ប្រពៃណី​នៃ​សុនខ

June 19, 2007

ប្រភេទ ៖ ពីនេះពីនោះ

លោក​អ្នក​ធ្លាប់​ឃើញ​ទេ? សត្វ​សុនខ​វា​កាន់​ប្រពៃណី​ពីរ​ប្រការ​គឺ ៖ ១-តែ​កាល​ណា​វា​ជួប​គ្នា​វា​នៅ​ទីណាៗ​ក៏​ដោយ មិន​ថា​ញី មិន​ថា​ឈ្មោល​ទេ វា​តែងតែ​ហិត​គុថ​គ្នា​ទៅ​វិញ​ទៅ​មក ។ កិច្ច​នេះ​ចា​ទៀងទាត់​ខាន​ធ្វើ​មិន​បាន ។ ២-សត្វ​សុនខ​ឈ្មោល កាល​ណា​វា​បន្ទោរ​បង់​បស្សវៈ តែងតែ​លើក​ជើង​ម្ខាង​ជា​ដរាប ។ កិច្ច​នោះ​ក៏​វាលះ​បង់​មិន​បាន​ដូចគ្នា ។ លោក​អ្នក​យល់​ទេ កិច្ច​វត្ត​ទាំងពីរ​ប្រការ ដែល​សុនខ​តែង​ប្រព្រឹត្ត​មក​មិន​ដែល​ខាន​នោះ តើ​បណ្ដាល​មក​អំពី​អ្វី? មាន​ពី​ត្រឹម​ណា​មក? កិច្ច​វត្ត​ដែល​សុនខ​តែ​ប្រព្រឹត្ត​២​ប្រការ​នោះ​គឺ ៖ កិច្ច​វត្ត​ប្រការ​ទី ១ គឺ​កាល​បី​បឋមកប្ប ដែល​ទើប​កើត​មាន​មនុស្ស មាន​សត្វ​មាន​សាសនា ពាក្យ​ប្រដៅ បន្តិចបន្តួច​លើ​ផ្ទៃ​ផែន​ដី​នោះ មាន​រឿង​ដំណាល​ថា ក្នុង​សម័យ​ព្រេងនាយ មាន​វត្ត​អារាម មាន​អ្នក​បួស​កាន់​សីលធម៌​សុចរិត កាន់​ពាក្យ​សច្ចៈ​ប្រជុំ​គ្នា​ដោយ​ពួកៗ នៅ​ក្នុង​វត្ត​នីមួយៗ ។ មាន​សុនខ​ជា​ច្រើន​ជ្រក​កោន​នៅ​ក្នុង​វត្ត​ចាំ​បរិភោគ​អាហារ ដែល​សេសសល​អំពី​អ្នក​បួស តែ​កាល​ណា​លោក​ប្រជុំ​ចាន​ចង្ហាន់​នៅ​លើ​សាលា ពួក​សុនខ​ក៏​នាំ​គ្នា​ឡើង​ទៅ ក្រាប់​គាល់​លោក​ចាំ​បរិភោគ​អាហារ​សំណល់​តែ​រៀង​រាល់​ថ្ងៃ ខែ ឆ្នាំ ពុំ​ដែល​ខាន ។

ឯ​ភូមិ​ផ្ទះ​អ្នក​ស្រុក​ឥត​មាន​សុនខ​អាស្រ័យ​នៅ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ។ ថ្ងៃ​មួយ​នោះ បណ្ដា​ពួក​សុនខ​ទាំងនោះ មាន​សុនខ​មួយ​ចេញ​ខ្យល់​អាចមន៍ "ផោម" ធុំ​ក្លិន​អាក្រក់​ដល់​លោក​មេវត្ត ដែល​លោក​កំពុង​ឆាន់ ។ លោក​ក៏​សួរ​ទៅ​ពួក​សុនខ​ដែល​នៅ​ជួប​ជុំ​គ្នា​នោះ ឲ្យ​ឆ្លើយ​តាម​ពិត​ត្រង់ តែ​គ្មាន​សុនខ​ណា​មួយ​ទទួល​ថា​ខ្លួន​ផោម​សោះ ។ ឯ​លោក​គ្រូ​មេវត្ត​លោក​ជ្រាប​ច្បាស់​ថា មាន​សុនខ​មួយ​ក្នុង​ចំណោម​នោះ ចេញ​ផោម​ប្រាកដ ទើប​លោក​ពោល​ថា "អើ​បើ​ឯង​នៅ​តែ​លាក់​បិទបាំង​មិន​សម្ដែង​ទោស​កំហុស​របស់​ខ្លួន​ដូច្នេះ ចូរ​ឯង​ទាំងឡាយ វិនាស​ចាក​វត្ត​ក្នុង​កាល​ឥឡូវ​នេះ​ចុះ" ដោយ​ពាក្យ​សច្ច​របស់​លោក​គ្រូ ពួក​សុនខ​ក៏​អន្ដរធាន​ចាក​វត្ត​ក្នុង​បេល​មួយ​រំពេច ពុំ​អាច​ទប់ទល់​បាន​ឡើយ ។ តាំង​អីពី​ពេល​នោះ​មក សុនខ​ទាំងឡាយ​ក៏​ក្លាយ​ទៅ​ជា​សត្វ​អនាថា ចេញ​ទៅ​លាក់​ខ្លួន​ពួន​អាត្មា​ដោយ​ព្រៃ​ខ្លះ ដោយ​ផ្ទះ​សម្បែង​គេ​ខ្លះ អត់​ឃ្លាន​ពន់ពេក​កើត​ក្ដី​សង្វេគ​អាណិត​តែ​រៀង​ខ្លួន ។ តាំង​ពី​ថ្ងៃ​នោះ​មក ពួក​សុនខ​ទាំងនោះ​ក៏​តាំង​ចិត្ត​ស្វែងរក​ភស្ដុតាង​ឲ្យ​ប្រាកដ​ថា សុនខ​ណា​វា​ផោម​ហើយ​លាក់​បិទបាំង​ទុក បណ្ដាល​ឲ្យ​ពួក​សុនខ​ដែល​សុចរិត​ស្លូត​ត្រង់​ទទួល​សេចក្ដី​លំបាក​វេទនា ។ ហេតុ​នេះ​បាន​ជាពួក​សុនខ​ប្រកាន់​ខ្ជាប់ ក្នុង​កិច្ច​វត្ត​នោះ​តាំង​ពី​កាល​នោះ​រៀងៗ​មក តែ​បាន​ជួប​គ្នា​វេលា​ណា​ក៏​តាំង​ផ្ដើម​កិច្ច​វត្ត​មួយ​មុន​កិច្ច​ផ្សេង​ទឿតៗ គឺ​ចូល​ទៅ​ហិត​គុថ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​ធំ​ក្លិន​អសោចិ​ដូចគ្នា សុនខ​មួយ​ក៏​ញេញ​ធ្មេញ​បញ្ចេញ​សម្លេង​ឡើង​ថា ង៉ែងៗ សុនខ​ម្ខាង​ទៀត​ក៏​ចោទ​មក​វិញ​ថា ង៉ែងៗ ដូច​គ្នា​ទើប​បង្កើត​ទោស​ឡើង​ព្រម​គ្នា ក៏​ប្រើ​កម្លាំង​កាយ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ពេញ​ទំហឹង​ឡើង ។

