ប្រជុំរឿងព្រេងខ្មែរ

August 18, 2007

រាជសីហ៍​ស្រលាញ់​មេ​គោ

Filed under: ទូទៅ

មាន​សត្វ​រាជសីហ៍​មួយ​ដើរ​ទៅ​ឃើញ​មេ​គោ​របស់​នាយ​គោបាល​ម្នាក់ ក៏​មាន​ចិត្ត​ប្រតិព័ទ្ធ​ស្រលាញ់​ស្នេហា ចូល​ទៅ​សេពកាម​ដោយ​មេ​គោ​រួច​ហើយ​ក៏​ចូល​ព្រៃ ។

 អាការ​រាជសីហ៍​សេព​នឹង​មេ​គោ​នោះ មិន​តែ​ម្ដង​ឡើយ សឹង​ចល​ទៅ​សេព​សព្វៗ​ថ្ងៃ ឯ​មេ​គោ​ទាំង​ឡាយ តាំង​តែ​ពី​រាជសីហ៍​ចូល​កាល់​រឿយៗ​មក ក៏​ស្គាំងស្គម​ទ្រម​មាឌ ហើយ​ទាំង​មាន​ក្ដី​ភិតភ័យ​ខ្លាច​រាជ​សីហ៍​នោះ​ផង ឯ​ទឹក​ដោះ​សោត​ក៏​ចេញ​មិន​បរិបូណ៍​ដូច​អំពី​មុនៗ​ឡើយ ។

នាយ​គោបាល កាល​បើ​បាន​ឃើញ​រាជសីហ៍​ចូល​កា់​មេគោ​ទាំងឡាយ​របស់​ខ្លួន តែ​សព្វៗ​ថ្ងៃ​ដរាប​ដល់​មេគោ​ទាំងឡាយ​ស្គាំងស្គម​ទ្រមមាឌ នឹង​រឹត​យក​ទឹក​ដោះ​ពុំ​សូវ​បាន ដូច​កាល​មុនៗ​ដូច្នេះ ក៏​នាំ​សេចក្ដី​នុះ ទៅ​ជម្រាប​ដល់​មហាសេដ្ឋី ជា​នាយ​ធំ ឲ្យ​ជ្រាប​ហេតុ​សព្វ​ប្រការ មហា​សេដ្ឋី​ក៏​ប្រាប់​ឲ្យ​នាយ​គោបាល​ប្រកប​ថ្នាំ​ពិសពុល យក​ទៅ​លាប​គូថ​លាប​រោម​នៃ​មេ​គោ​ទាំងឡាយ​នោះ ដើម្បី​បំពុល​រាជសីហ៍​ក្នុង​កាល​ដែល​វា​មក​លិទ​រោម​លិទ​គូថ​មេ​គោ​នោះ​ឯង ។

 ឯ​នាយ​គោបាល​ក៏​ចេញ​មក​ស្ល​ថ្នាំ​ពិស បាន​ហើយ​ក៏​នាំ​ទៅ​លាប​កាយ​នៃ​មេ​គោ តាម​ពាក្យ​មហា​សេដ្ឋី​បង្គាប់​នោះ​ឯង ។

ឯ​រាជសីហ៍​នោះ​លុះ​ពេល​ព្រឹក​ឡើង ក៏​ចូល​ទៅ​ក្នុង​ហ្វូង​គោ ដល់​ហើយ​ក៏​ទៅ​ប្រលោម​ស្នេហា តាំង​លិទ​កាយ​លិទ​គូថ​នៃ​មេ​គោ​នោះ​ឯង លុះ​ពាល់​ត្រូវ​ថ្នាំ​ពិស​នោះ​កាល​ណា ក៏​កើត​ពុល​ដាល​ផ្សព្វផ្សាយ​ប្រកាច់​ដួល​ចុះ ដល់​នូវ​មរណ​កាល​កណ្ដាល​ហ្វូង​គោ​នោះ​ហោង ។

សីហ៍​អើយ​សីហោ ស្លាប់​ព្រោះ​គូថ​គោ ដោយ​ឥត​ប្រាជ្ញា គិត​ស្វែង​តែ​កាម កើត​ញ៉ាម​ស្នេហា មិន​ពិចារណា ឲ្យ​យល់​ខុស​ត្រូវ ។ ខ្លួន​ជា​សត្វ​ព្រៃ ជាតិ​គោ​ទីទៃ ខុស​ពូជ​ពង្ស​ផៅ គួរ​ឬ​ទៅ​ធ្វើ អំពើ​ជម្រៅ លិទ​គោ​ពាល់​ត្រូវ ថ្នាំ​ពិស​ពុល​ក្ស័យ ។

 

គតិលោក​ភាគ ៧ 

July 27, 2007

សុភាសិត

មិន​ត្រូវ​និយាយា​ពី​រឿង​ខ្លួន​យើង​ឲ្យ​សោះ ទោះ​បី​ល្អ​អាក្រក់​ក៏​ដោយ អ្នក​ណា​អំនួត​គឺ​ជា​មនុស្ស​កោង​ឈ្លើយ អ្នក​ណា​ទម្លាក់​ខ្លួន​គឺ​ជា​មនុស្ស​ល្ងង់ ។ Aristote

