រាជសីហ៍​ស្រលាញ់​មេ​គោ

August 18, 2007

ប្រភេទ ៖ ទូទៅ

មាន​សត្វ​រាជសីហ៍​មួយ​ដើរ​ទៅ​ឃើញ​មេ​គោ​របស់​នាយ​គោបាល​ម្នាក់ ក៏​មាន​ចិត្ត​ប្រតិព័ទ្ធ​ស្រលាញ់​ស្នេហា ចូល​ទៅ​សេពកាម​ដោយ​មេ​គោ​រួច​ហើយ​ក៏​ចូល​ព្រៃ ។

 អាការ​រាជសីហ៍​សេព​នឹង​មេ​គោ​នោះ មិន​តែ​ម្ដង​ឡើយ សឹង​ចល​ទៅ​សេព​សព្វៗ​ថ្ងៃ ឯ​មេ​គោ​ទាំង​ឡាយ តាំង​តែ​ពី​រាជសីហ៍​ចូល​កាល់​រឿយៗ​មក ក៏​ស្គាំងស្គម​ទ្រម​មាឌ ហើយ​ទាំង​មាន​ក្ដី​ភិតភ័យ​ខ្លាច​រាជ​សីហ៍​នោះ​ផង ឯ​ទឹក​ដោះ​សោត​ក៏​ចេញ​មិន​បរិបូណ៍​ដូច​អំពី​មុនៗ​ឡើយ ។

នាយ​គោបាល កាល​បើ​បាន​ឃើញ​រាជសីហ៍​ចូល​កា់​មេគោ​ទាំងឡាយ​របស់​ខ្លួន តែ​សព្វៗ​ថ្ងៃ​ដរាប​ដល់​មេគោ​ទាំងឡាយ​ស្គាំងស្គម​ទ្រមមាឌ នឹង​រឹត​យក​ទឹក​ដោះ​ពុំ​សូវ​បាន ដូច​កាល​មុនៗ​ដូច្នេះ ក៏​នាំ​សេចក្ដី​នុះ ទៅ​ជម្រាប​ដល់​មហាសេដ្ឋី ជា​នាយ​ធំ ឲ្យ​ជ្រាប​ហេតុ​សព្វ​ប្រការ មហា​សេដ្ឋី​ក៏​ប្រាប់​ឲ្យ​នាយ​គោបាល​ប្រកប​ថ្នាំ​ពិសពុល យក​ទៅ​លាប​គូថ​លាប​រោម​នៃ​មេ​គោ​ទាំងឡាយ​នោះ ដើម្បី​បំពុល​រាជសីហ៍​ក្នុង​កាល​ដែល​វា​មក​លិទ​រោម​លិទ​គូថ​មេ​គោ​នោះ​ឯង ។

 ឯ​នាយ​គោបាល​ក៏​ចេញ​មក​ស្ល​ថ្នាំ​ពិស បាន​ហើយ​ក៏​នាំ​ទៅ​លាប​កាយ​នៃ​មេ​គោ តាម​ពាក្យ​មហា​សេដ្ឋី​បង្គាប់​នោះ​ឯង ។

ឯ​រាជសីហ៍​នោះ​លុះ​ពេល​ព្រឹក​ឡើង ក៏​ចូល​ទៅ​ក្នុង​ហ្វូង​គោ ដល់​ហើយ​ក៏​ទៅ​ប្រលោម​ស្នេហា តាំង​លិទ​កាយ​លិទ​គូថ​នៃ​មេ​គោ​នោះ​ឯង លុះ​ពាល់​ត្រូវ​ថ្នាំ​ពិស​នោះ​កាល​ណា ក៏​កើត​ពុល​ដាល​ផ្សព្វផ្សាយ​ប្រកាច់​ដួល​ចុះ ដល់​នូវ​មរណ​កាល​កណ្ដាល​ហ្វូង​គោ​នោះ​ហោង ។

សីហ៍​អើយ​សីហោ ស្លាប់​ព្រោះ​គូថ​គោ ដោយ​ឥត​ប្រាជ្ញា គិត​ស្វែង​តែ​កាម កើត​ញ៉ាម​ស្នេហា មិន​ពិចារណា ឲ្យ​យល់​ខុស​ត្រូវ ។ ខ្លួន​ជា​សត្វ​ព្រៃ ជាតិ​គោ​ទីទៃ ខុស​ពូជ​ពង្ស​ផៅ គួរ​ឬ​ទៅ​ធ្វើ អំពើ​ជម្រៅ លិទ​គោ​ពាល់​ត្រូវ ថ្នាំ​ពិស​ពុល​ក្ស័យ ។