កិច្ច​វត្ត​ប្រការ​ទី ២ គឺ​សុនខ​ឈ្មោល​មាន​ប្រកាន់​កិច្ច​វត្ត​មួយ​បែប​ទឿត គឺ​ពេល​បន្ទោល​បង់​បស្សវៈ តែង​តែ​លើក​ជើង​ម្ខាង​ជា​ដរាប ។ រឿង​ទីពីរ​នេះ ក៏​កើត​ឡើង​ក្នុង​សម័យ​ជាមួយ​គ្នា​នឹង​រឿង​ទី ១ ដែរ ។ កិច្ច​វត្ត​ដូច​មាន​សេចក្ដី​ដំណាល​តៗ​គ្នា​មក​ថា សម័យ​នោះ មាន​បុរស​ស្ត្រី​ប្ដី​ប្រពន្ធ​មួយ​គ្រួ មាន​ទីលំនៅ​មិន​ឆ្ងាយ​អំពី​ទី​អារាម​ណាស់​ណា​ទេ លុះ​ដល់​ខ្លួន​កាន់​តែ​ចាស់ៗ​ទៅ មាន​សេចក្ដី​សង្វេគ ទើប​នាំ​គ្នា​ស្វាមី​ភរិយា​គិត​ពិចារណា​ថា "យើង​ចាស់ៗ​ណាស់​ហើយ ចូល​ក្នុង​សេចក្ដី​មិន​ទៀង តែ​យើង​ទាំងពីរ​នាក់​ជា​អ្នក​ទុរគត​ក្រខ្សត់​គ្មាន​អ្វី​នឹង​ធ្វើ​បុណ្យ​ឲ្យ​ទាន​ដល់​ម្ដង​សោះ យល់​ជា​នឹង​ស្លាប់​ទៅ​ទទេ ឥត​ផល​ប្រយោជន៍​អ្វី​ឃើញ​នឹង​បង់​ជាតិ​កំណើត​ដែល​បាន​កើត​មក​ជា​មនុស្ស​មនេះ​មិន​ខាន" ។ ទើប​យាយ​ចាស់​ឆ្លើយ​តប​ឡើង​ថា "ថ្វី​ត្បិត​តែ​ក្រ បើ​ប្រឹង​ត្រដរ​ទៅ​ក៏​គង់​ធ្វើ​បាន​ខ្លះ​មិន​លែង គ្រាន់​តែ​ទុគ្គត​បណ្ណាការ​ទៅ​ចុះ" តា​តប​ថា "អើ​យាយ! យាយ​ឯង​ថា​ធ្វើ​បាន តើ​បាន​អ្វី​ធ្វើ?" ។ យាយ​ថា "បើ​គាត់​តាម​ខ្ញុំ ទើប​ធ្វើ​បាន" ។ ទើប​យាយ​អធិប្បាយ​ថា "សព្វ​ថ្ងៃ​នេះ មាន​ស្រែ​គេ​នៅ​ជុំ​វិញ​ភូមិ​យើង គេ​ទើប​នឹង​ច្រូត​ដឹក​នាំយក​ទៅ​លែង​អ្វី​នឹង​ជ្រុះ​គ្រាប់​ស្រូវ​ខ្លះ បើ​យើង​នាំ​គ្នា​ទៅ​រើស​មួយ​ថ្ងៃ គង់​ដណ្ដាំ​បាយ​បាន​ចង្ហាន់​ម្ដង​ដែរ" ។ តាថា "យី​យាយ​ថា​នេះ ហៅ​ថា​ពេញ​ជា​ត្រូវ ណ្ហើយ​យាយ​ប្រញាប់​ទៅ​ក្រែង​វា​បាន​ក្រែល​បន្តិច" ។ ថា​យើង​យាយ និង​តា​កាន់​ល្អី​មួយ​ម្នាក់ ចេញ​ទៅ​តើស​ស្រូវ​នៅ​ក្នុង​ស្រែ ដែល​គេ​ទើប​ច្រូត​កាត់​ហើយ ។ រើស​មួយ​ថ្ងៃ​វាល់​ស្ងាច​បាន​ស្រូវ​ប្រមាណ​មួយ​ត្រឡោក​ម្នាក់ យាយ​តា​ក៏​នាំ​គ្នា​វិល​មក​ផ្ទះ​វិញ ។ លុះ​បរិភោគ​អាហារ​រួច​ហើយ​ក៏​បបួល​គ្នា​រក​គ្រាប់​ស្រូវ ចំណែក​ខាង​តា គាត់​យក​កាំបិទ​ស្លា​កោស​គ្រាប់​អង្ករ​ដែល​យាយ​បក​រួច​ហើយ​នោះ ឲ្យ​ជ្រុះ​កន្ទក់​ចេញ ម្លោះ​ហើយ​គ្រាប់​អង្ករ​នោះ​មាន​សម្បុរ​ស​ភ្លឺ​ថ្លា​ដូច​ពង​សង្អារ ជិត​ភ្លឺ​យាយ​យក​អង្គរ​នៅ​ទោ​លាង​ទឹក យើង​ច្រក​ក្នុង​ឆ្នាំង​ដណ្ដាំ​បាយ​តាម​ធម្មតា ។

និយាយ​ពី​លោក​គ្រូ លោក​មាន​ញាណ​យល់​ការណ័​ជាក់​ច្បាស់​ដោយ​អំណាច​លោក កាន់​ធម៌​សច្ចៈ លោក​បាន​ជ្រាប​ហេតុ​ពី​យាយ និង​តា​ប្រាថ្នា​ធ្វើ​មហា​ទាន​ក៏​លោក​ហៅ​ភិក្ខុ​សាមណេរ​មក​ប្រជុំ​ប្រាប់​ថា "យប់​នេះ​ត្រូវ​នាំ​គ្នា​បោស​សំអាត​ដោត​ទង់​ចង​ស៊ុំ​ឲ្យ​រុងរឿង ព្រោះ​ព្រឹក​នេះ មាន​មហា​ទាន​ចូល​មក​ដល់​វត្ត​របស់​យើង ដូច្នេះ​ត្រូវ​យើង​ធ្វើ​ឲ្យ​គួរ​សម​នឹង​ទទួល​មហាទាន ។ គ្រា​នោះ​ភិក្ខុ​សាមណេរ​ទាំងឡាយ ក៏​ខ្វល់ខ្វាយ​បោសច្រាស​សម្អាត​វត្ត​សង​ស៊ុំ​ដូច​ជា​ការ​ធ្វើ​ទាន​មហា​កឋិន​មួយ ។ លុះ​ព្រឹក​ឡើង​អរុណ​រៀបរះ ស្រាប់​តែ​ខើញ​យាយ និង​តា​បណ្ដើរ​គ្នា​ចូល​ទៅ​ក្នុង​វត្ត ។ ឯ​យាយ​គាត់​កណ្ដៀត​ល្អី​មួយ មាន​បាយ​មួយ​ចាន​ដាក់​ក្នុង​ល្អី​ដើរ​ចូល​សំដៅ​ទៅ​កុដិ​លោក​គ្រូ​ធំៗ​វាយ​រគាំង​ម៉ឺងៗ ប្រជុំ​ភិក្ខុ​សាមណេរ​ធ្វើ​ភត្តានុមោទនា ។ នោ​វេលា​គ្រា​នោះ មាន​ភិក្ខុ​មួយ​រូប​ក្ដៅ​ចិត្ត​ណាស់ ស្ទុះ​ចេញ​ទៅ​ឈរ​ចាំ​មើល​ផ្លូវ ។ លុះ​យាយ និង​តា​បណ្ដើរ​គ្នា​ចេញ​ទៅ​ដល់​ព្រំ​វត្ត ភិក្ខុ​នោះ​ក៏​និយាយ​ថា "នែ​យាយ និង​តា​ក្រោយៗ​យក​ចង្ហាន់​របស់​យាយ និង​តា​ទៅ​វត្ត​ឯ​ណា​ទៀត​ទៅ​កុំ​នាំ​ចូល​វត្ត​នេះ​ទៀត សព្វ​បើ​បាយ​មួយ​ចាន ឲ្យ​គេ​លំបាក​អស់​មួយ​យប់" ។ ថា​ហើយ​ភិក្ខុ​នោះ​គេច​ចេញ​បាត់​ទៅ ។ រី​ឯ​យាយ និង​តា​លុះ​បាន​ឮ​សម្ដី​ភិក្ខុ​នោះ និយាយ​ដូច្នោះ​ហើយ ក៏​មាន​សេចក្ដី​វិតក្ក​ក្នុង​ចិត្ត​ពន់​ពេក នាំ​គ្នា​សង្វេគ​ក្នុង​ចិត្ត​ថា "ឳ​កម្ម​អើយ! កម្ម! ហេតុ​តែ​យើង​ក្រីក្រ​ធ្វើ​ទាន​មិន​ដិត​ដល់ បាន​ជា​នាំ​ឲ្យ​លោក​មិន​សប្បាយ​ចិត្ត" ។ តា​ថា "ចុះ​យាយ​គិត​យ៉ាង​ដូច​ម្ដេច​ទៀត?" យាយ​ថា "តា​កុំ​ព្រួញ​មិន​អ្វី​ទេ​សព្វ​ថ្ងៃ​ខ្ញុំ​ឃើញ​សុនខ​ខ្ចាត់​ភ្លាត់ មក​នៅ​ក្បែរ​ផ្ទះ​យើង​ច្រើន​ណាស់ ជាន់​នោះ​ប្រហែល​ជា​គេ​សម្គាល់​ថា សម្លាត់​សត្វ​យក​ទៅ​ធ្វើ​បុណ្យ​មិន​បាប ត្រឡប់​ទៅ​ជា​បុណ្យ​ច្រើន​ទៅ​វិញ​ទេ​ដឹង?" ។ តា​ថា "ឳ​មែន​ហើយ​យាយ! មក​យាយ​យក​ចន្ទាស់​ទ្វារ​មួយ​មក" ។ ថា​ហើយ តា​ដក​ដាវ​ចេញ​ពី​ស្រោម​បណ្ដើរ​យាយ​ចេញផុត​បិ​ផ្ទះ​ទៅ ក៏​ស្រាប់​តែ​ប្រទះ​សុនខ ៤-៥ នៅ​ហែៗ ក្បែរ​ព្រៃ ។ តា​ថា "យាយ​ស្ទាក់​ពី​មុខ" យាយ​​ស្ទុះ​ដេញ​វាយ​ត្រូវ​សុនខ​មួយ​ដម្បង តា​ស្ុះ​ទៅ​ត្រកង​នឹង​ដាវ​ដាច់​ក​សុនខ​មួយ​ទៅ ។ ស្ទាក់​ចុះ​ស្ទាក់​ឡើង​សម្លាប់​បាន​សុនខ ៤-៥ ក្បាល ។

