អាពុក និងកូននាំលាទៅលក់
កាលពីព្រេងនាយមានចៅម្នាក់ឈ្មោះ ចៅខែក និងកូនប្រុសគាត់ម្នាក់បានចិញ្ចឹមកូនលា ១ ជាសត្វពាហនៈ លុះកូនលានោះចម្រើនធំឡើងប្រកបរូបធាត់ល្អ ចៅអាពុកនិងកូនពីគ្រោះគ្នាថា លាយើងធាត់ធំល្អហើយ បើនាំទៅលក់ឲ្យគេ ក្នុងសម័យនោះ យល់ជានឹងបានថ្លៃច្រើនព្រោះកំពុងធំធាត់ល្អ តែថានឹងដឹកនាំទៅដល់ស្រុកកំពង់ដែលមានគេត្រូវការទិញនោះឆ្ងាយណាស់ទម្រាំដល់ទៅ លាយើងនេះយល់ជានឹងស្គមប្រាកដ ដល់លក់មុខជានឹងថោកបានថ្លៃតិចមិនខាន បើដូច្នេះមានតែយើងគិតសែងវាទៅកុំឲ្យវាដើរខ្លួនវាក្រែងស្គមទៅលក់មិនបានថ្លៃ ។
អាពុកនិងកូនគិតព្រមគ្នាហើយ ទើបចាប់លាមកចងជើងទាំង ៤ យកឈើសែងចេញចាកគ្រឹះស្ថាន លុះទៅដល់ទ្វារស្រុក ពួកអ្នកស្រុកបានឃើញអ្នកទាំងពីរសែងដូច្នោះ ក៏នាំគ្នាសើចរំពងឡើង ហើយតិះដៀលថា "សត្វលាសត្វសេះនេះ ជាសត្វពាហនៈ គេតែងជិះតែងបរវា មិនដែលមាននរណាទៅលីទៅសេងវាដូចសត្វជ្រូកទេ ចៅទាំងពីរឯងឆ្កួតឬ បានជាមកសែងលាយ៉ាងនេះ ម៉េចក៏មិនជិះបរវាទៅ" ។
ឯអាពុកនឹងកូន បានឮអ្នកស្រុកគេនាំគ្នាតិះដៀលខ្លួនដូច្នោះ ទើបពិគ្រោះគ្នាថា "យើងសែងលានេះវាខុសគេទៅហើយ បើដូច្នេះគួរស្រាយលាចេញ នាំគ្នាជិះបរទៅតាមពាក្យគេវិញចុះ តែនឹងជិះវាទាំងពីរនាក់មិនបាន ព្រោះកូនលានៅតូចក្រែងយោងទៅពុំរួច៉ គិតគ្នាហើយចៅអាពុកក៏ថា "ណ្ហើយចុះខ្លួនអញនឹងដើរពីក្រោយ ចូរកូនឯងជិះបរវាទៅចុះ" ឯចៅកូនក៏ទទួលតាមពាក្យអាពុក ហើយឡើងជិះលានោះបរទៅហោង ។
លុះបរទៅដល់ភូមិស្រុកមួយ ពួកអ្នកស្រុកបានឃើញចៅលក់លាមកដល់ ក៏សួរទៅថា "អ្នកបរលានេះនឹងទៅណា?” ។ អាពុកនិងកូនប្រាប់ថាបរយកទៅលក់នៅស្រុកកំពង់ ហើយអ្នកស្រុកសួរទៀតថា តាដែលដើរតាមក្រោយលានេះត្រូវជាអ្វីនឹងចៅឯង ចៅកូនប្រាប់ថាត្រូវជាអាពុក ។ ឯពួកអ្នកស្រុកបានឮចៅនោះប្រាប់ថាអាពុកដូច្នោះ ក៏នាំគ្នាស្ដី ត្មះតិដៀលថា "ចៅនេះជាមនុស្សមិនស្គាល់គុណបិតាខ្លួន គួរឬខ្លួនជាកូនជិះលាធ្វើអាការជានាយ ឲ្យអាពុកស្ពាយទៃដើរតាមក្រោយដូចជាខ្ញុំកំដរខ្លួនយ៉ាងនេះ មិនត្រូវទេ ចូរចុះចេញពីខ្នងលាឲ្យឆាប់ ឲ្យតាចាស់ជាអាពុកឯង ជិះវិញទើបត្រូវ" ។