 

គតិលោក​ភាគ ៧ 

អាពុក និងកូននាំលាទៅលក់

December 12, 2006

ប្រភេទ ៖ ទូទៅ

កាល​ពី​ព្រេង​នាយ​មាន​ចៅ​ម្នាក់​ឈ្មោះ ចៅខែក និង​កូន​ប្រុស​គាត់​ម្នាក់​បាន​ចិញ្ចឹម​កូន​លា ១ ជា​សត្វ​ពាហនៈ លុះ​កូន​លា​នោះ​ចម្រើន​ធំ​ឡើង​ប្រកប​រូប​ធាត់​ល្អ ចៅ​អាពុក​និង​កូន​ពី​គ្រោះ​គ្នា​ថា លា​យើង​ធាត់​ធំ​ល្អ​ហើយ បើ​នាំ​ទៅ​លក់​ឲ្យ​គេ ក្នុង​សម័យ​នោះ យល់​ជា​នឹង​បាន​ថ្លៃ​ច្រើន​ព្រោះ​កំពុង​ធំធាត់​ល្អ តែ​ថា​នឹង​ដឹក​នាំ​ទៅ​ដល់​ស្រុក​កំពង់​ដែល​មាន​គេ​ត្រូវ​ការ​ទិញ​នោះ​ឆ្ងាយ​ណាស់​ទម្រាំ​ដល់​ទៅ លា​យើង​នេះ​យល់​ជា​នឹង​ស្គម​ប្រាកដ ដល់​លក់​មុខ​ជា​នឹង​ថោក​បាន​ថ្លៃ​តិច​មិន​ខាន បើ​ដូច្នេះ​មាន​តែ​យើង​គិត​សែង​វា​ទៅ​កុំ​ឲ្យ​វា​ដើរ​ខ្លួន​វា​ក្រែង​ស្គម​ទៅ​លក់​មិន​បាន​ថ្លៃ ។

អាពុក​និង​កូន​គិត​ព្រម​គ្នា​ហើយ ទើប​ចាប់​លា​មក​ចងជើង​ទាំង ៤ យក​ឈើ​សែង​ចេញ​ចាក​គ្រឹះស្ថាន លុះ​ទៅ​ដល់​ទ្វារ​ស្រុក ពួក​អ្នក​ស្រុក​បាន​ឃើញ​អ្នក​ទាំងពីរ​សែង​ដូច្នោះ ក៏​នាំ​គ្នា​សើច​រំពង​ឡើង ហើយ​តិះដៀល​ថា "សត្វ​លា​សត្វ​សេះ​នេះ ជា​សត្វ​ពាហនៈ គេ​តែង​ជិះ​តែង​បរ​វា មិន​ដែល​មាន​នរណា​ទៅ​លី​ទៅ​សេង​វា​ដូច​សត្វ​ជ្រូក​ទេ ចៅ​ទាំងពីរ​ឯង​ឆ្កួត​ឬ បាន​ជា​មក​សែង​លា​យ៉ាង​នេះ ម៉េច​ក៏​មិន​ជិះ​បរ​វា​ទៅ

ឯ​អាពុក​នឹង​កូន បាន​ឮ​អ្នក​ស្រុក​គេ​នាំ​គ្នា​តិះដៀល​ខ្លួន​ដូច្នោះ ទើប​ពិគ្រោះ​គ្នា​ថា "យើង​សែង​លា​នេះ​វា​ខុស​គេ​ទៅ​ហើយ បើ​ដូច្នេះ​គួរ​ស្រាយ​លា​ចេញ នាំ​គ្នា​ជិះ​បរ​ទៅ​តាម​ពាក្យ​គេ​វិញ​ចុះ តែ​នឹង​ជិះ​វា​ទាំងពីរ​នាក់​មិន​បាន ព្រោះ​កូន​លា​នៅ​តូច​ក្រែង​យោង​ទៅ​ពុំ​រួច៉ គិត​គ្នា​ហើយ​ចៅ​អាពុក​ក៏​ថា "ណ្ហើយ​ចុះ​ខ្លួន​អញ​នឹង​ដើរ​ពី​ក្រោយ ចូរ​កូន​ឯង​ជិះ​បរ​វា​ទៅ​ចុះ" ឯ​ចៅ​កូន​ក៏​ទទួល​តាម​ពាក្យ​អាពុក ហើយ​ឡើង​ជិះ​លា​នោះ​បរ​ទៅ​ហោង ។