យាយ​ថា "ល្មម​ហើយ​តា! ល្មម​ធ្វើ​ចង្ហាន់​លោក​បាន​ហើយ" ហើយ​យក​ខ្សែ​ចង​សែង​ជញ្ជូន​យក​ទៅ​ផ្ទះ យាយ​គាត់​ចាត់​ការ​បាន​ច្រើន​មុខ គាត់​ធ្វើ​ជា​សាច់​ច្រនួត​ដោត ជា​ចង្កាក់ៗ ឲ្យ​តា​អាំង​គាត់​ហាន់​ជា​ដុំៗ ដាក់​ថ្លាង​មួយ ហើយ​គាត់​ហាន់​តូចៗ ធ្វើ​ជា​សម្លរ​ម្ជូរ​គ្រឿង ។ ក្នុង​រាត្រី​នោះ លោក​គ្រូ​ធំ​ឈ្វេង​យល់​ទៀត ក៏​ប្រជុំ​ភិក្ខុ​សាមណេរ​មក​ប្រាប់​ថា "ព្រឹក​ស្អែក​មាន​ទាន​មក​ដល់​វត្ត​យើង​ទៀត​ហើយ ប៉ុន្តែ​ទាន​នោះ​ថា​ធំ​ក៏​បាន ថា​តូច​ក៏​បាន មិន​ចាំបាច់​រៀប​វត្ត​ទទួល​ទេ" ។ លុះ​ព្រឹក​ឡើង​ភ្លឺ​ច្បាស់​ឃើញ​យាយ​ទូល​ថ្លាង​មួយ តា​រែក​អម្រែក​មួយ​ចូល​ទៅ​ក្នុង​វត្ត ។ លោក​គ្រូ​ក៏​វាយ​រគាំង​ម៉ឺងៗ​បីបទ​ប្រជុំ​ភិក្ខុ សាមណេរ​ធ្វើ​ភត្តានុមោទនា រួច​ហើយ​លោក​គ្រូ​ហាម​ថា "ភិក្ខុ​ក្ដី សាមណេរ​ក្ដី​បើ​បាន ទទួល​ចង្ហាន់​មាន​ដុំ​សាច់ កុំ​អាល​ឆាន់​ត្រូវ​នាំ​យក​សម្ល​ដែល​មាន​ដុំ​សាច់​នោះ​មក​ប្រគល់​ឲ្យ​អាត្មា​កុំ​ខាន" ។ លុះ​ធ្វើ​ភត្តា​នុមោទនា​រួច​ហើយ យាយ និង​តា​ក៏​ដួស​សម្ល​ចែក​លោក​គ្រប់​កុដិ ។ ឯ​ភិក្ខុ​សាមណេរ​កាល​បាន​ទទួល​ម្ហូប​ស្រេច​ហើយ ពិចារណ​មើល​ពុំ​ឃើញ​មាន​ត្រី មាន​សុទ្ធ​តែ​សាច់​ក៏​នាំ​គ្នា​យក​ម្ហូប​នោះ​ទៅ​ប្រគេន​លោក​គ្រូ​ធំ​អស់​ទៅ នៅ​សល់​តែ​ភិក្ខុ​មួយ​រូប ពុំ​បាន​យក​សម្ល​ទៅ​ប្រគេន​លោក​គ្រូ​ធំ សម្ល​ទុក​ឆាន់​តែ​ម្នាក់​ឯង ។ ឯ​លោក​គ្រូ​ធំ​ស្មាន​ថា អស់​លោក​យក​មក​ជុំ​គ្នា​ហើយ ក៏​សូត្រ​គាថា​ផ្សំ​ធាតុ​កើត​ឡើង​ជា​សុនខ ។ ឯ​សុនខ​ដែល​កើត​ដោយ​អំណាច​គាថា​នោះ កើត​ឡើង​ជា​រូប​សុនខ​សុទ្ធសាធ​តែ​មាន​តែ​ជើង​បី ។ ទើប​លោក​គ្រូ​ធំ​ចាត់​លោក​គ្រូ​សូត្រ​ឲ្យ​ដើរ​រក​មើល​គ្រប់​កុដិ​ទៅ​ឃើញ​ភិក្ខុ​មួយ​រូប​នោះ មាន​សាច់​ច្រនួត មាន​ខ មាន​សម្ល​ម្ជូរ​គ្រឿង សុទ្ធ​តែ​សាច់ ក៏​បង្គាប់​ឲ្យ​ភិក្ខុ​នោះ​នាំ​យក​ទៅ​ប្រគេន​លោក​គ្រូ​ធំ ។

លុះ​លោក​គ្រូ​ធំ​បាន​ទទួល​ម្ហូប​ថ្មី​ទៀត ក៏​លោក​សែក​ផ្លុំ​ម្ដង​ទៀត ទើប​កើត​ជា​សុនខ​មាន​ជើង​បួន​គ្រប់​ទាំង​បួន​ដូច​ដើម​វិញ ។ តាំង​ពី​ថ្ងៃ​នោះ សត្វ​សុនខ​កើត​មាន​សេចក្ដី​កតញ្ញូ​ដល់​លោក​គ្រូ​ជាប់​ជានិច្ច​ក្នុង​ចិត្ត តែ​កាល​ណា​បន្ទោរ​បង់​បស្សវៈ ក៏​នឹង​រឮក​ដល់​គុណ​របស់​លោក​គ្រូ​ថា កុំ​តែ​បាន​លោក​គ្រូ​កុំ​អី​យើង​ខ្វះ​ជើង​មួយ គិត​ហើយ​ក៏​លើក​ជើង​ក្រោយ​ម្ខាង​ឡើង​គំនាប់​រំឭក​គុណ នៅ​ពេល​បន្ទោរ​បង់​បស្សាវៈ គឺ​លើក​ជើង​ដែល​លោក​គ្រូ​បង្កើត​ឲ្យ​លើក​ក្រោយ​បង្អស់​នៅ​ឯង ។

ស្ត្រីជរា

September 8, 2006

ប្រភេទ ៖ ពីនេះពីនោះ

លោក អ្នក​អាន​ទាំងឡាយ! ល្ងាច​ថ្ងៃ​មួយ ខណៈ​កំពុង​ដើរ​នៅ​កណ្ដាល​ព្រៃ ខ្ញុំ​បាន​ឮ​សម្លេង​ទ្រហោ​យំ​ទួញ​រៀបរាប់​ចេញ​មក​ពី​ក្នុង​ព្រៃ ទើប​ឈប់​ឈរ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​សម្លេង​នោះ ជា​សម្លេង​របស់​ស្ត្រី ឮ​មក​យ៉ាង​គួរ​ខ្លោច​ផ្សា​ពី​ព្រៃ​ខាងៗ​ផ្លូវ ធ្វើ​ឲ្យ​សេចក្ដី​មេត្តា​ករុណា កើត​ឡើង​ក្នុង​ចិត្ត​របស់​ខ្ញុំ​ភ្លាម ព្រះពុទ្ធ​ជា​ម្ចាស់​ប្រៀន​ប្រដៅ​ឲ្យ​មាន​សេចក្ដី​មេត្តា​ករុណា​អាណិត​អ្នក​ដទៃ និង​រក​ផ្លូវ​ជួយ​អ្នក​ដទៃ បើ​ល្មម​និង​ជួយ​បាន​គិត​ដល់​ព្រះ​ពុទ្ធវចនៈ​ត្រង់​នេះ​ហើយ ទើប​កាត់​ចិត្ត​ដើរ​រុក​ព្រៃ​តម្រង់​ទៅ​ត្រង់​សម្លេង​នោះ ។