 បណ្ដាល​មិត្ត​យុវជន​អ្នក​ត្រូវ​ចងចាំ​នៅ​ក្នុង​ខួរ​ក្បាល នូវ​ពាក្យ​ចាស់​អប់រំ​ត្រឹមត្រូវ​ដែល​គេ​អាន​ច្រើន​គ្នា នាំ​ឲ្យ​មាន​បញ្ញា​ក្លៀវក្លា​ ។ R K D’Argenson

June 19, 2007

ដើម​កំណើត​រន្ទះ

កាល ​ពី​ព្រេងនាយ មាន​បិសាច​មួយ ឈ្មោះ​រាមាសូរ និង​នាង​អារក្ខ​ទេវី​មួយ​ឈ្មោះ មេខលា ។ ​អ្នក​ទាំងពីរ​បាន​នៅ​បម្រើ​មហា​ឫសី​ដ៏​មាន​រិទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្ត​អាគមគាថា ។ បិសាច និង​នាង​មេខលា​បាន​ខំ​រៀន​ប្រណាំង​ប្រជែង​គ្នា​ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀង ​ខ្លួន ហើយ​អ្នក​ទាំងពីរ​ប្រកប​ដោយ​បញ្ញា​វៃ​ក្រៃលែង​ដូច​គ្នា ។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំងពីរ​នោះ​ស្មើ​គ្នា ។ កាល​បើ​តាបស​បាន​បង្រៀន​សិស្ស​លោក​ចប់​គ្រប់​មុខ​វិជ្ជា​ហើយ លោក​ក៏​ចង់​ល្បង​វិជ្ជា​សិស្ស​មើល​ថា តើ​អ្នក​ណា​មួយ​ប៉ិន​ប្រសប់​ជាង​គេ ។ ទើប​លោក​និយាយ​ទៅ​កាន់​សិស្ស​ថា “បើ​អ្នក​ណា យក​កែវ​មួយ​មាន​ទឹក​សន្សើម​ពេញ​មក​ឲ្យ​ខ្ញុំ​បាន នោះ​ខ្ញុំ​នឹង​ធ្វើ​ទឹក​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​កែវ​មនោហរា ហើយ​ដោយ​គុណភាព​នៃ​រតន​វត្ថុ​នោះ អ្នក​ម្ចាស់​កែវ​អាច​ប្រាថ្នា​ធ្វើអ្វី ឬ​ចង់​បាន​អ្វី ចេះ​តែ​បាន​សម្រេច​ទាំងអស់” ។

រាមាសូរ ក៏​យក​កែវ​មួយ​ទៅ​ត្រង​ទឹក​សន្សើម​ដែល​ទើ​នៅ​ស្លឹក​ឈើ និង​ស្មៅ​ផ្សេងៗ ។ វា​បាន​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ​ជា​ច្រើន​ព្រឹក ប៉ុន្តែ​ឥត​បាន​ផល​ល្អ​សោះ ។
ចំណែក​ឯ​នាង​មេខលា ដែល​ជា​ស្រី​គិត​វែង​ឆ្ងាយ​ក៏​រើស​យក​បណ្ដូល​ឈើ​មួយ​យ៉ាង​ទន់​ស្ពោតៗ ហើយ​យក​ទៅ​ដាក់​ផ្ដិត​លើ​ទឹក​សន្សើម ដែល​ដក់​នៅ​លើ​ស្លឹក​ឈើ និង​នៅ​លើ​ស្មៅ ទាល់​តែ​ដុំ​ឈើ​នៅ​ជក់​ទឹក​ពេញ​ទាំងអស់ ។ បន្ទាប់​មក​នាង​មេខលា​បាន​យក​ដុំ​ឈើ​នៅ​ទៅ​ច្របាច់​ទឹក​ដាក់ក្នុង​កែវ ។ អាស្រ័យ​ដោយ​ហេតុ​ដូច្នេះ នាង​ក៏​រក​ទឹក​សន្សើម​ដាក់​កែវ​បាន​ពេញ ហើយ​ក៏​យក​កែវ​នោះ​ទៅ​ជូន​មហា​តាបស ។ ហេតុ​ដូច្នេះ បាន​ជា​នាង​អារក្ខ​ទេវី​ត្រូវ​បាន​តាបស​សម្គាល់​ថា ប៉ិន​ប្រសប់​ជាង​បិសាច ។

តាបស​ជប់​ទឹក​សន្សើម​នោះ​ឲ្យ​កើត​ទៅ​ជា​កែវ ហើយ​ប្រគល​ទៅ​ឲ្យ​នាង​មេខលា​ដោយ​ប្រាប់​ថា “កែវ​នេះ​មាន​គុណភាព​ខ្លាំង​ណាស់ បើ​អ្នក​មាន​បំណង​អ្វី​មួយ គ្រាន់​តែ​លើក​កែវ​នេះ​គ្រវី​ឡើង នោះ​មួយ​រំពេច សេចក្ដី​ប្រាថ្នា​របស់​អ្នក​នឹង​បាន​សម្រេច​ភ្លាម មួយ​ទៀត​ដោយ​គុណភាព​នៃ​កែវ​នេះ អ្នក​អាច​ហោះ កាត់​អាកាស​កប់​ពពក​ជ្រក​អាចម៍​ជន្លេន​ទៅ​កាន់​កន្លែង​ណា​ក៏​បាន​ទាំងអស់” ។

