​នៅ​ខាង​ជើង​ផ្ទះ​លោក​យមរាជ​ឆ្ងាយ​ពី​គ្នា​បន្តិច​មន្ត្រី​នោះ​ប្រាប់​ស្រី​បម្រើ​ម្នាក់​ថា "អញ​ស្អប់​លោក​យមរាជ​ពេក ចង់​សម្លាប់​ចោល ព្រោះ​ជា​សត្រូវ​និង​អញ ក្នុង​គ្រា​នោះ​ត្រូវ​ឯង​ជួយ​អញ​ជា​ប្រាកដ ដូច្នោះ​ត្រូវ​ឯង​ចេញ​ពី​ផ្ទះ​អញ​ទៅ​រក​ផ្ទះ​លោក​យមរាជ​នៅ បើ​គេ​ព្រម​ទទួល​ឲ្យ​នៅ​ត្រូវ​ឯង​ខំ​បម្រើ​ឲ្យ​គេ​ត្រូវ​ចិត្ត បើ​គេ​ទុក​ចិត្ត​ស្និទ្ធស្នាល​ប្រើ​ចេញ​ចូល​នៅ​ខាង​ក្នុង​វេលា​ណា លុះ​ដល់​យប់​ស្ងាត់​ឯង​ត្រូវ​ដុត​ភ្លើង​រំលាយ​សំណ​ឲ្យ​ពុះ​ក្ដៅ​ហើយ​យក​ទៅ​ចាក់​ក្នុង​មាត់​លោក​យមរាជ​កំពុង​ដេក​លក់ គង់​ស្លាប់​មិន​ខាន អញ​ស្ដាប់​បាន​ចាំ​ប្រាកដ សម្លាញ់​ឯង​ទៅ​ទូល​ស្ដេច​តាម​រឿង​នេះ​ចុះ តែ​ឲ្យ​គាស់​ខ្នោច​លោក​យមរាជ​នោះ​មក​វះ​មើល បើ​ឃើញ​សំណ​នៅ​ក្នុង​ពោះ​ខ្មោច​នោះ​មែន​អា​សម្លាញ់​ឯង​នឹង​បាន​ធ្វើ​យមរាជ​មិន​ខាន។ ចៅហ្វាយ​ស្រុក​ស្ដាប់​បាន​ការ​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ថ្ងៃ​ក្រោយ​ចៅហ្វាយ​ស្រុក​ទៅ​ទូល​ស្ដេច​តាម​រឿងៗ ទ្រង់​ឲ្យ​ភ្នាក់ងារ​ទៅ​ចាប់​មន្ត្រី​នោះ និង​មេស្រី​នោះ​យក​មក​ឃុំ​ទុក ទ្រង់​ឲ្យ​គេ​គាស់​ខ្មោច​លោក​យមរាជ​មក​វះ​មើល​ឃើញ​សំណ​នៅ​ក្នុង​ពោះ​មែន ទ្រង់​ឲ្យ​ជំនុំ​រឿង​នោះ​មេ​នោះ​ឆ្លើយ​ថា "ខ្ញុំ​សម្លាប់​លោក​យមរាជ​ពិត​ប្រាកដ" ទ្រង់​ឲ្យ​ប្រហារ​ជីវិត​ទាំងពីរ​នាក់​ចោល​ទៅ ទ្រង់​ក៏​តាំង​ចៅហ្វាយ​ស្រុក​នោះ​ឲ្យ​ធ្វើ​ទី​យមរាជ ។

ឯ​ចៅហ្វាយ​ស្រុក​កាល​បើ​ធ្វើ​ទី​យមរាជ​ហើយ ឲ្យ​បម្រើ​ទៅ​ហៅ​អាចោរ​ចិត្ត​ជា​ជា​សម្លាញ់​មក លុះ​មក​ដល់​ប្រាប់​ថា "អាសម្លាញ់​អើយ! ឯង​មាន​គុណ​នឹង​អញ​ច្រើន​ណាស់ ឥឡូវ​នេះ​អញ​បាន​ធ្វើ​យមរាជ​ហើយ ដែល​អញ​បាន​ធ្វើ​យមរាជ​នេះ គឺ​ដោយសារ​តែ​ឯង​ជួយ​អញ ពី​ថ្ងៃ​នេះ​ទៅ​ឯង​កុំ​លួច​គេ​ទៀត អញ​ចិញ្ចឹម​មាតា​ឯង និង​សម្លាញ់​ឯង​លុះ​អស់​ជីវិត។ អា​ចោរ​ចិត្ត​ជា​ឆ្លើយ​ថា "អញ​សុំ​លួច​តែ​ម្ដង​ទៀត" រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​យប់​អាចោរ​ចិត្ត​ជា​ទៅ​លួច​ដង្ខៅ​ម្នាក់​បាន​ប្រាក់​នឹង​សំពត់​អាវ​ជា​ច្រើន​យក​ទៅ​ជូន​មាតា ។ លុះ​ព្រឹក​ឡើង​អា​ចោរ​ចិត្ត​ជា​មក​ប្រាប់​លោក​យមរាជ​ថា "អា​សម្លាញ់​យប់​មិញ​អញ​ចូល​លួច​គេ បាន​ប្រាក់​និង​សំពត់​អាវ​ច្រើន​ណាស់ ពី​ថ្ងៃ​នេះ​ទៅ​អញ​លះបង់​ចោល​រឿង​រក​ស៊ី​លួច​គេ​ហើយ អា​សម្លាញ់​ឯង​ជឿ​ចុះ។ លោក​យមរាជ​តប​ថា "បើ​ឯង​ឈប់​រក​ស៊ី​លួច​គេ នោះ​អញ​អរ​ណាស់​បើ​ខ្វះ​ខាង​អ្វី​មក​រក​អញៗ ឲ្យ​ឯង​កុំ​ទើសទាល់​អញ​ចិញ្ចឹម​លុះ​អស់​ជីវិត

អា​ចោរ​ចិត្ត​ជា​ក៏​លា​លោក​យមរាជ​ទៅ​ផ្ទះ​វិញ ទៅ​នៅ​រក្សា​មាតា​ជា​សុខ​សប្បាយ ។

លោក​យមរាជ និង​អាចោរ​ចិត្ត​ជា​ស្រលាញ់​រាប់​អាន​គ្នា ចិញ្ចឹម​គ្នា​ដរាប​អស់​ជីវិត​ដូច​បាន​សន្យា​គ្នា​មក ។

មនុស្ស​ចិត្ត​ជា តែង​មាន​គ្នា​ជា​ទីពឹង

ប្រជុំរឿងព្រេងខ្មែរភាគ ១

«« ប្រកាសចាស់ៗ •  ប្រកាសថ្មីៗ »»