ភាព​ដែល​នៅ​ខាង​មុខ​ខ្ញុំ គឺ​ស្ត្រី​ជរា​ម្នាក់​កំពុង​អង្គុយ​យំ​ទួញ​នៅ​ជិត​គំនរ​ភ្លើង​ធំ ខ្ញុំ​អាច​កាត់​ស្មាន​បាន​ភ្លាម​ថា គាត់​កំពុង​យំ​រឭក​នឹក​ដល់​បុគ្គល​ជា​ទី​ស្រលាញ់​ណា​ម្នាក់​ដែល​ស្លាប់​ទៅ និង​ពេល​នេះ​កំពុង​ត្រូវ​ភ្លើង​ឆេះ​នៅ​លើ​ជើង​ថ្ករ "អ្នក​មីង ! អ្នក​មីង​កំពុង​យំ​រឭក​ដល់​នរណា ?" 

គាត់​ងើប​មុស​ដ៏​ទទឹក​ជោគ​ដោយ​ទឹក​ភ្លែក​សម្លឹង​មើល​មុខ​ខ្ញុំ ហើយ​ឆ្លើយ​ទាំង​ខ្សឹកខ្សួល​ថា "ខ្ញុំ​កំពុង​យំ​រឭក​ដល់​កូន ខ្ញុំ​មាន​កូន​ប្រុស​តែ​ម្នាក់ គេ​ក៏​ស្លាប់​ចោល​ខ្ញុំ​ទៅ កូន​អើយ!​កូន​មិន​អាណិត​ម៉ែ​ខ្លះ​ឡើយ" ឆ្លើយ​ប្រាប់​ខ្ញុំ​បាន​ប៉ុណ្ណេះ​ស្ត្រី​ជរា​ក៏​យំ​រៀបរាប់​តទៅ​ដោយ​សម្លេង​ខ្លាំង​ជាង​មុន ខ្ញុំ​បណ្ដោយ​ឲ្យ​គាត់​យំ​ទាល់​តែ​ឃើញ​ថា​គាត់​ហត់​នឿយ ល្វើយ សម្លេង​ខ្សាវ​ស្អក​ហើយ ទើប​ខ្ញុំ​ផ្ដើម​សម្ដែង​ធម៌​លួងលោម​គាត់​ដោយ​ឧបាយ ។

"អ្នក​មីង!​អាត្មា​នឹង​និយាយ​រឿង​ចម្លែក​មួយ​ឲ្យ​ស្ដាប់ បើ​អ្នក​មីង​ចង់​ស្ដាប់ អាត្មា​ជឿ​ថា កាល​បាន​ស្ដាប់​ហើយ ជួនកាល​អ្នក​មីង​អាច​នឹង​សប្បាយ​ចិត្ត​ឡើង​ខ្លះ

"ព្រះគុណ​ជា​ម្ចាស់ និយាយ​អ្វី​ក៏​និយាយ​មក​ចុះ" ស្រី​ជរា​ឆ្លើយ​ដោយ​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់ នៅ​តែ​ខ្សឹកខ្សួល​អង្គុយ​មើល​កង​ភ្លើង ដោយ​ដួង​ភ្នែក​ទទឹក​ជោគ​ដោយ​ទឹក​ភ្នែក ខ្ញុំ​ទើប​និយាយ​រឿង​ដែល​ខ្ញុំ​គិត​ឃើញ​ឡើង​បាន​ក្នុង​ខណៈ​នោះ​ថា "ពី​ម្សិស​ម៉ិញ ពេល​ដែល​ធ្វើ​ដំណើរ​មក​ដល់​ឆ្នេរ​ទន្លេ​គង្គា អាត្មា​បាន​ជួប​ស្ត្រី​ម្នាក់​កំពុង​ឈរ​យំ ខ្សឹកខ្សួល​នៅ​លើ​ឆ្នេរ​ទន្លេ​គង្គា ដូច​ជា​អ្នក​មីង​កំពុង​យំ​ក្នុង​ពេល​ឥឡូវ​នេះ​ដែរ អាត្មា​បាន​ចូល​ទៅ​សួរ​នាង​ថា យំ​ធ្វើ​អ្វី ? នាង​ឆ្លើយ​ថា​នាង​បាន​មក​ឈរ​នៅ​ច្រាំង​ទន្លេ​នេះ​តាំង​តែ​ពី​ព្រឹក ខំ​ហាម​ប្រាប​ទឹក​ទន្លេ​មិន​ឲ្យ​ហូរ​ទៅ​ក្រោម នាង​បាន​លួងលោម​អង្វរ​ដោយ​ពាក្យ​ផ្អែមល្ហែម​ខ្លះ កំហែង​គម្រាម​ខ្លះ ជេរ​ប្រទេច​ខ្លះ តែ​ទឹក​ក៏​មិន​ស្ដាប់​សម្លេង​របស់​នាង ចេះ​តែ​ហូរ​ទៅ​មិន​ឈប់ឈរ​តាម​នាទី​របស់​ខ្លួន នាង​ខូច​ចិត្ត​ត្បិត​ហាម​ទឹក​មិន​ស្ដាប់ ទើប​ឈរ​យំ​កន្ទក់កន្ទេញ អ្នក​មីង!​បើ​អ្នក​មីង​បាន​ជួប​ស្ត្រី​នោះ​ដូច​អាត្មា តើ​អ្នក​មីង​គិត​ថា​ស្ត្រី​នោះ​ជា​មនុស្ស​ឆ្កួត​ឬ​មនុស្ស​មាន​ស្មារតី​ល្អ ?"

"ក៏​ឆ្កួត​នោះ​ឯង ព្រះគុណ​ម្ចាស់" ស្ត្រី​ចាស់​ឆ្លើយ "វា​ដែល​មាន​ពី​ណា ទឹក​ហូរ​តាម​ធម្មតា​ប្រក្រតី​របស់​វា នឹង​ទៅ​ហាម​ឲ្យ​វា​ឈប់​ហូរ​បាន​ដូច​ម្ដេច​កើត បើ​ហាម​វា​មិន​ស្ដាប់ ហើយ​យំ​ខូច​ចិត្ត​ក៏​ជា​មនុស្ស​ឆ្កួត​ពិតៗ​នោះ​ឯង

កាល​យាយ​គាត់​បង្ហើប​ផ្លូវ​ដូច្នេះ ខ្ញុំ​ក៏​ផ្ដើម​លុក​ចូល​ភ្លាម "បើ​ស្ត្រី​នោះ​ឆ្កួត អ្នក​មីង​ក៏​ឆ្កួត​ដូច​គ្នា​ដែរ"

"ខ្ញុំ​ឆ្កួត​យ៉ាង​ម៉េច ?" ស្ត្រី​ចាស់​បែរ​មក​សួរ​ខ្ញុំ​ដោយ​សេចក្ដី​មិន​ពេញ​ចិត្ត​ភ្លាម ។