នាង​អារក្ខ​ទេវី ក៏​ទទួល​យក​កែវ​នោះ​មក​លើ​គ្រវី​ឡើង​លើ ស្រាប់​តែ​ហៅ​វឹង​ទៅ​លើ​មេឃ​តម្រង​ទៅ​មហា​សាគរ ។
ចំណែក​ឯ​រាមាសូរ អាស្រ័យ​ដោយ​ការ​ព្យាយាម​ដ៏​យូរ ក៏​រក​ទឹក​សន្សើម​ដាក់​បាន​ពេញ​កែវ ហើយ​យក​ទៅ​ថ្វាយ​មហា​ឫសីៗ ពោល​ថា “ចៅ​ឯង​យក​របស់​នេះ​មក​យឹតយូរ​ពេក ហួស​ពេល​តា​ត្រូវការ ឥឡូវ​តា​បាន​ឲ្យ​រតន​វត្ថុ​នោះ​ទៅ​នាង​មេខលា​ទៅ​ហើយ មន្ត​អាគម​គាថា​របស់​តា អាច​ជប់​វត្ថុ​បែប​នេះ​បាន​តែ​មួយ​ដង​ទេ” ។

កាល​បើ​បាន​ឮ​មហា​តាបស​ថា​ដូច្នេះ រាមាសូរ​ក៏​កើត​សេចក្ដី​ទោមនស្ស​ពន់​ប្រមាណ ហើយ​ក៏​ស្រែក​យំ​អណ្ដើក​អណ្ដក​យ៉ាង​ខ្លាំង ។
ដើម្បី​លួង​ចិត្ត​បិសាច តាបស​ក៏​ប្រាប់​ថា “ចូរ​ចៅ​កុំ​កើត​ទុក្ខ​ខ្លាំង​ពេក ចាំ​តា​ឲ្យ​ពូថៅ​មួយ ពូថៅ​នេះ​អ្នក​អាច​យក​ទៅ​ឈ្លោះ​ដណ្ដើម​យក​កែវ​ពី​នាង​អារក្ខ​ទេវី​មេខលា​បាន នាង​មេខលា​នេះ ចូល​ចិត្ត​ហោះ​ហើរ​លេង​នៅ​លើ​អាកាស ដើម្បី​មុជ​ទឹក​ភ្លៀង​ដែល​មាន​ភ្លៀង​ម្ដងៗ ចូរ​អ្នក​ចោល​ពូថៅ​នេះ​ទៅ​លើ​វា វា​នឹង​បោះ​ចោល​កែវ​ដ៏​មាន​តម្លៃ​នោះ ប៉ុន្តែ​នៅ​ពេល​ប្រយុទ្ធ​គ្នា​នោះ ចៅ​ឯង​ឃើញ​វា​លើក​កែវ​ឡើង​គ្រវី ចូរ​ចៅ​ឯង​បិទ​ភ្នែក​ភ្លាម មុន​នឹង​ចោល​ពូថៅ​ទៅ​លើ​វា” ។

កាល​បើ​រាមាសូរ​បាន​ពូថៅ​មក​កាន់​នៅ​នឹង​ដៃ​ហើយ វា​ក៏​ហោះ​ស្វែង​រក​នាង​មេខលា ដើម្បី​ដណ្ដើម​កែវ​មនោហរា ប៉ុន្តែ​កាល​បើ​បាន​ឃើញ​នាង​កាល​ណា នាង​ក៏​យល់​ឃើញ​ភ្លាម​ថា បិសាច​នេះ​ប្រាកដ​ជា​មក​មាន​បំណង​ធ្វើ​អាក្រក់​មក​លើ​នាង​ពុំខាន ទើប​នាង​លើក​កែវ​គ្រវី​ឡើង ហោះ​ទៅ​លើ​អាកាស​វេហា​ខ្ពស់​ក្រៃលែង​ខ្ពស់ ។
កាល​បើ​ក្រឡេក​ឃើញ​ពន្លឺ​ចាំង នៃ​កែវ​មាន​សិល្ប៍​ភ្លាម បិសាច​ក៏​បិទ​ភ្នែក​វា​ជិត​រួច​គ្រវែង​អាវុធ​វា​ទៅ ។

