ក្រពើរមិលគុណ

August 15, 2006

ប្រភេទ ៖ កឹងកន្ត្រៃ

មាន​និទាន​មួយ​ថា ៖ មាន​បុរស​ឳពុក​និង​កូន​បរទេះ​ចេញ​ទៅ​ជួញ​ជួប​និង​ក្រពើ​មួយ​ដែល​ភ្លើង​ព្រៃ​រោល​រលាក​ជើង​ទាំង ៤ និង​ដើរ​រក​ចំណី​ឆី​ពុំ​បាន​អត់​អាហារ​ស្គម​រីងរៃ ។ បុរស​ឳពុក និង កូន​បាន​ឃើញ​ក្រពើ​នោះ​រលាក​ជើង​ទាំង ៤ ស្គម​ទាំង​ខ្លួន​និង​វា​ពុំ​បាន​ដូច្នោះ​ហើយ បុរស​នោះ​អាសូរ​ក្រពើ បាន​កាប់​ឈើ​មក​ចង​អម​ក្រពើ​នោះ​រឹង​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ លុះ​ដល់​បឹង​មួយ​ធំ​ជា​ទី​សុខ​សប្បាយ បុរស​នោះ​ដាក់​ក្រពើ​ចុះ​ក្នុង​ទឹក​ក្រពើ​នោះ​បាន​ផឹក​ទឹក​អក​ភក់​ឆ្អែត​ហើយ គិត​នឹង​ខាំ​បុរស​នោះ​វិញ បុរស​នោះ​ថា "ព្រះ​ស្ដែង​កុំ​ខាំ​អញៗ មាន​គុណ​លើ​ព្រះ​ស្ដែង" ក្រពើ​នោះ​ថា "មាន​គុន​នឹង​អញ​ឯ​ណា បើ​ចង​អញ​ស្ទើរ​ស្លាប់​ដូច្នោះ អញ​ឆី​ព្រះ​ស្ដែង​ឲ្យ​ទាល់​តែ​បាន

ឯ​បុរស​ថា "ព្រះ​ស្ដែង​កុំ​អាល​ខាំ​អញ មក​យើង​នឹង​នាំ​គ្នា​ទៅ​រក​អ្នក​ប្រាជ្ញ លោក​កាត់​សេចក្ដី​នេះ​ឲ្យ​យើង" ទើប​បុរស​និង​ក្រពើ នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ពញរះ​មហាក្សត្រ ដោយ​នូវ​ដំណើរ​ទីទៃៗ ។ ក្រពើ​ក្រាប​បង្គំ​ថា "ខ្ញុំ​ព្រះ​បាទ​អម្ចាស់​នៅ​ទី​មួយ​ស្ងៀមៗ ស្រាប់​តែ​ចៅ​នេះ​មក​ចង​អប​ខ្លួន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បម្រះ​ពុំ​រួច ព្រោះ​តែ​ធ្វើ​ទុក្ខ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ខាំ​បុរស​នេះ​ឆី។ បុរស​ក្រាប​បង្គំ​ថា "ក្រពើ​នេះ​ភ្លើង​ព្រៃ​រោល​រលាក​ជើង​ទាំង ៤ វា​ពុំ​រួច​បាន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​អាសូរ ទើប​យក​ឈើ​ចង​អប​ហើយ​លើក​ដាក់​លើ​រទេះ​បរ​ទៅ​ដល់​បឹង​ទើប​ស្រាយ​លែង​ហើយ ក្រពើ​នេះ​ចុះ​ទៅ​ក្នុង​ទឹក​បាន​ផឹក​ទឹក​អក​ភក់​មាន​កម្លាំង​ហើយ គិត​ខាំ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វិញ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទាំង ២ នាំ​គ្នា​មក​ក្រាប​បង្គំ​ទូល​ព្រះ​អង្គ សូម​ទ្រង់​កាត់​សេចក្ដី​នេះ បើ​ព្រះ​អង្គ​ពុំ​ជឿ​សុំ​ទ្រង់​ទត​ជើង​ក្រពើ​ទាំង ៤ ចុះ

ព្រះ​មហាក្សត្រ​ទ្រង់​ពិចារណា​ថា "ក្រពើ​នេះ​ឥត​ធម៌​ពុំ​ដឹង​គុណ​គេ​ឡើយ" ទើប​ព្រះ​អង្គ​កាត់​ថា "បើ​ដូច្នេះ​មាន​តែ​ព្រះ​ស្ដែង​ឲ្យ​គេ​ចង់​ព្រះ​ស្ដែង​ដូច​អំពី​មុន​នោះ​សិន​ហើយ សឹម​អញ​ពិចារណា​ឲ្យ​ព្រះ​ស្ដែង" ទើប​ព្រះ​អង្គ​ឲ្យ​បុរស​នោះ​ទៅ​ចង​ក្រពើ​នោះ​ជាប់​ដូច​អំពី​មុន ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា "ព្រះ​ស្ដែង​នាំ​ទៅ​ផ្ទះ​ចុះ ថ្ងៃ​ក្រោយ​ព្រះ​ស្ដែង​កុំ​ធ្វើ​គុណ​នឹង​សត្វ​តិរច្ឆាន ព្រោះ​លោក​ថា​ពុំ​ត្រូវ​ទុក​ចិត្ត​សត្វ​មាន​ចង្កូម​មាន​ពិស​ទេ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ​បុរស​នោះ​ចូល​ចិត្ត​ហោង ។