"ឈប់​សិន កុំ​ទាន់​ខឹង ស្ដាប់​ហេតុផល​របស់​អាត្មា​សិន មនុស្ស​យើង​គ្រប់​គ្នា កើត​មក​ហើយ​ត្រូវ​ស្លាប់​មិន​មាន​នរណា​ហាម​សេចក្ដី​ស្លាប់​បាន ព្រោះ​ជា​ធម្មតា​របស់​សត្វ ពូជ​និង​របស់​ទាំង​ពួង កាល​កើត​ឡើង​មក​ហើយ ត្រូវ​ប្រែប្រួល​សាបសូន្យ​ទៅ មិន​មាន​ធម្មជាតិ​ណា​នៅ​គង់វង្ស​រហូត​ទេ កើត​មក​ហើយ​ក៏​ស្លាប់​ទៅ​តាម​ធម្មតា​របស់​វា ដូច​ខ្សែ​ទឹក​ហូរ​ក្នុង​ទន្លេ​គង្គា​ដែល​ហូរ​ទៅ​មិន​ឈប់ឈរ កូន​ប្រុស​របស់​អ្នក​មីង​កើត​មក​ហើយ ក៏​ស្លាប់​ទៅ​តាម​ធម្មតា​របស់​គេ អ្នក​មីង​មិន​ចង់​ឲ្យ​គេ​ស្លាប់ ព្រោះ​សេចក្ដី​ស្រឡាញ់​គេ ចង់​ឲ្យ​គេ​នៅ​នឹង​អ្នក​មីង​រហូត​ទៅ តែ​កាល​គេ​មិន​នៅ​នឹង​អ្នក​មីង គេ​ស្លាប់​ចោល​ទៅ អ្នក​មីង​ក៏​យំ​កន្ទក់កន្ទេញ​កាល​បើ​ដូច្នេះ អ្នក​មីង​ក៏​មិន​ខុស​ប្លែក​ពី​ស្ត្រី​ដែល​ហាម​ប្រាម​ទឹក​ក្នុង​ទន្លេ​គង្គា​មិន​ឲ្យ​ហូរ កាល​មិន​សម្រេច​តាម​បំណង ក៏​ខូច​ចិត្ត​ទួញ​យំ ដូច្នោះ​អាត្មា​ទើប​ពោល​ថា មីង​ឆ្កួត​ដូច​ស្ត្រី​នោះ​ដែរ

ហេតុផល​របស់​ខ្ញុំ ធ្វើ​ឲ្យ​ស្ត្រី​ជរា​ឈប់​យំ គាត់​អង្គុយ​ឈ្ងោក​មុខ​នៅ​ស្ងៀម​ដោយ​ប្រើ​គំនិត តែ​ក៏​នៅ​សឹក​រង៉ឹក​ខ្សឹកខ្សួល​ម្ដងៗ "ញោម​ស្រី!" ខ្ញុំ​ពោល​ទៅ "មនុស្ស​យើង​ជា​សត្វ​មាន​ហេតុផល នឹង​ធ្វើ​អ្វី​ទៅ​គួរ​គិត​ឲ្យ​ល្អ​ជា​មុន​ថា អំពើ​នោះ​អាច​ឲ្យ​ប្រយោជន៍​ឬ​សេចក្ដី​សុខ​ដល់​ខ្លួន​និង​មនុស្ស​ដទៃ​ឬ​ទេ បើ​ឃើញ​ថា​ធ្វើ​ទៅ​ហើយ​គ្មាន​ប្រហោជន៍​ក៏​មិន​គួរ​ធ្វើ ការ​យំ​ទួញ​កន្ទក់កន្ទេញ​ដល់​កូន​ដែល​ស្លាប់​ទៅ​ហើយ​នេះ ញោម​ស្រី​បាន​ប្រយោជន៍​អ្វី​ខ្លះ ? អាត្មា​មិន​ឃើញ​ញោម​បាន​អ្វី​មក​ឡើយ ទោះ​ញោម​ស្រី​យំ​ឲ្យ​ទាល់​តែ​ទឹក​ភ្នែក​ក្លាយ​ជា​ឈាម កូន​ប្រុស​របស់​ញោម​ក៏​មិន​ត្រឡប់​រស់​ឡើង​វិញ​ដែរ មិន​មាន​នរណា​យក​មាស​ពេជ្រ​កែវ​កង​មក​ឲ្យ​ញោម ព្រោះ​ការ​យំ​ទួញ​នេះ ញោម​ត្រូវ​ខូច​ទឹក​ភ្នែក ខូច​កម្លាំង​ចិត្ត ខូច​សុខភាព អនាម័យ ការ​យំ​ទួញ​មាន​តែផ្លូវ​ខូចខាត​តែ​ម្យ៉ាង មិន​មាន​ផ្លូវ​បាន​ឡើយ ជា​អំពើ​ដែល​គ្មាន​បាន​អ្វីទាំងអស់ មនុស្ស​យើង បើ​ធ្វើ​អ្វីៗ​ប្រាស​ចាក​ប្រយោជន៍​ដូច្នេះ នឹង​ឈ្មោះ​ថា​ជា​សត្វ​មាន​ហេតុផល មាន​វិចារណញ្ញាណ​យ៉ាង​ណា​បាន!" 

"មែន​ព្រះគុណ​ម្ចាស់" ស្ត្រី​ជរា​និយាយ​ឡើង​ដោយ​សម្លេង​ដែល​ផ្ដើប​ច្បាស់លាស់​ជា​ប្រក្រតី "ពាក្យ​និយាយ​របស់​ព្រះគុណ​ម្ចាស់ ជួយ​បន្ធូរ​បន្ថយ​សេចក្ដី​ទុក្ខ​សោក​ក្នុង​ចិត្ត​របស់​ខ្ញុំ​បាន​ច្រើន ជា​ព្រះ​គុណូបបការៈ​យ៉ាង​ក្រៃលែង​ដែល​ព្រះគុណ​ជួយ​ឲ្យ​ពន្លឺ​ស្វាង​ដល់​ខ្ញុំ តែ​សម្រាប់​កូន​ប្រុស​ម្នាក់​នេះ ខ្ញុំ​ស្រឡាញ់​វា​ណាស់ កាល​វា​ស្លាប់​ទៅ ទើប​ហួស​វិស័យ​នឹង​ហាម​ប្រាម​សេចក្ដី​សោក​ទុក្ខ​បាន"

"ញោម​ស្រី ព្រះពុទ្ធ​ជា​ម្ចាស់​ត្រាស់​ថា សេចក្ដី​សោក​រមែង​កើត​ពី​សេចក្ដី​ស្រលាញ់ ដែល​មិន​សម​បំណង ស្រលាញ់​ច្រើន​ក៏​សោក​ច្រើន ស្រលាញ់​តិច​ក៏​សោក​តិច បើ​មិន​ស្រលាញ​សោះ ក៏​មិន​សោក​សោះ កូន​អ្នក​ដទៃៗ​ស្លាប់​មួយ​ថ្ងៃៗ​ច្រើនៗ​នាក់ ញោម​ស្រី​ក៏​នៅ​ព្រងើយៗ​ព្រោះ​ញោម​ស្រី​គ្មាន​សេចក្ដី​ស្រលាញ់​នោះ​ឯង បើ​ញាតិ​ឆ្ងាយៗ​របស់​ញោម​ស្លាប់ ញោម​ក៏​កើត​ទុក្ខ​ខ្លះ​ព្រោះ​មាន​សេចក្ដី​ស្រលាញ់​គេ​ខ្លះ កាល​កូន​ប្រុស​របស់​ញោម​ស្លាប់​ញោម​កើត​ទុក្ខ​សោក​សៅ​យ៉ាងខ្លាំង​បំផុត ព្រោះ​ញោម​ស្រលាញ់​គេ​យ៉ាង​ច្រើន​បំផុត ព្រោះ​ដូច្នោះ ព្រះអង្គ​ទើប​បង្រៀន​ប្រដៅ​មិន​ឲ្យ​ប្រកាន់​មាំ​ក្នុង​របស់​អ្វី​ឲ្យ​ច្រើន​កើន​ពេក​មិន​ឲ្យ​ស្រលាញ់​រហូត​វង្វេង មិន​ឲ្យ​តាំង​សេចក្ដី​សង្ឃឹង​ពិត​ស្អិត​ជាប់​ក្នុង​របស់​ណា ព្រោះ​កាល​ខុស​បំណង​ក៏​មិន​នាំ​ឲ្យ​កើត​ទុក្ខ ញោម​នឹង​តាំង​ចិត្ត​គិត​សង្ឃឹម​ទៅ​ក៏​បាន តែ​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​សព្វ​គ្រប់​ទុក​សម្រាប់​ត​ទល់​នឹង​ផល​ទាំង​ពីរ​យ៉ាង​របស់​វា គឺ​សេចក្ដី​សម​បំណង​និង​សេចក្ដី​ខុស​បំណង ការងារ​គ្រប់​យ៉ាង​មាន​គំនិត​ជា​ពីរ គឺ​បាន​សម្រេច​និង​រលំរលាយ កីឡា​គ្រប់យ៉ាង​មាន​ផល​ពីរ គឺ​ចាញ់​និង​ឈ្នះ បើ​ស្រលាញ​ការ​លេង​កីឡា យើង​ត្រូវ​ព្រម​ទទួល​ផល​ពីរ​យ៉ាង មិន​មាន​នរណា​បាន​ទទួល​តែ​រស​ជាតិ​ផ្អែមល្ហែម​តែ​ម្យ៉ាង រហូត​មួយ​ជាតិ​ទេ ឬ​ជូរ​ចត់​តែ​ម្យ៉ាង​រហូត​មួយ​ជាតិ​ដែរ ត្រូវ​បាន​ទទួល​ផល​ទាំង​ពីរ​យ៉ាង​ផ្លាស់ប្ដូរ​គ្នា​ដរាប​ទៅ ត្រូវ​ចេះ​ពិចារណា​ឲ្យ​ឃើញ​សភាព​នៃ​សេចក្ដី​ពិត​រឿង​នេះ ហើយ​ប្រុងប្រៀប​ខ្លួន​ទុក​ឲ្យ​ស្រេច អ្នក​មិន​ប្រុងប្រៀប​ខ្លួន​ទុក កាល​ជួប​ប្រទះ​រស​ផ្អែមល្ហែម​របស់​ជីវិត​រមែង​ឆ្កួត​ចិត្ត​ឡើង​ជោរ ព្រោះ​ត្រេកត្រអាល​សប្បាយ កាល​ជួប​ប្រទះ​រស​ជូរ​ចត់ ក៏​ឆ្កួត​ទៀត​ព្រោះ​ខូច​ចិត្ត ។ អ្នក​ប្រុងប្រៀប​ខ្លួន​ទុក​រមែង​ញញឹម​ជានិច្ច ទាំង​ក្នុង​គ្រា​បាន​សេចក្ដី​សុខ ទាំង​ក្នុង​គ្រា​ជួប​ទុក្ខ ទាំង​ក្នុង​គ្រា​សម​បំណង​មិន​ខុស​បំណង​ចិត្ត​របស់​គេ​រឹងប៉ឹង​ដូច​ថ្ម​ភ្នំ​ហិមាល័យ ដែល​មិន​ញាប់ញ័រ ព្រោះ​ខ្យល់​បក់​ប្រោក​មក​ពី​ទិស​ទាំង ៤"