លុះ​បរ​ទៅ​ដល់​ភូមិ​ស្រុក​មួយ ពួក​អ្នក​ស្រុក​បាន​ឃើញ​ចៅ​លក់​លា​មក​ដល់ ក៏​សួរ​ទៅ​ថា "អ្នក​បរលា​នេះ​នឹង​ទៅ​ណា?” ។ អាពុក​និង​កូន​ប្រាប់​ថា​បរ​យក​ទៅ​លក់​នៅ​ស្រុក​កំពង់ ហើយ​អ្នក​ស្រុក​សួរ​ទៀត​ថា តា​ដែល​ដើរ​តាម​ក្រោយ​លា​នេះ​ត្រូវ​ជា​អ្វី​នឹង​ចៅ​ឯង ចៅ​កូន​ប្រាប់​ថា​ត្រូវ​ជា​អាពុក ។ ឯ​ពួក​អ្នក​ស្រុក​បាន​ឮ​ចៅ​នោះ​ប្រាប់​ថា​អាពុក​ដូច្នោះ ក៏​នាំ​គ្នា​ស្ដី ត្មះតិដៀល​ថា "ចៅ​នេះ​ជា​មនុស្ស​មិន​ស្គាល់​គុណ​បិតា​ខ្លួន គួរ​ឬ​ខ្លួន​ជា​កូន​ជិះ​លា​ធ្វើ​អាការ​ជា​នាយ ឲ្យ​អាពុក​ស្ពាយ​ទៃ​ដើរ​តាម​ក្រោយ​ដូច​ជា​ខ្ញុំ​កំដរ​ខ្លួន​យ៉ាង​នេះ មិន​ត្រូវ​ទេ ចូរ​ចុះ​ចេញ​ពី​ខ្នង​លា​ឲ្យ​ឆាប់ ឲ្យ​តា​ចាស់​ជា​អាពុក​ឯង ជិះ​វិញ​ទើប​ត្រូវ

ឯ​ចៅ​អាពុក​និង​កូន​បាន​ឮ​ពាក្យ​អ្នក​ស្រុក​តិះដៀល​ហើយ ក៏​ថា យើង​ធ្វើ​នេះ​ត្រូវ​គេ​និន្ទា​ហើយ បើ​ដូច្នេះ​គួរ​អាពុក​ឡើង​ជិះ​វិញ​ចុះ កូន​នឹង​ដើរ​មុខ​នាំ​ផ្លូវ​ទៅ​វិញ​កាល​បើ​គិត​ព្រមព្រៀង​គ្នា​ហើយ ចៅ​កូន​ក៏​ចុះ​ពី​ខ្នង​លា យក​សម្ពាយ​ទៃ​ពី​បិតា​ស្ពាយ​ដើរ​មុខ ។

លុះ​បរ​ទៅ​ដល់​អណ្ដូង​ទឹក នៅ​ចុង​ស្រុក​មួយ មាន​ពួក​ស្រី​ក្រមុំ​ទាំង​ឡាយ វា​នាំ​គ្នា​ទៅ​ដង​ទឹក​អណ្ដូង​នោះ វា​បាន​ឃើញ​ចៅ​កំឡោះ​រូប​ល្អ​ដើរ​មុខ​លា ឃើញ​តាចាស់​ជិះ​លា​បរ​ដល់​មក វា​ក៏​នាំ​គ្នា​មើល​ដោយ​ជាតិ​ស្រី​ក្រមុំ​គាប់​ចិត្ត​តែ​នឹង​កំឡោះ ត្រង់​មនុស្ស​ចាស់​ជរា​នោះ ពុំ​គាប់​ចិត្ត​ឡើយ ហើយ​វា​នាំ​គ្នា​តិះដៀល​តាចាស់​ថា "រូបលា​នោះ​ធាត់​ល្អ​ណាស់ សម​គួរ​តែ​អ្នក​កម្លោះ​ជិះ​វិញ​ទើប​ល្អ នេះ​ទៅ​ឲ្យ​តា​កញ្ចាស់​មុខ​ស្រមូម​ដូច​ស្វា​ឪ​ជិះ យ៉ាង​នេះ​ហៅ​ពេញ​ជា​អាក្រក់​ក្រៃ​ពេក នែ​តា​កញ្ចាស់​អើយ! ចុះ​ចេញ​ទៅ​កុំ​ជិះ​មិន​សម​ល្អ​ទេ មើល​ទៅ​ដូច​ពានរ​ជិះ​លា ចូរ​ឲ្យ​អ្នក​កម្លោះ​គេ​ជិះ​វិញ ទើប​គាប់​ភ្នែក​យើង ព្រោះ​រូប​លា​ក៏​ល្អ​ត្រូវ​​និង​អ្នក​កម្លោះ​ល្អ​ដូច​គ្នា