ឯចៅអាពុកនិងកូនបានឮពាក្យអ្នកស្រុកតិះដៀលហើយ ក៏ថា យើងធ្វើនេះត្រូវគេនិន្ទាហើយ បើដូច្នេះគួរអាពុកឡើងជិះវិញចុះ កូននឹងដើរមុខនាំផ្លូវទៅវិញកាលបើគិតព្រមព្រៀងគ្នាហើយ ចៅកូនក៏ចុះពីខ្នងលា យកសម្ពាយទៃពីបិតាស្ពាយដើរមុខ ។
លុះបរទៅដល់អណ្ដូងទឹក នៅចុងស្រុកមួយ មានពួកស្រីក្រមុំទាំងឡាយ វានាំគ្នាទៅដងទឹកអណ្ដូងនោះ វាបានឃើញចៅកំឡោះរូបល្អដើរមុខលា ឃើញតាចាស់ជិះលាបរដល់មក វាក៏នាំគ្នាមើលដោយជាតិស្រីក្រមុំគាប់ចិត្តតែនឹងកំឡោះ ត្រង់មនុស្សចាស់ជរានោះ ពុំគាប់ចិត្តឡើយ ហើយវានាំគ្នាតិះដៀលតាចាស់ថា "រូបលានោះធាត់ល្អណាស់ សមគួរតែអ្នកកម្លោះជិះវិញទើបល្អ នេះទៅឲ្យតាកញ្ចាស់មុខស្រមូមដូចស្វាឪជិះ យ៉ាងនេះហៅពេញជាអាក្រក់ក្រៃពេក នែតាកញ្ចាស់អើយ! ចុះចេញទៅកុំជិះមិនសមល្អទេ មើលទៅដូចពានរជិះលា ចូរឲ្យអ្នកកម្លោះគេជិះវិញ ទើបគាប់ភ្នែកយើង ព្រោះរូបលាក៏ល្អត្រូវនិងអ្នកកម្លោះល្អដូចគ្នា" ។
ឯចៅកូនបានឮស្រីក្រមុំថាដូច្នោះ ក៏បែរទៅនិយាយនឹងអាពុកថា "ឪអើយ! ឥឡូវវាខុសទៅទៀតហើយ គឺពួកមេអស់នោះវាត្មះតិដៀលឪឯងថាដូចជាពានរជិះលា ហើយវាថាឲ្យខ្ញុំជិះវិញទើបល្អ យ៉ាងនេះ តើឪនឹងគិតយ៉ាងណាទៅទៀត?” ។ អាពុកតបថា "កាលមុនឯងជិះក៏ខុសម្ដងទៅហើយ ដល់ឥឡូវអញជិះក៏ខុសទៅទៀត បើដូច្នេះចូរកូនឯងឡើងមកជិះខាងមុខ ជាពីរនាក់នឹងអាពុកបរទៅទៀតមើល ជាមិនគាប់ចិត្តមនុស្សពួកណាតទៅមុខទៀត" ។
ឯចៅកូនក៏ឡើងជិះលាអង្គុយខាងមុខអាពុក បរលាឆ្ពោះទៅហោង លុះបរមកដល់ផ្ទះគយដែលតាំងនៅនាដើមផ្លូវ មេគយបែរមកឃើញអ្នកទាំងពីរជិះលា ក៏ចុះទៅសួរថា "អ្នកទាំងពីរជិះលានេះនឹងទៅឯណា?” ។ ចៅអាពុកនិងកូនថា "នឹងទៅលក់លានេះនៅស្រុកកំពង់ឯណោះ" ។ មេគយក៏ត្មះតិដៀលថា "កូនលានេះគ្នានៅស្ទាវស្ទើរណាស់ ហេតុអ្វីចៅឯងប្រួតគ្នាជិះវាយ៉ាងហ្នឹង បើប្រួតគ្នាជិះម្ល៉ឹងៗ តើគ្នានឹងធន់បោលបរទៅម្ដេចបាន ទម្រាំដល់ស្រុកកំពង់លានេះ ឃើញជាស្គមបាក់កម្លាំងលក់ពុំបានចំណេញប្រកដពុំខាន អ្នកឯងឆ្កួតឬ កូនលាគ្នានៅតូចហើយមកប្រួតគ្នាជិះយ៉ាងនេះ ម្ដេចមិនដឹកនាំទៅវិញ?” ។