"ញោម​ស្រី ធម្មតា​មនុស្ស​យើង កាល​ស្រលាញ់​គ្នា ក៏​រមែង​ធ្វើ​ល្អ​ចំពោះ​គ្នា កាល​ស្អប់​គ្នា ក៏​រមែង​ប្រទូសរ៉ាយ​គ្នា ញោម​ស្រលាញ​កូន​របស់​ញោម និង ប្រាថ្នា​ល្អ​ចំពោះ​កូន​ប្រុស​របស់​ញោម​មិន​មែន​ឬ ?"

"ពិត​មែន​ហើយ ព្រះគុណ​ម្ចាស់ ខ្ញុំ​ស្រលាញ់​គេ​ក្រៃលែង​ជាង​ខ្លួន​ឯង​ទៅ​ទៀត បើ​មាន​វិធី​ណា​ដែល​អាច​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​សុខ​បាន ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ទាល់​តែ​អស់​សមត្ថភាព​តែ​ពេល​នេះ គេ​ស្លាប់​ទៅ​ហើយ​ខ្ញុំ​នឹង​ជួយ​គេ​បាន​យ៉ាងណា ?"

"ញោម​ស្រី មាន​ផ្លូវ​ជួយ​បាន​មួយ​ផ្លូវ គឺ​ការ​ឧទ្ទិស​កុសល​ទៅ​ឲ្យ​គេ ញោម​ចូរ​ឲ្យ​ទាន​ដល់​បដិគ្គហកៈ​(អ្នក​ទទួល) អ្នក​មាន​គុណធម៌​ឬ​តាំង​ចិត្ត​រក្សាសីល​ក្នុង​ថ្ងៃ​ឧបោសថ ឬ​ធ្វើ​គុណ​សេចក្ដី​ល្អ​យ៉ាង​ដទៃៗ ហើយ​តាំង​ចិត្ត​ផ្សាយ​ចំណែក​បុណ្យ​ទៅ​ឲ្យ​កូន​ប្រុស​របស់​ញោម កាល​គេ​បាន​ទទួល​ហើយ ក៏​មាន​សេចក្ដី​សុខ​សម​ប្រាថ្នា​របស់​ញោម"

"ព្រះគុណ​ម្ចាស់​ដ៏​ចម្រើន!​ខ្ញុំ​នៅ​មិន​ទាន់​យល់​ពាក្យ​និយាយ​របស់​ព្រះគុណ​ទេ កូន​ខ្ញុំ​ស្លាប់​ទៅ​ហើយ ទៅ​នៅ​ទីណា​ក៏​មិន​ដឹង

"ញោម​ស្រី អាច​មិន​ដឹង​មែន" ខ្ញុំ​ជជែក​ឡើង "តែ​កូន​ប្រុស​របស់​ញោម​រមែង​ដឹង​ជានិច្ច​ថា ញោម​នៅ​ទីណា សន្មត​ថា ថ្ងៃ​មួយ​ញោម​ចេញចាក​ផ្ទះ​ដោយ​មិន​ប្រាប់​នរណា​ដឹង​មុន ស្វាមី​របស់​ញោម រមែង​មិន​ដឹង​ថា ញោម​ទៅ​នៅ​ទីណា​តែ​ញោម​ខ្លួន​ឯង ទោះ​ទៅ​នៅ​ទីណា ឆ្ងាយ​ប៉ុណ្ណា ក៏​រមែង​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា ស្វាមី​របស់​ញោម​នៅ​ផ្ទះ​នោះ ភូមិ​ស្រុក​នោះ មែន​ឬ​មិន​មែន ?

ស្ត្រី​ជរា​ឆ្លើយ​រ៉ាប់រ៉ង​ថា​មែន តែ​ក៏​នៅ​សង្ស័យ​សាកសួរ​ខ្ញុំ​ថា "បើ​សន្មត​ថា​ខ្ញុំ​ត្រូវ​ការ​នឹង​បញ្ជូន​ផ្ញើ​អាហារ​ទៅ​ឲ្យ​កូន​ប្រុស​ខ្ញុំ តើ​ត្រូវ​ធ្វើ​យ៉ាងណា"

"ញោម​ត្រូវ​ឲ្យ​អាហារ​ជា​ទាន​ដល់​យាចក ស្មូម ឬ​សមណ​ព្រាហ្មណ៍ ហើយ​ក៏​ឧទ្ទិស​ចំណែក​បុណ្យ​ទៅ​ឲ្យ"

"អេ!" ស្ត្រី​ជរា​បន្លឺ​ឡើង​ដោយ​សេចក្ដី​សង្ស័យ "កាល​ខ្ញុំ​យក​អាហារ​ទៅ​ថ្វាយ​សមណ​ព្រាហ្មណ៍ លោក​ក៏​បរិភោគ​អស់​ទៅ ហើយ​អាហារ​នឹង​ទៅ​ដល់​កូន​ប្រុស​ខ្ញុំ​បាន​យ៉ាងណា ?"