ឯ​ចៅ​កូន​បាន​ឮ​ស្រី​ក្រមុំ​ថា​ដូច្នោះ ក៏​បែរ​ទៅ​និយាយ​នឹង​អាពុក​ថា "ឪ​អើយ! ឥឡូវ​វា​ខុស​ទៅ​ទៀត​ហើយ គឺ​ពួក​មេ​អស់​នោះ​វា​ត្មះតិដៀល​ឪ​ឯង​ថា​ដូច​ជា​ពានរ​ជិះ​លា ហើយ​វា​ថា​ឲ្យ​ខ្ញុំ​ជិះ​វិញ​ទើប​ល្អ យ៉ាង​នេះ តើ​ឪ​នឹង​គិត​យ៉ាង​ណា​ទៅ​ទៀត?” ។ អាពុក​តប​ថា "កាល​មុន​ឯង​ជិះ​ក៏​ខុស​ម្ដង​ទៅ​ហើយ ដល់​ឥឡូវ​អញ​ជិះ​ក៏​ខុស​ទៅ​ទៀត បើ​ដូច្នេះ​ចូរ​កូន​ឯង​ឡើង​មក​ជិះ​ខាង​មុខ ជា​ពីរ​នាក់​នឹង​អាពុក​បរ​ទៅ​ទៀត​មើល ជា​មិន​គាប់​ចិត្ត​មនុស្ស​ពួក​ណា​ត​ទៅ​មុខ​ទៀត

ឯ​ចៅ​កូន​ក៏​ឡើង​ជិះ​លា​អង្គុយ​ខាង​មុខ​អាពុក បរ​លា​ឆ្ពោះ​ទៅ​ហោង លុះ​បរ​មក​ដល់​ផ្ទះ​គយ​ដែល​តាំង​នៅ​នា​ដើម​ផ្លូវ មេ​គយ​បែរ​មក​ឃើញ​អ្នក​ទាំងពីរ​ជិះ​លា ក៏​ចុះ​ទៅ​សួរ​ថា "អ្នក​ទាំងពីរ​ជិះ​លា​នេះ​នឹង​ទៅ​ឯ​ណា?” ។ ចៅ​អាពុក​និង​កូន​ថា "នឹង​ទៅ​លក់​លា​នេះ​នៅ​ស្រុក​កំពង់​ឯ​ណោះ។ មេគយ​ក៏​ត្មះតិដៀល​ថា "កូន​លា​នេះ​គ្នា​នៅ​ស្ទាវស្ទើរ​ណាស់ ហេតុ​អ្វី​ចៅ​ឯង​ប្រួត​គ្នា​ជិះ​វា​យ៉ាង​ហ្នឹង បើ​ប្រួត​គ្នា​ជិះ​ម្ល៉ឹងៗ តើ​គ្នា​នឹង​ធន់​បោល​បរ​ទៅ​ម្ដេច​បាន ទម្រាំ​ដល់​ស្រុក​កំពង់​លា​នេះ ឃើញ​ជា​ស្គម​បាក់​កម្លាំង​លក់​ពុំ​បាន​ចំណេញ​ប្រកដ​ពុំ​ខាន អ្នក​ឯង​ឆ្កួត​ឬ កូន​លា​គ្នា​នៅ​តូច​ហើយ​មក​ប្រួត​គ្នា​ជិះ​យ៉ាង​នេះ ម្ដេច​មិន​ដឹក​នាំ​ទៅ​វិញ?” 

