ប្រជុំរឿងព្រេងខ្មែរ

June 23, 2006

ឈ្មួញរើសបានកំណប់មាស

មាន ​រឿង​និទាន​ថា ៖ មាន​ឈ្មួញ​រទេះ​៥០០​ទៅ​ជួញ​ក្នុង​នគរ​មួយ​ដាក់​រទេះ​កណ្ដាល​ព្រៃ​នៅ​តំបន់​ ជា​ទី​ឥត​ទឹក ហើយ​ឈ្មួញ​ទាំង​នោះ​បណ្ដើរ​គ្នា​ទៅ​រក​ទឹក ទៅ​ដល់​ស្ទឹង​មួយ​ជួប​និង​កំណប់​មាស​ក្នុង​ស្ទឹង​នោះ ។

គ្រា​នោះ​មាន​ថ្មើរ​ព្រៃ​ម្នាក់​ដើរ​មក​ឃើញ​មាស​នោះ​ដែរ ទើប​អស់​ឈ្មួញ​នាំ​មាស​ទៅ​ថ្វាយ​ព្រះ​មហា​ក្សត្រ​ក្រាប​បង្គំ​ទូល​ដោយ​ដំណើរ ​ថា ការទៅ​រក​ទឹក​បាន​ឃើញ​មាស​នេះ ។

ព្រះ​មហា​ក្សត្រ​ទ្រង់​ជ្រាប​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ខែត្រ​ដែនដី នេះ​ជា​របស់​យើង​ពិត​ហើយ​តែ​យើង​ពុំ​ដឹង​ជា​មាន​មាស​នៅ​ទី​នោះ ហេតុ​តែ​ព្រះស្ដែង​ឈ្មួញ​ទាំង​នេះ​ឃើញ ទើប​បាន​មាស​នេះ បើ​ដូច្នេះ​ចូរ​ព្រះស្ដែង​បែង​មាស​នេះ​ជា​ភាគ​២​ឲ្យ​មក​យើង​ភាគ​មួយ​និង​មួយ ​ទៀត​យក​ទៅ​ចែក​គ្នា​ហោង ។

ឈ្មួញចតទូកក្បែរច្រាំង

មាន ​និទាន​មួយ​ថា ៖ មាន​បុរស​ម្នាក់​ចុះ​ទូក​ទៅ​ជួញ​ដល់​នគរ​ដទៃ​ទៅ​ចង​ទូក​ចត​ដេក​យប់​ស្ម្រាក​ កម្លាំង​នៅ​ប្រប​មាត់​ច្រាំង​មួយ​អន្លើ ច្រាំង​នៅ​បាក់​រលំ​ទៅ​លើ​ទូក​លិចលង់​បង់​ទ្រព្យ​របស់​ឈ្មួញ​នៅ ទើប​ឈ្មួញ​នោះ​ទៅ ប្ដឹង​ចៅក្រម​ឲ្យ​ជំនុំ​ពិចារណា ។

កាល​ឈ្មួញ​ប្ដឹង​ដោយ​ដំណើរ​នោះ ហើយ​ចៅក្រម​ជំនុំ​ជម្រះ​ពុំបាន ។ ឈ្មួញ​នោះ​អង្វរ​ឲ្យ​ចៅក្រម​នាំ​ខ្លួន​ទៅ​គាល់​ព្រះ​មហាក្សត្រ ហើយ​ក្រាប​បង្គំ​ទូល​ថា «ខ្ញុំ​ព្រះ​បាទ​ម្ចាស់​មក​ជួញ​ក្នុង​ព្រនគរ​ព្រះអង្គ​បាន​ចង​ទូក ចត​នៅ​មាត់​ច្រាំងៗ​រលំ​លើ​លិចលង់​ទូក​របស់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ៗ មក​ក្រាប​បង្គំ​ទូល​សូម​ព្រះបាទ​ជា​អម្ចាស់​ទ្រង់​ព្រះ​មេត្តា​ពិចារណា» ។

ព្រះ​មហា​ក្សត្រ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ព្រះស្ដែង​មក​ជួញ​ក្នុង​ចែត្រ​នគរ​នេះ ជា​ផែនដី​យើង​ពិត​ប្រកដ​ចូរ​ព្រះស្ដែង​រាយរាប់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់ ​ព្រះស្ដែង បែង​ជា​ភាគ​២​យើង​និង​សង​ព្រះ​ស្ដែង​ភាគ​១»​ហើយ​ទ្រង់​មាន​បន្ទូល​ថា «បាន​ជា​ឲ្យ​សង​ភាគ​១​នោះ​ដោយ​ហេតុ​ព្រះស្ដែង​ពុំ​ពិនិត្យ​ពិចារណា​ឲ្យ​ដឹង​ ថា​ទី​គូរ​ចត​ទូក​ឬ​មិន​គួរ​ដូច្នេះ ព្រះស្ដែង​ត្រូវ​បង់​ភាគ​១​ហោង ។

Get free blog up and running in minutes with Blogsome
Theme designed by Gary Rogers