អាវុធ​នោះ ក៏​ហោះ​យ៉ាង​លឿន​ឮ​សូរ​សម្បើម​ក្រៃលែង ប៉ុន្តែ​ឥត​ត្រូវ​នាង​មេខលា​ទេ ។

ចាប់​តាំង​ពី​ពេល​នោះ​មក ទើប​នៅ​ពេល​មាន​ភ្លៀង​ផ្គរ​គេ​ឃើញ​ចាំង​ពន្លឺ​កែវ​ហើយ​ឮ​សូរ​សម្លេង​យ៉ាង​ខ្លាំង​នៃ​អាវុធ​នោះ ។
អាស្រ័យ​ហេតុ​នេះ​ហើយ បាន​ជា​ក្នុង​ភាសា​ខ្មែរ​យើង​ឲ្យ​ឈ្មោះ​ដុំ​ថ្ម​ទាំង​ឡាយ​ណា ដែល​ឃើញ​មាន​រាង​ដូច​ផ្លែ​ពូថៅ ឬ​ចប​កាប់​ក្បាល​ស្រួច ឬ​ដូច​កាំបិត​ថា “កាំ​រន្ទះ” ហើយ​សន្មត​របស់​ទាំងនេះ​ថា ជា​ព្រួញ​របស់​យក្ស​បាញ់ នៅ​លើ​មេឃ​ធ្លាក់​មក​ដី ។

ប្រជុំរឿងព្រេង​ខ្មែរ​ភាគ ៤

ប្រពៃណី​នៃ​សុនខ

លោក​អ្នក​ធ្លាប់​ឃើញ​ទេ? សត្វ​សុនខ​វា​កាន់​ប្រពៃណី​ពីរ​ប្រការ​គឺ ៖ ១-តែ​កាល​ណា​វា​ជួប​គ្នា​វា​នៅ​ទីណាៗ​ក៏​ដោយ មិន​ថា​ញី មិន​ថា​ឈ្មោល​ទេ វា​តែងតែ​ហិត​គុថ​គ្នា​ទៅ​វិញ​ទៅ​មក ។ កិច្ច​នេះ​ចា​ទៀងទាត់​ខាន​ធ្វើ​មិន​បាន ។ ២-សត្វ​សុនខ​ឈ្មោល កាល​ណា​វា​បន្ទោរ​បង់​បស្សវៈ តែងតែ​លើក​ជើង​ម្ខាង​ជា​ដរាប ។ កិច្ច​នោះ​ក៏​វាលះ​បង់​មិន​បាន​ដូចគ្នា ។ លោក​អ្នក​យល់​ទេ កិច្ច​វត្ត​ទាំងពីរ​ប្រការ ដែល​សុនខ​តែង​ប្រព្រឹត្ត​មក​មិន​ដែល​ខាន​នោះ តើ​បណ្ដាល​មក​អំពី​អ្វី? មាន​ពី​ត្រឹម​ណា​មក? កិច្ច​វត្ត​ដែល​សុនខ​តែ​ប្រព្រឹត្ត​២​ប្រការ​នោះ​គឺ ៖ កិច្ច​វត្ត​ប្រការ​ទី ១ គឺ​កាល​បី​បឋមកប្ប ដែល​ទើប​កើត​មាន​មនុស្ស មាន​សត្វ​មាន​សាសនា ពាក្យ​ប្រដៅ បន្តិចបន្តួច​លើ​ផ្ទៃ​ផែន​ដី​នោះ មាន​រឿង​ដំណាល​ថា ក្នុង​សម័យ​ព្រេងនាយ មាន​វត្ត​អារាម មាន​អ្នក​បួស​កាន់​សីលធម៌​សុចរិត កាន់​ពាក្យ​សច្ចៈ​ប្រជុំ​គ្នា​ដោយ​ពួកៗ នៅ​ក្នុង​វត្ត​នីមួយៗ ។ មាន​សុនខ​ជា​ច្រើន​ជ្រក​កោន​នៅ​ក្នុង​វត្ត​ចាំ​បរិភោគ​អាហារ ដែល​សេសសល​អំពី​អ្នក​បួស តែ​កាល​ណា​លោក​ប្រជុំ​ចាន​ចង្ហាន់​នៅ​លើ​សាលា ពួក​សុនខ​ក៏​នាំ​គ្នា​ឡើង​ទៅ ក្រាប់​គាល់​លោក​ចាំ​បរិភោគ​អាហារ​សំណល់​តែ​រៀង​រាល់​ថ្ងៃ ខែ ឆ្នាំ ពុំ​ដែល​ខាន ។

