រឿងសត្វឥន្ទ្រី និង ក្រពើដណ្ដើមដំរីគ្នាស៊ី
មាននិទានមួយថា មានសត្វឥន្ទ្រីមួយនៅកោះកណ្ដាលសមុទ្រហើយមានក្រពើមួយធ្វើរូងនៅកោះនោះផង ។ សត្វឥន្ទ្រីនោះតែងទៅឆាបដំរីអំពីត្រើយសមុទ្រយកមកឆីនៅខាងរូងក្រពើនោះជាប្រក្រតី ។ ថ្ងៃមួយក្រពើមើលយល់ឥន្ទ្រីពាំដំរីនឹងឆីហើយក្រពើនោះគិតគ្នាន់ចិត្តថា "អញនឹងដណ្ដើមសាច់ដំរីអំពីឥន្ទ្រីឆី" ។ លុះឥន្ទ្រីពាំដំរីមកដាក់ដល់ស្ថានដែលធ្លាប់តែបរិភោគរៀងរាល់ថ្ងៃនោះក្រពើនោះវារចេញអំពីរូងឡើងទៅរកឥន្ទ្រីហើយសួរថា "ម្នាលឥន្ទ្រី ! ម្ដេចក៏ព្រះស្ដែងមកលួចសាច់ដំរីជាអាហារអញ ?" ។ ឥន្ទ្រីឆ្លើយថា "ដំរីនេះអញឆាបយកមកអំពីត្រើយសមុទ្រជាប្រាកដទើបតែមកដល់អម្បាលម៉ិញនេះឯង ម្ដេចក៏ព្រះស្ដែងថាអញលួចអាហារព្រះស្ដែង ?" ។ ក្រពើនិងឥន្ទ្រីវិវាទគ្នា ប្រាថ្នាចង់បានសាច់ដំរីទៅវិញទៅមកពុំដាច់ស្រេចឡើយ ទើបនាំគ្នាទៅប្ដឹងពោធិសត្វដែលជាតាបសនៅទីនោះ ។
ក្រពើ និង ឥន្ទ្រីប្ដឹងដោយដំណើរទីទៃៗក្រពើថា "ខ្ញុំខាំដំរីនឹងឆីនៅខាងរូងលំនៅខ្ញុំ ឥន្ទ្រីនេះមកដណ្ដើមសាច់ដំរីនឹងយកឆីជាអាហារវា" ។ ឥន្ទ្រីថា "ដំរីនេះខ្ញុំឆាបអំពីត្រើយសមុទ្រជាប្រាកដ ទើបតែមកដល់ខ្ញុំគិតនឹងឆីស្រាប់តែក្រពើនេះវាវារឡើងអំពីរូងទៅថា ខ្ញុំលួចចំណីអាហាររបស់វាទាំងនេះសូមព្រះអង្គជួយពិចារណាឲ្យខ្ញុំហោង" ។ ទើបតាបសមកមើលដល់ទីកន្លែងដំរីឃើញចង្កូមក្រពើនោះឡើយព្រះអង្គយកក្រចកឥន្ទ្រីមកផ្កាប់មើលយល់ថាមែន ។ តាបសថា "ឥន្ទ្រីនេះយល់ជាមានសាក្សីពិតមែន ឯក្រពើឥតសាក្រីអ្វីឡើយ" ទើបកាត់សេចក្ដីនោះឲ្យក្រពើចាញឥន្ទ្រី ។ តាបសកាត់សេចក្ដីដូច្នេះហៅ សុគតិមនំហោង ។
ប្រជុំរឿងព្រេងខ្មែរ ភាគ៣
និយាយអញ្ចឹងជួយដូរឈ្នាប់របស់ខ្ញុំ (http://xwanna.blogspot.com) មកកាន់ http://blog.icambo.com/ [iCAMBO Blog] ដោយយកតែបុណ្យផង ។ អរគុណទុកជាមុន!
Comment by វណ្ណា — August 2, 2006 @ 11:20 pm