"អាត្មា​មិន​បាន​និយាយ​ថា អាហារ​នោះ​នឹង​អណ្ដែត​ទៅ​កាន់​កូន​ប្រុស​របស់​ញោម តាម​ពិត​គ្មាន​វត្ថុ​អ្វី​ទៅ​កាន់​កូន​ប្រុស​របស់​ញោម​បាន ព្រោះ​គេ​បាន​ចាក​ចេញ​ពី​លោក​នេះ ទៅ​លោក​មួយ​ទៀត ដែល​ជា​លោក​នៃ​ចិត្ត ជា​លោក​ដែល​ល្អិត​សុខុម ទាល់​តែ​មិន​អាច​នឹង​ទទួល​វត្ថុ​គ្រាតៗ​ដុំៗ ដូច​អាហារ​របស់​មនុស្ស​បាន ព្រោះ​ដូច្នេះ អាហារ​និង​វត្ថុ​ដទៃៗ មិន​អាច​នឹង​សម្រេច​ប្រយោជន៍​ដល់​កូន​ប្រុស​របស់​ញោម ដោយ​ត្រង់​បាន ការ​ដែល​អាត្មា​ណែនាំ​ឲ្យ​ញោម​យក​អាហារ​ទៅ​ថ្វាយ​សមណៈ ក៏​ដើម្បី​ឲ្យ​អាហារ​គ្រោតគ្រាត​នោះ​ក្លាយ​ទៅ​ជា​របស់​ល្អិត​សុខុម​គឺ​បុណ្យ​កុសល ដែល​ចិត្ត​ដ៏​ល្អិត​សុខុម​របស់​កូន​ប្រុស​ញោម​អាច​នឹង​ទទួល​បាន​ពិត​ហើយ​កាល​ញោម​យក​អាហារ​ទៅ​ថ្វាយ​ព្រះសង្ឃ​លោក​ក​ឆាន់​អស់​ទៅ​តែ​ខាង​ក្រោយ​ការ​ថ្វាយ ការ​បរិភោគ និង ការ​អស់​ទៅ​នោះ មាន​របស់​មួយ​កើត​ឡើង​របស់​នោះ​គឺ "សេចក្ដី​ល្អ" "បុណ្យ​កុសល" ហើយ​ញោម​ក៏​ឧទ្ទិស​កុសល​នេះ​ឯង​ឲ្យ​ដល់​កូន​ប្រុស​របស់​ញោម សំដៅ​សេចក្ដី​ថា កូន​របស់​ញោម​ជា​វិញ្ញាណ​ល្អិត មិន​អាច​ទទួល​របស់​គ្រោតគ្រាត​បាន ញោម​ទើប​ត្រូវ​យក​របស់​គ្រោតគ្រាត​ទៅ​ឆ្នៃ​ឲ្យ​ល្អិត បញ្ជូន​ទៅ​ឲ្យ​គេ អាត្មា​នឹង​លើក​តួ​យ៉ាង​ឲ្យ​ស្ដាប់​សន្មត​ថា កូន​របស់​ញោម​ទៅ​ជួប​ទុក្ខ​លំបាក​នៅ​ទីឆ្ងាយ ញោម​អាណិត​គេ ប្រាថ្នា​នឹង​បញ្ជូន​ផ្ទះ​ទៅ​ឲ្យ​គេ​មួយ​ខ្នង ញោម​នឹង​បញ្ជូន​ផ្ទះ​ទាំង​ខ្នង​ទៅ​ឲ្យ​គេ​រមែង​ធ្វើ​មិន​បាន ដែល​ស្រួល​នោះ ញោម​គួរ​លក់​ផ្ទះ​នោះ ហើយ​ផ្ញើ​ប្រាក់​ដែល​ជា​របស់​តូច​និង​ស្រាល​ជា​ទៅ​ឲ្យ​គេ កាល​បាន​ទទួល​ប្រាក់​ពី​ញោម​ហើយ គេ​អាច​នឹង​យក​ទៅ​ទិញ​ផ្ទះ​បាន​តាម​បំណង ផ្ទះ​ប្រៀប​ដូច​ជា​អាហារ​វត្ថុ ដែល​ញោម​ប្រើ​ធ្វើ​បុណ្យ ការ​លក់​ផ្ទះ​គឺ​ជា​ការ​នាំ​យក​អាហារ​វត្ថុ​នោះ​ទៅ​ថ្វាយ​ដល់​អ្នក​មាន​សីល ប្រាក់​ដែល​ញោម​បាន​ពី​ការ​លក់​ផ្ទះ​គឺ​បុណ្យ​កុសល ដែល​បាន​ចាត់​ការ​ធ្វើ​បុណ្យ​កុសល​នេះ បុណ្យ​កុសល​នោះ​ឯង ញោម​អាច​បញ្ជូន​ទៅ​ឲ្យ​កូន​ប្រុស​របស់​ញោម​បាន​ព្រោះ​បុណ្យ​កុសល​ជា​របស់​ល្អិត​មិន​មាន​រូបរាង ដូច​គ្នា​នឹង​វិញ្ញាណ​ដ៏​ល្អិត​នៃ​កូន​ប្រុស​របស់​ញោម"

"ខ្ញុំ​ផ្ដើម​យល់​ខ្លះ​ហើយ តែ​ក៏​នៅ​មាន​ចំណុច​សង្ស័យ​ខ្លះ​ទៀត សូម​សួរ​ផង​គឺ​ការ​ផ្ញើ​ប្រាក់​ទៅ​ឲ្យ​បុគ្គល​អ្នក​មាន​ជីវិត​រស់​នៅ​នោះ តាម​ប្រក្រតី​ក៏​ច្រើន​តែ​មាន​មនុស្ស​នាំ​យក​ទៅ ព្រោះ​ប្រាក់​មាស​ជា​របស់​មាន​រូប​មាន​ខ្លួន តែ​បុណ្យ​កុសល​ជា​របស់​មិន​មាន​ខ្លួន យើង​នឹង​ផ្ញើ​ទៅ​យ៉ាង​ណា​នរណា​នឹង​ជា​អ្នក​នាំ​ទៅ​ឲ្យ​ដល់​អ្នក​ដែល​យើង​មាន​បំណង​នោះ ?"

"ញោម​ស្រី ការ​ឧទ្ទិស​កុសល​ទៅ​ឲ្យ​ដល់​អ្នក​ស្លាប់​នោះ តាម​សភាព​សេចក្ដី​ពិត​ហើយ មិន​មាន​អ្វី​ទៅ​មិន​មាន​អ្វី​មក មិន​មាន​មនុស្ស​នាំ​ទៅ អាត្មា​ប្រៀប​នឹង​ការ​ផ្ញើ​ប្រាក់ ត្រឹមត្រុវ​ដើម្បី​ឲ្យ​ងាយ​យល់​ប៉ុណ្ណោះ កាល​បើ​ដូច្នេះ​បុណ្យ​កុសល​បាន​ទៅ​ដល់​អ្នក​ស្លាប់​បាន​យ៉ាង​ណា អាត្មា​នង​អធិប្បាយ​ប្រៀបធៀប​ឲ្យ​ស្ដាប់

សន្មត​ថា ញោម​បញ្ជូន​កូន​ប្រុស​របស់​ញោម​ទៅ​កាន់​សំណាក់​អាចារ្យ​ទិសាបាមោក្ខ​នៃ​ក្រុង​តក្កសិលា ដើម្បី​ឲ្យ​សិក្សា​សិល្ប៍វិជ្ជា ញោម​ស្រលាញ់​កូន​ប្រុស​នោះ​ណាស់ គិត​ដល់​គេ​ជានិច្ច យក​ចិត្ត​ទុក​ដាក់​រង់ចាំ​ស្ដាប់​ដំណឹង​ពី​គេ​រាល់​ថ្ងៃ តមក​ញោម​បាន​ដំណឹង​ថា កូន​ប្រុស​របស់​ញោម​ផ្ទុយ​ពី​តាំង​ចិត្ត​សិក្សា​​រៀនសូត្រ បែរ​ជា​ទៅ​ប្រព្រឹត្ត​ផ្ដេសផ្ដាស​ដោយ​ប្រការ​ផ្សេងៗ រហូត​អាចារ្យ​ទិសាបាមោក្ខ​ដេញ​ចេញ​ចាក​សាលា​មិន​ឲ្យ​នៅ​សិក្សា​តទៅ​ទៀត កាល​បាន​ដំណឹង​ដូច្នេះ តើ​ញោម​មាន​អារម្មណ៍​យ៉ាងណា ជា​សុខ​ឬ​ជា​ទុក្ខ ?"

"ខ្ញុំ​មាន​អារម្មណ៍​ជា​ទុក​ច្រើន" ស្ត្រី​ជរា​ឆ្លើយ

"ញោម​ស្រី!​អ្វី​ហ្ន​ធ្វើ​ឲ្យ​ញោម​កើត​ទុក្ខ ?"