ឯ​ភូមិ​ផ្ទះ​អ្នក​ស្រុក​ឥត​មាន​សុនខ​អាស្រ័យ​នៅ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ។ ថ្ងៃ​មួយ​នោះ បណ្ដា​ពួក​សុនខ​ទាំងនោះ មាន​សុនខ​មួយ​ចេញ​ខ្យល់​អាចមន៍ "ផោម" ធុំ​ក្លិន​អាក្រក់​ដល់​លោក​មេវត្ត ដែល​លោក​កំពុង​ឆាន់ ។ លោក​ក៏​សួរ​ទៅ​ពួក​សុនខ​ដែល​នៅ​ជួប​ជុំ​គ្នា​នោះ ឲ្យ​ឆ្លើយ​តាម​ពិត​ត្រង់ តែ​គ្មាន​សុនខ​ណា​មួយ​ទទួល​ថា​ខ្លួន​ផោម​សោះ ។ ឯ​លោក​គ្រូ​មេវត្ត​លោក​ជ្រាប​ច្បាស់​ថា មាន​សុនខ​មួយ​ក្នុង​ចំណោម​នោះ ចេញ​ផោម​ប្រាកដ ទើប​លោក​ពោល​ថា "អើ​បើ​ឯង​នៅ​តែ​លាក់​បិទបាំង​មិន​សម្ដែង​ទោស​កំហុស​របស់​ខ្លួន​ដូច្នេះ ចូរ​ឯង​ទាំងឡាយ វិនាស​ចាក​វត្ត​ក្នុង​កាល​ឥឡូវ​នេះ​ចុះ" ដោយ​ពាក្យ​សច្ច​របស់​លោក​គ្រូ ពួក​សុនខ​ក៏​អន្ដរធាន​ចាក​វត្ត​ក្នុង​បេល​មួយ​រំពេច ពុំ​អាច​ទប់ទល់​បាន​ឡើយ ។ តាំង​អីពី​ពេល​នោះ​មក សុនខ​ទាំងឡាយ​ក៏​ក្លាយ​ទៅ​ជា​សត្វ​អនាថា ចេញ​ទៅ​លាក់​ខ្លួន​ពួន​អាត្មា​ដោយ​ព្រៃ​ខ្លះ ដោយ​ផ្ទះ​សម្បែង​គេ​ខ្លះ អត់​ឃ្លាន​ពន់ពេក​កើត​ក្ដី​សង្វេគ​អាណិត​តែ​រៀង​ខ្លួន ។ តាំង​ពី​ថ្ងៃ​នោះ​មក ពួក​សុនខ​ទាំងនោះ​ក៏​តាំង​ចិត្ត​ស្វែងរក​ភស្ដុតាង​ឲ្យ​ប្រាកដ​ថា សុនខ​ណា​វា​ផោម​ហើយ​លាក់​បិទបាំង​ទុក បណ្ដាល​ឲ្យ​ពួក​សុនខ​ដែល​សុចរិត​ស្លូត​ត្រង់​ទទួល​សេចក្ដី​លំបាក​វេទនា ។ ហេតុ​នេះ​បាន​ជាពួក​សុនខ​ប្រកាន់​ខ្ជាប់ ក្នុង​កិច្ច​វត្ត​នោះ​តាំង​ពី​កាល​នោះ​រៀងៗ​មក តែ​បាន​ជួប​គ្នា​វេលា​ណា​ក៏​តាំង​ផ្ដើម​កិច្ច​វត្ត​មួយ​មុន​កិច្ច​ផ្សេង​ទឿតៗ គឺ​ចូល​ទៅ​ហិត​គុថ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​ធំ​ក្លិន​អសោចិ​ដូចគ្នា សុនខ​មួយ​ក៏​ញេញ​ធ្មេញ​បញ្ចេញ​សម្លេង​ឡើង​ថា ង៉ែងៗ សុនខ​ម្ខាង​ទៀត​ក៏​ចោទ​មក​វិញ​ថា ង៉ែងៗ ដូច​គ្នា​ទើប​បង្កើត​ទោស​ឡើង​ព្រម​គ្នា ក៏​ប្រើ​កម្លាំង​កាយ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ពេញ​ទំហឹង​ឡើង ។