ចៅអាពុកនិងកូនបានឮមេគួបន្ទោសដូច្នោះក៏ចុះពីខ្នងលានាំគ្នាបណ្ដើរលានោះឆ្ពោះទៅកាន់ស្រុកកំពង់ ។ លុះមកដល់ចំការមួយ ពុះមានផ្លូវនឹងដឹកទៅទើបអាពុកនិងកូន នាំគ្នាដឹកលាដើរកាត់ចំការ ដែលគេមិនទាន់ធ្វើស្រេច ដើរកាត់រកផ្លូវនឹងទៅទៀត អ្នកកាប់ចំការបានឃើញចៅទាំងពីរដឹកលាដើរកាត់ចំការដូច្នោះ ក៏ស្រែកទៅថា "នេអ្នកដឹកលា ទីចំការយើងនេះ យើងមិនទាន់កាប់គាស់ ដុតរំលើងឲ្យស្អាតទេសឹងប្រកបដោយបន្លាដំឡូងខ្យា បន្លាឃ្លេ បន្លាឫស្សីជាដើម អ្នកដើរទៅកមតោងប្រយ័ត្នបន្លាវាមុត អើអ្នកឯង មានលាជាពាហនៈសម្រាប់ជិះ ម្ដេចឡើយមិនជិះវា ទៅនាំគ្នាដឹងវាវិញ អ្នកឯងឆ្កួតទេឬ មានលាហើយមិនជិះ ស៊ូដឹកដើរឲ្យបន្លាមុតដូច្នេះ នែអ្នកដឹកលាអើយ! ចូរនាំគ្នាឡើងជិះវាទៅទុកវាធ្វើស្ដេចអី លាសេះគេតែងតែជិះវាជាធម្មតានៅនាលោកិយនេះឯង" ។
ចៅអាពុកនិងកូនបានឮពាក្យអ្នកចំការតិះដៀលដូច្នោះក៏បែរមកនិយាយគ្នាថា "យើងផ្គាប់ចិត្តមនុស្សលោកិយនេះមិនបានទេ កាលដើមយើងនាំគ្នាសែងនោះ គេនិន្ទាម្ដងទៅហើយ ដល់ក្រោយឲ្យកូនជិះក៏ត្រូវគេនិន្ទាថាឯងមិនដឹងគុណអាពុក ដល់ក្រោយឲ្យអាពុកជិះវិញ ត្រូវមេស្រីក្រមុំវាមិនគាប់នឹងតាចាស់វានៃគ្នានិន្ទាទៅផ្សេងៗ ដល់ក្រោយឡើងជិះទាំងពីរនាក់ ត្រូវមេគយនិន្ទាថាលាស្ទាវស្ទើរពិះពីរនាក់មិនបានដល់ឥឡូវនេះ យើងដើរដឹកវាវិញ ក៏ត្រូវអ្នកចំការនេះនិន្ទាតិះដៀលថា មានលាហើយម្ដេចក៏មិនជិះទៅវិញ តើធ្វើយ៉ាងណាដើម្បីផ្គាប់ចិត្តលោកិយឲ្យគាប់បាន" ។
នេះបញ្ជាក់ឲ្យឃើញថា បើយើងរវល់តែខ្វាយខ្វល់នឹងពាក្យគេនិន្ទា មួយជីវិតយើងមិនអាចរកសុខសម្រាប់ខ្លួនឯងបានឡើយ ។
Comment by បុត្រាខ្មែរ — December 22, 2006 @ 7:52 am
យើងមិនអាចផ្គាប់ចិត្តមនុស្សត្រូវគ្រប់គ្នានោះទេ ដូចនៅក្នុងរឿងនេះអញ្ចឹងតើធ្វើម្ដេចនឹងផ្គាប់ចិត្តរបស់មនុស្សទាំងពួងបាននោះ?
Comment by ទឹម បឿន — December 25, 2006 @ 12:56 pm
ធ្លាប់តែលឺថាឪពុក អាពុកណឺងស្អីគេ?
Comment by kids_pro — January 9, 2007 @ 11:03 am
ដូចគ្នាទេ អាពុកគឺភាសានិយាយ
Comment by khmerlegend — January 9, 2007 @ 11:33 am
ត្រឹមត្រូវណាស់ ដូចយោបល់ទី១ បើយើងផ្គាប់ចិត្តអ្នកដ៏ទៃពេកនោះ ក្នុងមួយជីវិតយើងនេះមិនរកសុភមង្គលឃើញនោះទេ។ត្រូវធ្វើអ្វីដែលយើងគិតថាត្រឹមត្រូវទៅបានហើយ។
Comment by kin sothy — January 30, 2007 @ 6:31 pm