"ការ​ប្រព្រឹត្ត​អាក្រក់​របស់​កូន​ប្រុស​ខ្ញុំ​នោះ​ឯង"

"ឥឡូវ​សន្មត​ថា តមក​ញោម​បាន​ដឹង​ដំណឹង​ថ្មី​ថា​កូន​ប្រុស​របស់​ញោម​កែប្រែ​ខ្លួន​បាន​ហើយ គេ​បាន​ចូល​រក​អាចារ្យ​សូម​សេចក្ដី​អភ័យទោស ហើយ​តាំង​ចិត្ត​សិក្សា​រៀន​សូត្រ​ដោយ​ល្អ ប្រព្រឹត្ត​ត្រឹមត្រូវ​រហូត​បាន​ជា​ទី​ស្រលាញ់​របស់​អាចារ្យ​និង​មិត្ត​ភក្កិ​ទូទៅ នរណាៗ ក៏​នាំ​គ្នា​លើក​តម្កើង​សរសើរ​កូន​ប្រុស​របស់​ញោម កាល​បាន​ទទួល​ដំណើរ​ដូច្នេះ ញោម​ទទួល​អារម្មណ៍​យ៉ាងណា ជា​សុខ ឬ​ជា​ទុក្ខ ?"

"ជា​សុខ​ព្រះគុណ​ម្ចាស់"

"អ្វី​ហ្ន!​ធ្វើ​ឲ្យ​ញោម​ជា​សុខ ?"

"ព្រោះ​កូន​ប្រុស​របស់​ខ្ញុំ ត្រឡប់​ខ្លួន​ជា​មនុស្ស​ល្អ​បាន​នោះ​ឯង"

"ញោម​ស្រី ការ​ធ្វើ​ល្អ​អាក្រក់​នៃ​កូន​ប្រុស​របស់​ញោម​ដែល​នៅ​ឆ្ងាយ​ដល់​ក្រុង​តក្កសិលា អាច​ឲ្យ​សុខ​និង​ទុក្ខ​ដល់​ញោម​បាន​យ៉ាង​ណា ការ​ធ្វើ​ល្អ​និង​អាក្រក់​របស់​ញោម​ក្នុង​លោក​នេះ អាច​ឲ្យ​សុខ​និង​ទុក្ខ​ដល់​កូន​ប្រុស​ញោម​ក្នុង​លោក​ដទៃ​បាន​យ៉ាង​នោះ បើ​ញោម​គិត​ដល់​កូន​ប្រុស​ដែល​ស្លាប់​ទៅ​ហើយ​ប្រាថ្នា​ឲ្យ​គេ​មាន​សេចក្ដី​សុខ ក៏​ចូរ​ធ្វើ​តែ​សេចក្ដី​ល្អ ហើយ​តាំង​ចិត្ត​ឧទ្ទិស​ទៅ​ឲ្យ​គេ ការ​តាំង​ចិត្ត​ឧទ្ទិស​ចំពោះ​គេ​ជា​ពិធីការ​សម្ដែង​ថា ញោម​នៅ​គេត​រឭក​ដល់​គេ​នៅ​ទុក​គេ​ជា​កូន​ជា​ចៅ សេចក្ដី​ពិត ត្រឹមតែ​ញោម​ធ្វើ​សេចក្ដី​ល្អ​ប៉ុណ្ណោះ​គេ​ក៏​ជា​សុខ​ល្មម​ហើយ តែ​បើ​គេ​ដឹង​ថា​ញោម​ធ្វើ​ល្អ ដើម្បី​គេ​ដោយ​ចំពោះ គេ​មុខ​ជា​ត្រេកអរ និង​រឹតតែ​មាន​សេចក្ដី​សុខ​ក្រៃលែង​ឡើង"

"ព្រះគុណ​ជា​ម្ចាស់​ដ៏​ចម្រើន! លោក​បាន​ឲ្យ​សេចក្ដី​ភ្លឺ​ស្វាង​ដ៏​ធំ​ក្រៃលែង​ចំពោះ​ខ្ញុំ​ដោយ​ពិត លោក​ជា​អ្នក​បញ្ជាក់​ផ្លូវ​ដល់​ខ្ញុំ​ដែល​កំពុង​វង្វេង​ផ្លូវ ជា​អ្នក​ស្ទួយ​ខ្ញុំ​ឡើង​មក​ពី​រណ្ដៅ​នៃ​សេចក្ដី​ល្ងង់​និង​សេចក្ដី​ទុក្ខ​សោក ខ្ញុំ​នឹង​តាំង​ចិត្ត​ប្រតិបត្តិ​តាម​ពាក្យ ណែនាំ​របស់​លោក​តទៅ​រហូត​អវសាន​ជីវិត ព្រះគុណ​ដ៏​ចម្រើន​ខ្ញុំ​មិន​មាន​អ្វី​បូជា​គុណ​របស់​លោក​ក្រៅ​ពី​របស់​បន្តិចបន្តួច​នេះ"

ថា​ហើយ​ស្ត្រី​ជរា​ក៏​លូក​ទៅ​ក្នុង​អាវ យក​គ្រឿង​ប្រដាប់​កាយ​ធ្វើ​ដោយ​មាស​ចំនួន​​ហុច​មក​ឲ្យ​ខ្ញុំ​ភ្លាម​ហើយ​ពោល​ថា "អលង្ការ​នេះ មាន​តម្លៃ​ច្រើន​ខ្ញុំ​ថែរក្សា​ទុក​តាំង​ចិត្ត​នឹង​ឲ្យ​កូន​ប្រុស តែ​កាល​គេ​ស្លាប់​ទៅ​ហើយ​ខ្ញុំ​សូម​ថ្វាយ​ដល់​ព្រះគុណ​ម្ចាស់ សូម​មេត្តា​ប្រោស​ទទួល​យក​ចុះ"

"ញោម​ស្រី!​អាត្មា​ជា​សមណៈ​អ្នក​លះបង់​ហើយ​នូវ​លោកិយ​ទ្រព្យ​ទាំងពួង អាត្មា​មិន​ត្រូវ​ការ​របស់​អ្វី​ក្រៅ​ពី​អាហារ​ចិញ្ចឹម​ជីវិត​ត្រឹម​មួយ​ថ្ងៃៗ និង​សំពត់​បិទបាំង​រាងការ​ប៉ុណ្ណោះ ដូច្នោះ​អាត្មា​ទើប​មិន​អាច​ទទួល​របស់​ញោម​បាន​យក​ទុក​វិញ​ចុះ​ញោម"

ស្ត្រី​ជរា​មិន​ព្រម​ស្ដាប់ បង្ខំ​ខ្ញុំ​ឲ្យ​ទទួល​ឲ្យ​ទាល់​តែ​បាន "ខ្ញុំ​បាន​កាត់​ចិត្ត​ដាច់​ខាត​ហើយ ដែល​នឹង​ថ្វាយ​របស់​នេះ​ជំពោះ​ព្រះគុណ​ម្ចាស់ ដើម្បី​ឧទ្ទិស​ភាគ​កុសល​ដល់​កូន បើ​មិន​ឃើញ​ដល់​ខ្ញុំ​ក៏​ចូរ​ឃើញ​ដល់​កូន​របស់​ខ្ញុំ​ផង​ចុះ"

"បើ​យ៉ាង​នេះ ចូរ​ដាក់​ទុក​លើ​ដី​ខាង​មុខ​អាត្មា​ចុះ" ស្រី​ជរា​លើក​របស់​នោះ​បន្ទូល​លើ​ក្បាល​អធិដ្ឋាន​អ្វី​ហើយ ក៏​ដាក់​ចុះ​តាម​បង្គាប់ ។

"អាត្មា​ទទួល​យក​ទាន​របស់​ញោម​ស្រី​ហើយ បុណ្យ​កុសល​ផល​ទាន​កើត​ដល់​ញោម​ហើយ ចូរ​ឧទ្ទិស​ចំណែក​កុសល​នេះ ដល់​កូន​ប្រុស​របស់​ញោម​ចុះ ញោម​ស្រី ទាក់ទង​នឹង​មាស​ចំនួន​នេះ​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​អាត្មា ព្រោះ​ដូច្នេះ​អាត្មា​សូម​ឲ្យ​ជា​ទាន​បង្វិល​ដល់​ញោម និង​សូម​ឲ្យ​ឧទ្ទិស​ចំណែក​កុសល​នោះ​ចំពោះ​កូន​ប្រុស​ញោម​ផង"

កាល​ទេសនា​ប្រៀន​ប្រដៅ​ស្ត្រី​ជរា​រហូត​វេលា​រសៀល​ហើយ ខ្ញុំ​ក៏​លា​គាត់​ចេញ​ធ្វើ​ដំណើរ​តទៅ ។

ឪម ណាគ្រី ព្រះភិក្ខុពនេចរ ភ្នំពេញ ១៩៦៦

«« ប្រកាសចាស់ៗ •  ប្រកាសថ្មីៗ »»