កិច្ច​វត្ត​ប្រការ​ទី ២ គឺ​សុនខ​ឈ្មោល​មាន​ប្រកាន់​កិច្ច​វត្ត​មួយ​បែប​ទឿត គឺ​ពេល​បន្ទោល​បង់​បស្សវៈ តែង​តែ​លើក​ជើង​ម្ខាង​ជា​ដរាប ។ រឿង​ទីពីរ​នេះ ក៏​កើត​ឡើង​ក្នុង​សម័យ​ជាមួយ​គ្នា​នឹង​រឿង​ទី ១ ដែរ ។ កិច្ច​វត្ត​ដូច​មាន​សេចក្ដី​ដំណាល​តៗ​គ្នា​មក​ថា សម័យ​នោះ មាន​បុរស​ស្ត្រី​ប្ដី​ប្រពន្ធ​មួយ​គ្រួ មាន​ទីលំនៅ​មិន​ឆ្ងាយ​អំពី​ទី​អារាម​ណាស់​ណា​ទេ លុះ​ដល់​ខ្លួន​កាន់​តែ​ចាស់ៗ​ទៅ មាន​សេចក្ដី​សង្វេគ ទើប​នាំ​គ្នា​ស្វាមី​ភរិយា​គិត​ពិចារណា​ថា "យើង​ចាស់ៗ​ណាស់​ហើយ ចូល​ក្នុង​សេចក្ដី​មិន​ទៀង តែ​យើង​ទាំងពីរ​នាក់​ជា​អ្នក​ទុរគត​ក្រខ្សត់​គ្មាន​អ្វី​នឹង​ធ្វើ​បុណ្យ​ឲ្យ​ទាន​ដល់​ម្ដង​សោះ យល់​ជា​នឹង​ស្លាប់​ទៅ​ទទេ ឥត​ផល​ប្រយោជន៍​អ្វី​ឃើញ​នឹង​បង់​ជាតិ​កំណើត​ដែល​បាន​កើត​មក​ជា​មនុស្ស​មនេះ​មិន​ខាន" ។ ទើប​យាយ​ចាស់​ឆ្លើយ​តប​ឡើង​ថា "ថ្វី​ត្បិត​តែ​ក្រ បើ​ប្រឹង​ត្រដរ​ទៅ​ក៏​គង់​ធ្វើ​បាន​ខ្លះ​មិន​លែង គ្រាន់​តែ​ទុគ្គត​បណ្ណាការ​ទៅ​ចុះ" តា​តប​ថា "អើ​យាយ! យាយ​ឯង​ថា​ធ្វើ​បាន តើ​បាន​អ្វី​ធ្វើ?" ។ យាយ​ថា "បើ​គាត់​តាម​ខ្ញុំ ទើប​ធ្វើ​បាន" ។ ទើប​យាយ​អធិប្បាយ​ថា "សព្វ​ថ្ងៃ​នេះ មាន​ស្រែ​គេ​នៅ​ជុំ​វិញ​ភូមិ​យើង គេ​ទើប​នឹង​ច្រូត​ដឹក​នាំយក​ទៅ​លែង​អ្វី​នឹង​ជ្រុះ​គ្រាប់​ស្រូវ​ខ្លះ បើ​យើង​នាំ​គ្នា​ទៅ​រើស​មួយ​ថ្ងៃ គង់​ដណ្ដាំ​បាយ​បាន​ចង្ហាន់​ម្ដង​ដែរ" ។ តាថា "យី​យាយ​ថា​នេះ ហៅ​ថា​ពេញ​ជា​ត្រូវ ណ្ហើយ​យាយ​ប្រញាប់​ទៅ​ក្រែង​វា​បាន​ក្រែល​បន្តិច" ។ ថា​យើង​យាយ និង​តា​កាន់​ល្អី​មួយ​ម្នាក់ ចេញ​ទៅ​តើស​ស្រូវ​នៅ​ក្នុង​ស្រែ ដែល​គេ​ទើប​ច្រូត​កាត់​ហើយ ។ រើស​មួយ​ថ្ងៃ​វាល់​ស្ងាច​បាន​ស្រូវ​ប្រមាណ​មួយ​ត្រឡោក​ម្នាក់ យាយ​តា​ក៏​នាំ​គ្នា​វិល​មក​ផ្ទះ​វិញ ។ លុះ​បរិភោគ​អាហារ​រួច​ហើយ​ក៏​បបួល​គ្នា​រក​គ្រាប់​ស្រូវ ចំណែក​ខាង​តា គាត់​យក​កាំបិទ​ស្លា​កោស​គ្រាប់​អង្ករ​ដែល​យាយ​បក​រួច​ហើយ​នោះ ឲ្យ​ជ្រុះ​កន្ទក់​ចេញ ម្លោះ​ហើយ​គ្រាប់​អង្ករ​នោះ​មាន​សម្បុរ​ស​ភ្លឺ​ថ្លា​ដូច​ពង​សង្អារ ជិត​ភ្លឺ​យាយ​យក​អង្គរ​នៅ​ទោ​លាង​ទឹក យើង​ច្រក​ក្នុង​ឆ្នាំង​ដណ្ដាំ​បាយ​តាម​ធម្មតា ។