ប្រជុំរឿងព្រេង ភាគ៣

រឿងសត្វឥន្ទ្រី និង ក្រពើដណ្ដើមដំរីគ្នាស៊ី

August 2, 2006

ប្រភេទ ៖ កឹងកន្ត្រៃ

មាន​និទាន​មួយ​ថា មាន​សត្វ​ឥន្ទ្រី​មួយ​នៅ​កោះ​កណ្ដាល​សមុទ្រ​ហើយ​មាន​ក្រពើ​មួយ​ធ្វើ​រូង​នៅ​កោះ​នោះ​ផង ។ សត្វ​ឥន្ទ្រី​នោះ​តែង​ទៅ​ឆាប​ដំរី​អំពី​ត្រើយ​សមុទ្រ​យក​មក​ឆី​នៅ​ខាង​រូង​ក្រពើ​នោះ​ជា​ប្រក្រតី ។ ថ្ងៃ​មួយ​ក្រពើ​មើល​យល់​ឥន្ទ្រី​ពាំ​ដំរី​នឹង​ឆី​ហើយ​ក្រពើ​នោះ​គិត​គ្នាន់​ចិត្ត​ថា "អញ​នឹង​ដណ្ដើម​សាច់​ដំរី​អំពី​ឥន្ទ្រី​ឆី។ លុះ​ឥន្ទ្រី​ពាំ​ដំរី​មក​ដាក់​ដល់​ស្ថាន​ដែល​ធ្លាប់​តែ​បរិភោគ​រៀងរាល់​ថ្ងៃ​នោះ​ក្រពើ​នោះ​វារ​ចេញ​អំពី​រូង​ឡើង​ទៅ​រក​ឥន្ទ្រី​ហើយ​សួរ​ថា "ម្នាល​ឥន្ទ្រី ! ម្ដេច​ក៏​ព្រះ​ស្ដែង​មក​លួច​សាច់​ដំរី​ជា​អាហារ​អញ ?" ។ ឥន្ទ្រី​ឆ្លើយ​ថា "ដំរី​នេះ​អញ​ឆាប​យក​មក​អំពី​ត្រើយ​សមុទ្រ​ជា​ប្រាកដ​ទើប​តែ​មក​ដល់​អម្បាល​ម៉ិញ​នេះ​ឯង ម្ដេច​ក៏​ព្រះ​ស្ដែង​ថា​អញ​លួច​អាហារ​ព្រះស្ដែង ?" ។ ក្រពើ​និង​ឥន្ទ្រី​វិវាទ​គ្នា ប្រាថ្នា​ចង់​បាន​សាច់​ដំរី​ទៅ​វិញ​ទៅ​មក​ពុំ​ដាច់​ស្រេច​ឡើយ ទើប​នាំ​គ្នា​ទៅ​ប្ដឹង​ពោធិសត្វ​ដែល​ជា​តាបស​នៅ​ទី​នោះ ។

ក្រពើ និង ឥន្ទ្រី​ប្ដឹង​ដោយ​ដំណើរ​ទីទៃ​ៗ​ក្រពើ​ថា "ខ្ញុំ​ខាំ​ដំរី​នឹង​ឆី​នៅ​ខាង​រូង​លំនៅ​ខ្ញុំ ឥន្ទ្រី​នេះ​មក​ដណ្ដើម​សាច់​ដំរី​នឹង​យក​ឆី​ជា​អាហារ​វា។ ឥន្ទ្រី​ថា "ដំរី​នេះ​ខ្ញុំ​ឆាប​អំពី​ត្រើយ​សមុទ្រ​ជា​ប្រាកដ ទើប​តែ​មក​ដល់​ខ្ញុំ​គិត​នឹង​ឆី​ស្រាប់​តែ​ក្រពើ​នេះ​វា​វារ​ឡើង​អំពី​រូង​ទៅ​ថា ខ្ញុំ​លួច​ចំណី​អាហារ​របស់​វា​ទាំង​នេះ​សូម​ព្រះ​អង្គ​ជួយ​ពិចារណា​ឲ្យ​ខ្ញុំ​ហោង។ ទើប​តាបស​មក​មើល​ដល់​ទី​កន្លែង​ដំរី​ឃើញ​ចង្កូម​ក្រពើ​នោះ​ឡើយ​ព្រះ​អង្គ​យក​ក្រចក​ឥន្ទ្រី​មក​ផ្កាប់​មើល​យល់​ថា​មែន ។ តាបស​ថា "ឥន្ទ្រី​នេះ​យល់​ជា​មាន​សាក្សី​ពិត​មែន ឯ​ក្រពើ​ឥត​សាក្រី​អ្វី​ឡើយ" ទើប​កាត់​សេចក្ដី​នោះ​ឲ្យ​ក្រពើ​ចាញ​ឥន្ទ្រី ។ តាបស​កាត់​សេចក្ដី​ដូច្នេះ​ហៅ សុគតិមនំ​ហោង ។

ប្រជុំរឿងព្រេងខ្មែរ ភាគ៣

«« ប្រកាសចាស់ៗ •