ចៅ​អាពុក​និង​កូន​បាន​ឮ​មេគួ​បន្ទោស​ដូច្នោះ​ក៏​ចុះ​ពី​ខ្នង​លា​នាំ​គ្នា​បណ្ដើរ​លា​នោះ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កំពង់ ។ លុះ​មក​ដល់​ចំការ​មួយ ពុះ​មាន​ផ្លូវ​នឹង​ដឹក​ទៅ​ទើប​អាពុក​និង​កូន នាំ​គ្នា​ដឹក​លា​ដើរ​កាត់​ចំការ ដែល​គេ​មិន​ទាន់​ធ្វើ​ស្រេច ដើរ​កាត់​រក​ផ្លូវ​នឹង​ទៅ​ទៀត អ្នក​កាប់​ចំការ​បាន​ឃើញ​ចៅ​ទាំងពីរ​ដឹក​លា​ដើរ​កាត់​ចំការ​ដូច្នោះ ក៏​ស្រែក​ទៅ​ថា "នេ​អ្នក​ដឹក​លា ទី​ចំការ​យើង​នេះ យើង​មិន​ទាន់​កាប់​គាស់ ដុត​រំលើង​ឲ្យ​ស្អាត​ទេ​សឹង​ប្រកប​ដោយ​បន្លា​ដំឡូង​ខ្យា បន្លា​ឃ្លេ បន្លា​ឫស្សី​ជា​ដើម អ្នក​ដើរ​ទៅ​កម​តោង​ប្រយ័ត្ន​បន្លា​វា​មុត អើ​អ្នក​ឯង មាន​លា​ជា​ពាហនៈ​សម្រាប់​ជិះ ម្ដេច​ឡើយ​មិន​ជិះ​វា ទៅ​នាំ​គ្នា​ដឹង​វា​វិញ អ្នក​ឯង​ឆ្កួត​ទេ​ឬ មាន​លា​ហើយ​មិន​ជិះ ស៊ូ​ដឹក​ដើរ​ឲ្យ​បន្លា​មុត​ដូច្នេះ នែ​អ្នក​ដឹក​លា​អើយ! ចូរ​នាំ​គ្នា​ឡើង​ជិះ​វា​ទៅ​ទុក​វា​ធ្វើ​ស្ដេច​អី លា​សេះ​គេ​តែង​តែ​ជិះ​វា​ជា​ធម្មតា​នៅ​នា​លោកិយ​នេះ​ឯង

ចៅ​អាពុក​និង​កូន​បាន​ឮ​ពាក្យ​អ្នក​ចំការ​តិះដៀល​ដូច្នោះ​ក៏​បែរ​មក​និយាយ​គ្នា​ថា "យើង​ផ្គាប់​ចិត្ត​មនុស្ស​លោកិយ​នេះ​មិន​បាន​ទេ កាល​ដើម​យើង​នាំ​គ្នា​សែង​នោះ គេ​និន្ទា​ម្ដង​ទៅ​ហើយ ដល់​ក្រោយ​ឲ្យ​កូន​ជិះ​ក៏​ត្រូវ​គេ​និន្ទា​ថា​ឯង​មិន​ដឹង​គុណ​អាពុក ដល់​ក្រោយ​ឲ្យ​អាពុក​ជិះ​វិញ ត្រូវ​មេ​ស្រី​ក្រមុំ​វា​មិន​គាប់​នឹង​តា​ចាស់​វា​នៃ​គ្នា​និន្ទា​ទៅ​ផ្សេងៗ ដល់​ក្រោយ​ឡើង​ជិះ​ទាំងពីរ​នាក់ ត្រូវ​មេគយ​និន្ទា​ថា​លា​ស្ទាវស្ទើរ​ពិះ​ពីរ​នាក់​មិន​បាន​ដល់​ឥឡូវ​នេះ យើង​ដើរ​ដឹក​វា​វិញ ក៏​ត្រូវ​អ្នក​ចំការ​នេះ​និន្ទា​តិះដៀល​ថា មាន​លា​ហើយ​ម្ដេច​ក៏​មិន​ជិះ​ទៅវិញ តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្គាប់​ចិត្ត​លោកិយ​ឲ្យ​គាប់​បាន

«« ប្រកាសចាស់ៗ •