និយាយ​ពី​លោក​គ្រូ លោក​មាន​ញាណ​យល់​ការណ័​ជាក់​ច្បាស់​ដោយ​អំណាច​លោក កាន់​ធម៌​សច្ចៈ លោក​បាន​ជ្រាប​ហេតុ​ពី​យាយ និង​តា​ប្រាថ្នា​ធ្វើ​មហា​ទាន​ក៏​លោក​ហៅ​ភិក្ខុ​សាមណេរ​មក​ប្រជុំ​ប្រាប់​ថា "យប់​នេះ​ត្រូវ​នាំ​គ្នា​បោស​សំអាត​ដោត​ទង់​ចង​ស៊ុំ​ឲ្យ​រុងរឿង ព្រោះ​ព្រឹក​នេះ មាន​មហា​ទាន​ចូល​មក​ដល់​វត្ត​របស់​យើង ដូច្នេះ​ត្រូវ​យើង​ធ្វើ​ឲ្យ​គួរ​សម​នឹង​ទទួល​មហាទាន ។ គ្រា​នោះ​ភិក្ខុ​សាមណេរ​ទាំងឡាយ ក៏​ខ្វល់ខ្វាយ​បោសច្រាស​សម្អាត​វត្ត​សង​ស៊ុំ​ដូច​ជា​ការ​ធ្វើ​ទាន​មហា​កឋិន​មួយ ។ លុះ​ព្រឹក​ឡើង​អរុណ​រៀបរះ ស្រាប់​តែ​ខើញ​យាយ និង​តា​បណ្ដើរ​គ្នា​ចូល​ទៅ​ក្នុង​វត្ត ។ ឯ​យាយ​គាត់​កណ្ដៀត​ល្អី​មួយ មាន​បាយ​មួយ​ចាន​ដាក់​ក្នុង​ល្អី​ដើរ​ចូល​សំដៅ​ទៅ​កុដិ​លោក​គ្រូ​ធំៗ​វាយ​រគាំង​ម៉ឺងៗ ប្រជុំ​ភិក្ខុ​សាមណេរ​ធ្វើ​ភត្តានុមោទនា ។ នោ​វេលា​គ្រា​នោះ មាន​ភិក្ខុ​មួយ​រូប​ក្ដៅ​ចិត្ត​ណាស់ ស្ទុះ​ចេញ​ទៅ​ឈរ​ចាំ​មើល​ផ្លូវ ។ លុះ​យាយ និង​តា​បណ្ដើរ​គ្នា​ចេញ​ទៅ​ដល់​ព្រំ​វត្ត ភិក្ខុ​នោះ​ក៏​និយាយ​ថា "នែ​យាយ និង​តា​ក្រោយៗ​យក​ចង្ហាន់​របស់​យាយ និង​តា​ទៅ​វត្ត​ឯ​ណា​ទៀត​ទៅ​កុំ​នាំ​ចូល​វត្ត​នេះ​ទៀត សព្វ​បើ​បាយ​មួយ​ចាន ឲ្យ​គេ​លំបាក​អស់​មួយ​យប់" ។ ថា​ហើយ​ភិក្ខុ​នោះ​គេច​ចេញ​បាត់​ទៅ ។ រី​ឯ​យាយ និង​តា​លុះ​បាន​ឮ​សម្ដី​ភិក្ខុ​នោះ និយាយ​ដូច្នោះ​ហើយ ក៏​មាន​សេចក្ដី​វិតក្ក​ក្នុង​ចិត្ត​ពន់​ពេក នាំ​គ្នា​សង្វេគ​ក្នុង​ចិត្ត​ថា "ឳ​កម្ម​អើយ! កម្ម! ហេតុ​តែ​យើង​ក្រីក្រ​ធ្វើ​ទាន​មិន​ដិត​ដល់ បាន​ជា​នាំ​ឲ្យ​លោក​មិន​សប្បាយ​ចិត្ត" ។ តា​ថា "ចុះ​យាយ​គិត​យ៉ាង​ដូច​ម្ដេច​ទៀត?" យាយ​ថា "តា​កុំ​ព្រួញ​មិន​អ្វី​ទេ​សព្វ​ថ្ងៃ​ខ្ញុំ​ឃើញ​សុនខ​ខ្ចាត់​ភ្លាត់ មក​នៅ​ក្បែរ​ផ្ទះ​យើង​ច្រើន​ណាស់ ជាន់​នោះ​ប្រហែល​ជា​គេ​សម្គាល់​ថា សម្លាត់​សត្វ​យក​ទៅ​ធ្វើ​បុណ្យ​មិន​បាប ត្រឡប់​ទៅ​ជា​បុណ្យ​ច្រើន​ទៅ​វិញ​ទេ​ដឹង?" ។ តា​ថា "ឳ​មែន​ហើយ​យាយ! មក​យាយ​យក​ចន្ទាស់​ទ្វារ​មួយ​មក" ។ ថា​ហើយ តា​ដក​ដាវ​ចេញ​ពី​ស្រោម​បណ្ដើរ​យាយ​ចេញផុត​បិ​ផ្ទះ​ទៅ ក៏​ស្រាប់​តែ​ប្រទះ​សុនខ ៤-៥ នៅ​ហែៗ ក្បែរ​ព្រៃ ។ តា​ថា "យាយ​ស្ទាក់​ពី​មុខ" យាយ​​ស្ទុះ​ដេញ​វាយ​ត្រូវ​សុនខ​មួយ​ដម្បង តា​ស្ុះ​ទៅ​ត្រកង​នឹង​ដាវ​ដាច់​ក​សុនខ​មួយ​ទៅ ។ ស្ទាក់​ចុះ​ស្ទាក់​ឡើង​សម្លាប់​បាន​សុនខ ៤-៥ ក្បាល ។

យាយ​ថា "ល្មម​ហើយ​តា! ល្មម​ធ្វើ​ចង្ហាន់​លោក​បាន​ហើយ" ហើយ​យក​ខ្សែ​ចង​សែង​ជញ្ជូន​យក​ទៅ​ផ្ទះ យាយ​គាត់​ចាត់​ការ​បាន​ច្រើន​មុខ គាត់​ធ្វើ​ជា​សាច់​ច្រនួត​ដោត ជា​ចង្កាក់ៗ ឲ្យ​តា​អាំង​គាត់​ហាន់​ជា​ដុំៗ ដាក់​ថ្លាង​មួយ ហើយ​គាត់​ហាន់​តូចៗ ធ្វើ​ជា​សម្លរ​ម្ជូរ​គ្រឿង ។ ក្នុង​រាត្រី​នោះ លោក​គ្រូ​ធំ​ឈ្វេង​យល់​ទៀត ក៏​ប្រជុំ​ភិក្ខុ​សាមណេរ​មក​ប្រាប់​ថា "ព្រឹក​ស្អែក​មាន​ទាន​មក​ដល់​វត្ត​យើង​ទៀត​ហើយ ប៉ុន្តែ​ទាន​នោះ​ថា​ធំ​ក៏​បាន ថា​តូច​ក៏​បាន មិន​ចាំបាច់​រៀប​វត្ត​ទទួល​ទេ" ។ លុះ​ព្រឹក​ឡើង​ភ្លឺ​ច្បាស់​ឃើញ​យាយ​ទូល​ថ្លាង​មួយ តា​រែក​អម្រែក​មួយ​ចូល​ទៅ​ក្នុង​វត្ត ។ លោក​គ្រូ​ក៏​វាយ​រគាំង​ម៉ឺងៗ​បីបទ​ប្រជុំ​ភិក្ខុ សាមណេរ​ធ្វើ​ភត្តានុមោទនា រួច​ហើយ​លោក​គ្រូ​ហាម​ថា "ភិក្ខុ​ក្ដី សាមណេរ​ក្ដី​បើ​បាន ទទួល​ចង្ហាន់​មាន​ដុំ​សាច់ កុំ​អាល​ឆាន់​ត្រូវ​នាំ​យក​សម្ល​ដែល​មាន​ដុំ​សាច់​នោះ​មក​ប្រគល់​ឲ្យ​អាត្មា​កុំ​ខាន" ។ លុះ​ធ្វើ​ភត្តា​នុមោទនា​រួច​ហើយ យាយ និង​តា​ក៏​ដួស​សម្ល​ចែក​លោក​គ្រប់​កុដិ ។ ឯ​ភិក្ខុ​សាមណេរ​កាល​បាន​ទទួល​ម្ហូប​ស្រេច​ហើយ ពិចារណ​មើល​ពុំ​ឃើញ​មាន​ត្រី មាន​សុទ្ធ​តែ​សាច់​ក៏​នាំ​គ្នា​យក​ម្ហូប​នោះ​ទៅ​ប្រគេន​លោក​គ្រូ​ធំ​អស់​ទៅ នៅ​សល់​តែ​ភិក្ខុ​មួយ​រូប ពុំ​បាន​យក​សម្ល​ទៅ​ប្រគេន​លោក​គ្រូ​ធំ សម្ល​ទុក​ឆាន់​តែ​ម្នាក់​ឯង ។ ឯ​លោក​គ្រូ​ធំ​ស្មាន​ថា អស់​លោក​យក​មក​ជុំ​គ្នា​ហើយ ក៏​សូត្រ​គាថា​ផ្សំ​ធាតុ​កើត​ឡើង​ជា​សុនខ ។ ឯ​សុនខ​ដែល​កើត​ដោយ​អំណាច​គាថា​នោះ កើត​ឡើង​ជា​រូប​សុនខ​សុទ្ធសាធ​តែ​មាន​តែ​ជើង​បី ។ ទើប​លោក​គ្រូ​ធំ​ចាត់​លោក​គ្រូ​សូត្រ​ឲ្យ​ដើរ​រក​មើល​គ្រប់​កុដិ​ទៅ​ឃើញ​ភិក្ខុ​មួយ​រូប​នោះ មាន​សាច់​ច្រនួត មាន​ខ មាន​សម្ល​ម្ជូរ​គ្រឿង សុទ្ធ​តែ​សាច់ ក៏​បង្គាប់​ឲ្យ​ភិក្ខុ​នោះ​នាំ​យក​ទៅ​ប្រគេន​លោក​គ្រូ​ធំ ។

លុះ​លោក​គ្រូ​ធំ​បាន​ទទួល​ម្ហូប​ថ្មី​ទៀត ក៏​លោក​សែក​ផ្លុំ​ម្ដង​ទៀត ទើប​កើត​ជា​សុនខ​មាន​ជើង​បួន​គ្រប់​ទាំង​បួន​ដូច​ដើម​វិញ ។ តាំង​ពី​ថ្ងៃ​នោះ សត្វ​សុនខ​កើត​មាន​សេចក្ដី​កតញ្ញូ​ដល់​លោក​គ្រូ​ជាប់​ជានិច្ច​ក្នុង​ចិត្ត តែ​កាល​ណា​បន្ទោរ​បង់​បស្សវៈ ក៏​នឹង​រឮក​ដល់​គុណ​របស់​លោក​គ្រូ​ថា កុំ​តែ​បាន​លោក​គ្រូ​កុំ​អី​យើង​ខ្វះ​ជើង​មួយ គិត​ហើយ​ក៏​លើក​ជើង​ក្រោយ​ម្ខាង​ឡើង​គំនាប់​រំឭក​គុណ នៅ​ពេល​បន្ទោរ​បង់​បស្សាវៈ គឺ​លើក​ជើង​ដែល​លោក​គ្រូ​បង្កើត​ឲ្យ​លើក​ក្រោយ​បង្អស់​នៅ​ឯង ។

January 23, 2007

សុភាសិត

ខ្យល់បក់ ដីហុយ ។

អ្នក​ធ្វើ​ថា​ត្រូវ​ពិត តែ​ខុស​គំនិត​អ្នក​ចាំ​ថា ។

គ្មាន​អ្វី​ជា​អនត្តា ។

បើ​មាន់​មិន​រងាវ​ក៏​ព្រះ​អាទិត្យ​នៅ​តែ​រះ​ដែរ ។

ទឹក​ភ្នែក​ស្រី​ស្រក់ ទើប​ដឹង​ថា​ស្រី​យំ ។ 

Get free blog up and running in minutes with Blogsome
Theme designed by Jay of onefinejay.com